OnePlus ប្តូរថ្ងៃសម្ភោធទូរស័ព្ទរបស់ខ្លួន ព្រោះ Apple ទើបប្រកាសថាខ្លួនមានព្រឹត្តិការណ៍ក្នុងថ្ងៃនោះដែរ

2592

ក្រុមហ៊ុនផលិតទូរស័ព្ទ OnePlus ដំបូងប្រកាសថាខ្លួននឹងដាក់បង្ហាញទូរស័ព្ទម៉ូឌែលថ្មី OnePlus 6T នៅថ្ងៃទី 30 ខែតុលា ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមរិក ប៉ុន្តែក្រោយមកក្រុមហ៊ុន Apple ក៏បានប្រកាសថាខ្លួននឹងមានពិធីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួនក្នុងថ្ងៃទី 30 ខែតុលា ដូច OnePlus ដែរ បន្ទាប់មកក្រុមហ៊ុន OnePlus ក៏ប្រកាសផ្លាស់ប្តូរថ្ងៃសម្ភោធផលិតផលថ្មីរបស់ខ្លួនវិញ។

កម្មវិធីរបស់ OnePlus នោះនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី 29 ខែតុលា ពោលគឺមុន Apple មួយថ្ងៃ នៅក្នុងទីក្រុងញ៉ូយ៉កដដែល។ ស្ថាបនិក និងនាយកប្រតិបត្តិរបស់ OnePlus លោក Pete Lau បានប្រកាសពីការផ្លាស់ប្តូរថ្ងៃសម្ភោធផលិតផលថ្មីរបស់ខ្លួននៅលើបណ្តាញ Twitter។

នៅក្នុងខ្លឹមសារនោះ ស្ថាបនិករូបនេះបានពន្យល់ថា៖

“យើងដឹងពីទីផ្សារយ៉ាងច្បាស់ ហើយប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងរវល់ផ្សាយពីកម្មវិធីរបស់ពួកគេ (សំដៅលើ Apple)។ ដូច្នេះ យើងអាចស្រមៃបានថាតើយើងនឹងមានអារម្មណ៍បែបណានៅពេលដែលដឹងពីថ្ងៃប្រកាសដាក់បង្ហាញផលិតផលចុងក្រោយរបស់ពួកគេ។ យើងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ និងរំភើបញាប់ញ័ររបស់យើង តែក្រោយមកស្រាប់តែមានគេសួរយ៉ាងថា តើយើងនឹងធ្វើអ្វីទៀត?”

“យើងទើបតែប្រឡូកក្រោយគេ យើងមិនអាចបណ្តោយឲ្យផលិតផលដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់យើង ទទួលរងការប៉ះពាល់ដោយសារតែព្រឹត្តិការណ៍របស់ក្រុមហ៊ុនផ្សេងទៀតនោះទេ។ ដូច្នេះហើយ ទើបយើងសម្រេចចិត្តប្តូរថ្ងៃសម្ភោធទូរទ័ព្ទ OnePlus 6T នៅក្នុងទីក្រុងញូវយ៉ក ថ្ងៃទី 29 ខែតុលាវិញ។”

លោក Lau បាននិយាយថា សម្រាប់អ្នកដែលទិញសំបុត្រយន្តហោះដើម្បីមកចូលរួមពិធីរបស់ OnePlus ហើយ ក្រុមហ៊ុននឹងចេញសងវិញ ប្រសិនបើគាត់មិនអាចមកចូលរួមក្នុងថ្ងៃដែលទើបផ្លាស់ប្តូរ ហើយលោកស្វាគមន៍ចំពោះអ្នកដែលមករង់ចាំមុនមួយថ្ងៃ។ ហើយសម្រាប់អ្នកដែលរៀបគម្រោងមកចូលរួមពិធី និងដើរលេងផង លោក Lau និយាយថាក្រុមហ៊ុននឹងចេញថ្លៃសំបុត្រយន្តហោះ និងថ្លៃស្នាក់ឲ្យចំពោះការផ្លាស់ប្តូរថ្ងៃបើកពិធី។

វាហាក់ដូចជាស្ថានភាពមួយដ៏អាក្រក់សម្រាប់ OnePlus ប៉ុន្តែក្រុមហ៊ុននេះមានដំណោះស្រាយល្អជាមួយអ្នកគាំទ្ររបស់ខ្លួន តែក្រុមហ៊ុននឹងត្រូវចំណាយច្រើន។

ចំណែកនៅក្នុងពីធីរបស់ Apple នៅថ្ងៃទី 30 ខែតុលាវិញ យើងរំពឹងថាពួកគេនឹងបញ្ចេញ iPad និងកុំព្យូទ័រ Mac ថ្មី ដូច្នេះវាមិនមែនជាការដាក់បង្ហាញផលិតផលទូរស័ព្ទដូចជាក្រុមហ៊ុន OnePlus ទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍របស់ Apple នឹងទាក់ទាញភ្នែករបស់អ្នកសារព័ត៌មានជាងក្រុមហ៊ុន OnePlus ហើយវានឹងអាចលុបបាត់ព័ត៌មាននៃព្រឹត្តិការណ៍របស់ OnePlus ព្រោះថាព័ត៌មានរបស់ Apple មានឥទ្ធិពលលើសលុប៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។