លោក Jack Ma គ្រោងបើកវិទ្យាស្ថានសម្រាប់សហគ្រិនបច្ចេកវិទ្យា នៅប្រទេសឥណ្ឌូនេស៉ី

2822

ឥណ្ឌូនេស៉ី(រ៉យទ័រ)៖ លោក Jack Ma ប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba Group Holding របស់ចិនបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកគ្រោងនឹងបើកវិទ្យាស្ថានមួយដើម្បីបណ្តុះបណ្តាលសហគ្រិនបច្ចេកវិទ្យារាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយលោកបានត្រៀមខ្លួនរួចហើយដើម្បីធ្វើជាជាទីប្រឹក្សារបស់រដ្ឋាភិបាលលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។

លោកម៉ា មិនបាននិយាយថាតើនៅពេលណាដែលវិទ្យាស្ថាននោះនឹងបើកដំណើរការនោះទេ ប៉ុន្តែបានឱ្យដឹងថាគោលបំណង គឺដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំបច្ចេកវិទ្យាឲ្យបាន1 ពាន់នាក់ក្នុងមួយឆ្នាំ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។

លោកម៉ាបានប្រាប់ពួកអ្នកយកព័ត៌មានក្រោយពីបានជួបជាមួយរដ្ឋមន្ត្រីឥណ្ឌូនេស៊ីនៅខាងក្រៅកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោកដែលត្រូវបានរៀបចំឡើងដោយឥណ្ឌូណេស៊ីថា  “យើងផ្តល់ឱកាសជាច្រើនដល់ប្រជាជនឥណ្ឌូនេស៊ី រៀនសូត្រ” ។

សហស្ថាបនិកនៃក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតរបស់ប្រទេសចិនបាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌូនេស៊ីក្នុងការវិនិយោគលើធនធានមនុស្សព្រោះថា “នៅពេលមនុស្សកែលម្អនៅពេលដែលគំនិតរបស់មនុស្សផ្លាស់ប្តូរ នៅពេលដែលជំនាញរបស់មនុស្សប្រសើរឡើងនោះ យើងអាចចូលទៅក្នុងសម័យឌីជីថលបានហើយ” ។

ប្រទេសឥណ្ឌូនេស៊ីខ្វះវិស្វករបណ្តុះបណ្តាលក្នុងវិស័យបច្ចេកវិទ្យា ហើយវិទ្យាស្ថានក៏នឹងបណ្តុះបណ្តាលអ្នកអភិវឌ្ឍ និងវិស្វកររាប់រយនាក់លើការប្រើប្រាស់កុំព្យូទ័រលើអ៊ីនធឺណិត ដើម្បីជួយធ្វើឱ្យអាជីវកម្មឥណ្ឌូនេស៊ីកាន់តែមានលក្ខណៈទំនើបកម្មលើវិស័យឌីជីថល។

ប្រទេសឥណ្ឌូនេស៉ី គឺជាទីផ្សារសំខាន់សម្រាប់ក្រុមហ៊ុន Alibaba ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Cloud Computing Alibaba Cloud បានបើកមជ្ឈមណ្ឌលទិន្នន័យមួយនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែមីនា ដើមឆ្នាំ 2018។

លោកម៉ាបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងបន្តវិនិយោគមិនត្រឹមតែលើពាណិជ្ជកម្មអេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យ Cloud Computing ការដឹកជញ្ចូន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ក៏ដូចជាជួយដល់អាជីវកម្មក្នុងស្រុកទៀតផង។

លោក Rudiantara រដ្ឋមន្រ្តីទំនាក់ទំនងឥណ្ឌូណេស៊ី បានប្រាប់កាសែតរ៉យទ័រកាលពីខែកញ្ញាថា ប្រទេសឥណ្ឌូនេស៊ីបានចាប់ដៃគូជាមួយលោក ជែក ម៉ា ដើម្បីពិនិត្យមើលមធ្យោបាយប្រើប្រាស់អាជីវកម្មរបស់ក្រុមហ៊ុន Alibaba ដើម្បីបង្កើនការនាំចេញរបស់ខ្លួន ជាពិសេសទៅកាន់ប្រទេសចិន។

McKinsey បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី 30 ខែសីហាថា តម្លៃនៃទីផ្សារអេឡិចត្រូនិចឥណ្ឌូណេស៊ីនឹងកើនឡើងយ៉ាងហោចណាស់ដល់ 55 ពាន់លានដុល្លារអាមេរិក នៅឆ្នាំ 2022 ខណៈវាមានទំហំពាណិជ្ជកម្មប្រមាណ 8 ពាន់លានដុល្លារកាលពីឆ្នាំ 2017 ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Ma បានប្រាប់ពីការពិភាក្សាមួយនៅឯកិច្ចប្រជុំ IMF និងធនាគារពិភពលោកថា “អ៊ិនធឺណិតត្រូវបានរចនាឡើងសម្រាប់ប្រទេសកំពុងអភិវឌ្ឍ” ជាមួយនឹង “ឱកាសដ៏អស្ចារ្យនៅក្នុងទ្វីបអាហ្វ្រិក” ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។