រឿងខ្លះៗអំពីក្រុមហ៊ុន Huawei អ្នកផលិតស្មាតហ្វូនធំលំដាប់ទី 2 បន្ទាប់ពីក្រុមហ៊ុន Samsung

2899

សព្វថ្ងៃនេះការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាហាក់បីដូចជាមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ មិនខុសពីក្រុមហ៊ុនទូរស័ព្ទដ៏ទៃទៀតដែរ ក្រុមហ៊ុន HUAWEI គឺជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ពេញនិយម ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ។  Huawei Technologies Co. Ltd គឺជាក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុង Shenzhen ខេត្តក្វាងទុង ប្រទេសចិន។ លើសពីនេះទៅទៀត HUAWEI ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏លេចធ្លោមួយរបស់ពិភពលោកផងដែរ។ HUAWEI ត្រូវបានបង្កើតឡើងក្នុងទម្រុងជាក្រុមហ៊ុនឯកជនដោយលោក Ren Zhengfei ដែលជាអតីតមន្រ្តីយោធារបស់ប្រទេសចិនក្នុងឆ្នាំ ១៩៨៧។ ហើយគោលដៅរបស់ក្រុមហ៊ុន គឺផ្តល់ជូននូវការប្រឹក្សាយោបល់ និងសេវាកម្មនៃប្រតិបត្តិការដល់សហគ្រាសទាំងក្នុង និងក្រៅប្រទេស។ ក្រុមហ៊ុនក៏មានបុគ្គលិកប្រមាណជា ១៧០,០០០ នាក់ដែលកំពុងធ្វើការជាប្រចាំផងដែរ ហើយក្នុងនោះមាន ៤៦% គឺជាបុគ្គលិកស្ថិតក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផល។

ក្រុមហ៊ុន Huawei ក៏មានទីតាំងនៅក្នុងបណ្តាលប្រទេសមួយចំនួនរួមមាន​ ចក្រភពអង់គ្លេស ប៉ាគីស្ថាន កាណាដា តួកគី អៀរឡង់ ស៊ុយអ៊ែត និងរុស្ស៊ីជាដើម។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនបានរីកសាយភាយក្នុងប្រទេស ១៤០ នៅទូទាំងពិភពលោក។ មិនយូរប៉ុន្មាន ក្រុមហ៊ុន Huawei ក៏បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផ្ទាល់ខ្លួនហើយចាប់ផ្តើមធ្វើការស្រាវជ្រាវ និងអភិវឌ្ឍម៉ាស៊ីនអេឡិចត្រូនិក។ នៅក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុន Huawei ក៏បានឈានជើងចូលក្នុងប្រទេសឥណ្ឌាតាមរយ:ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍផលិតផលដំបូងក្នុងទីក្រុង Bangalore ។ មិនយូរប៉ុន្មានក្រុមហ៊ុននេះ ក៏បានចុះកិច្ចសន្យារយ:ពេល ៥ ឆ្នាំជាមួយនឹងក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនកុំព្យូទ័រលំដាប់ពិភពលោក។ ក្រុមហ៊ុន Huawei ក៏នៅតែបន្តពង្រីកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំងខ្លា ដោយក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់នូវប្រព័ន្ធ LTE/EPC ដំបូងសម្រាប់ក្រុមហ៊ុន Telia Sonera ដែលមានទីតាំងនៅឯប្រទេសន័រវែសក្នុងឆ្នាំ ២០០៩ ។  នៅឆ្នាំ ២០១៣  ក្រុមហ៊ុនបានបើកការិយាល័យថ្មីរបស់ខ្លួននៅក្នុងប្រទេសកាណាដា។ អស់រយ:ពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Huawei ក៏បានងាកមកផ្តោតលើការបង្កើតបច្ចេកវិទ្យាទូរស័ព្ទចល័ត ដោយបានធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។

លើសពីនេះទៅទៀតក្រុមហ៊ុន Huawei ក៏បានវិវដ្តខ្លួនពីក្រុមហ៊ុនឯកជន ទៅជាក្រុមហ៊ុនសមូហភាព។​ នៅក្នុងឆ្នាំ ២០១០ ប្រមាណជា ៨០% នៃក្រុមហ៊ុនទូរគមនាគមន៍ល្បីៗចំនួន ៥០ បានចាប់ផ្តើមធ្វើការសហការជាមួយក្រុមហ៊ុន Huawei ដែលក្នុងនោះដៃគូសហការសំខាន់ៗមួយចំនួនរួមមាន Motorola, Vodafone, Talk Talk, T-mobile, Clear wire, Bell Canada ជាដើម។ ក្រុមហ៊ុន Huawei ដំបូងបង្អស់ដែលបានចុះកិច្ចសន្យាអាជីវកម្មជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍របស់ចក្រភពអង់គ្លេសក្នុងគម្រោងបង្កើតនូវប្រព័ន្ធ ២G ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី 2 នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung ចំណែក Apple បានធ្លាក់នៅលេខ៣ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ Apple រកប្រាក់ចំណេញបានច្រើនជាងគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។