ឆ្លងកាត់ការអានអំពីរឿងរ៉ាវជីវិត និងវិធីរកស៉ីរបស់អ្នកជំនួញល្បីៗ និងរកស៉ីដោយភាពត្រឹមត្រូវ ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលខ្ញុំបានដឹង។ វាអាចជារឿងសាមញ្ញសម្រាប់អ្នកដែលស្ថិតក្នុងនាមជាអ្នកជំនួញថ្នាក់កណ្តាលរហូតថ្នាក់ខ្ពស់ ព្រោះថាពួកគេបានដឹងរឿងទាំងនេះខ្លះៗដោយសារតែជួបជាក់ស្តែង ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ជួបប្រទះ ប្រហែលជាមិនទាន់យល់អំពីអាថ៌កំបាំងទាំងនេះទេ។
១. ពួកគេចាប់ផ្តើមរកលុយ
ដំបូងពួកគេចាប់ផ្តើមដូចជាអ្នកទូទៅឯទៀតដែរ គឺចាប់ផ្តើមរកលុយជាដើមទុនដើម្បីរកស៊ី។ មានវិធីជាច្រើនដែលពួកគេរកដើមទុនដំបូងដោយខ្លះធ្វើការសន្សំប្រាក់ខែ ខ្លះបង្កើតអ្វីមួយហើយលក់យកលុយដូចជាក្រុមសេដ្ឋី និងសហស្ថាបនិក Paypal ខ្លះទៀតប្រមូលទុនវិនិយោគពីខាងក្រៅ លើកលែងតែលោក Warren Buffett ដែលចាប់ផ្តើមដោយរៀនវិនិយោគតាំងពីអាយុ ១១ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ជំហានទីមួយនេះ គឺជាជំហានដ៏ពិបាក ទម្រាំពួកគេមានថ្ងៃនេះ។ ភាពជូរចត់ ភាពបរាជ័យ ការទទួលបានពាក្យបដិសេធនៅពេលទៅសុំការជួយពីអ្នកដទៃ ការសើចចំអក ការបំបាក់ទឹកចិត្ត… ប៉ុន្តែនៅចុងក្រោយលទ្ធផលជាអ្នកបង្ហាញពីភាពពិតប្រាកដ។
២. ពួកគេយកលុយដែលរកបាន មកវិនិយោគដើម្បីបង្កើតលុយបន្ថែម
ត្រង់នេះគឺខុសគ្នាដាច់ស្រលះពីអ្នកធ្វើការឲ្យគេ និងអ្នកមានជីវភាពទាប និងមធ្យម។ ខុសគ្នាត្រង់ថាអ្នកទាំងនោះ ខំប្រឹងរកលុយដើម្បីទិញរបស់ទំនើបៗ រកលុយមកដើម្បីទុកឬសន្សំ ខណៈមហាសេដ្ឋីទាំងនោះយកលុយដែលរកបានទៅបង្កើតលុយបន្ថែមទៀត។ ពួកគេយកលុយទៅបង្កើតលុយតាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរកប្រាក់ចំណេញបានច្រើន និងរឹងមាំដូចជាក្រុមហ៊ុន Facebook, Apple, Berkshire Hathaway, Alibaba ជាដើម។ ក្រៅពីនេះពួកគេយកលុយទៅវិនិយោគទិញអចលនទ្រព្យសម្រាប់ជួល និងយកលុយទៅបង្កើតអាជីវកម្មផ្សេងៗដើម្បីបង្កើតប្រភពចំណូលឲ្យកាន់តែធំ។
ភាពខុសគ្នាត្រង់ថា បើអ្នកយកលុយដែលរកបានមកទុកសន្សំ ដោយមិនយកទៅរកស៉ីអ្វីទៀតនោះ ហិរញ្ញវត្ថុរបស់អ្នកមានសុវត្តិភាព ប៉ុន្តែវាមិនអាចកើនឡើងច្រើននោះទេ។ ឧទាហរណ៍ថា បើអ្នកដកប្រាក់ខែដើម្បីសន្សំទុកជារៀងរាល់ខែថេរ $300 នោះក្នុងមួយឆ្នាំអ្នកសល់បាន $3,600 ហើយដប់ឆ្នាំក្រោយអ្នកនឹងមានលុយ $36,000។ ផ្ទុយទៅវិញ បើអ្នកយកលុយ $3,600 ក្នុងមួយឆ្នាំទៅវិនិយោគទិញទ្រព្យ ឬរកស៉ីអ្វីមួយអ្វីមួយ នោះដប់ឆ្នាំក្រោយអ្នកអាចមានលុយច្រើនជាង $36,000 ប៉ុន្តែវាក៏អាចឲ្យអ្នកខាតដែរ ដរាបណាអ្នកវិនិយោគដោយគ្មានមូលដ្ឋានច្បាស់លាស់។
៣. ពួកគេវិនិយោគឡើងវិញ
ចំណូលដែលពួកគេរកបានពីការវិនិយោគ ពួកគេយកវាទៅវិនិយោគឡើងវិញជាបន្តបន្ទាប់។ បើពួកគេផ្តោតលើការបង្កើតអាជីវកម្ម នោះពួកគេបង្កើតក្រុមហ៊ុនថ្មីៗ ឬសាខាក្រុមហ៊ុនជាបន្តបន្ទាប់ដើម្បីបង្កើតថង់លុយឲ្យបានកាន់តែធំ។
ពួកគេហត់នឿយតាំងពីជំហ៊ានទីមួយ ប៉ុន្តែការហត់នឿយទាំងនោះ ចាប់ផ្តើមកាត់បន្ថយបន្តិចម្តងៗរហូតដល់ជំហានទី ៣ ហើយចុងបញ្ចប់ជីវិតរបស់ពួកគេសោយសុខលើទ្រព្យសម្បត្តិដែលហូរមកពីប្រភពចំណូលទាំងអស់របស់ពួកគេ ទោះបីជាពួកគេមិនធ្វើការក៏ដោយ។ នៅជិតចុងបញ្ចប់ជីវិតរបស់ពួកគេ ពួកគេមិនខ្វល់អ្វីឡើយ គឺពួកគេចំណាយពេលរស់នៅជាមួយគ្រួសាររបស់ពួកគេ និងជួយមនុស្សដទៃតាមសកម្មភាពសប្បុរសធម៌៕
