វិធីសាស្ត្រ ក្នុងការបង្កើតក្រុមដែលធ្វើការបានប្រសិទ្ធភាពខ្ពស់

4022

ការដែលមានក្រុមដ៏ល្អ និងរ៉ឹងមាំសម្រាប់ជួយជម្រុញកិច្ចការងាររបស់អ្នក វាប្រៀបបានជាថាមពលមួយដ៏អស្ចារ្យសម្រាប់រុញអ្នកអោយឆ្ពោះទៅរកភាពជោគជ័យបានយ៉ាងឆាប់រហ័ស មិនថាក្នុងការសិក្សា ឬការងារទេ ការធ្វើការងារជាក្រុមតែងទទួលបានសលទ្ធផលល្អ និងរហ័សជាងការធ្វើតែម្នាក់ឯង។ ជាពិសេសគឺក្នុងអាជីវកម្ម បើអ្នកចង់ធ្វើឲ្យវាធំ អ្នកមិនអាចធ្វើវាដោយម្នាក់ឯងបាននោះទេ ទោះបីជាអ្នកជាមនុស្សដែលមានសមត្ថភាព ឬពូកែយ៉ាងណាក៏ដោយ។ ខាងក្រោមនេះ Apamat​ និងធ្វើការចែករំលែកនូវតិចនិចមួយចំនួនដែលអាចជួយអ្នកអោយបង្កើតបានក្រុមការងារយ៉ាងមានប្រសិទ្ធភាព៖

. សមត្ថភាព

សមត្ថភាពត្រង់ចំណុចនេះ គឺសំដៅទៅលើសមត្ថភាពរបស់សមាជិកក្រុម។ ក្រុមមួយអាចជោគជ័យបានអាស្រ័យទៅលើអ្នកគ្រប់គ្រង និងសមាជិកម្នាក់ៗរបស់ក្រុម បើសិនជាក្រុមមួយសំបូរទៅដោយធនធានមនុស្សដែលពោរពេញដោយ ចំណេះដឹង បទពិសោធន៏ និងទេពកោសល្យហើយ នោះក្រុមមួយនេះត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំង។ ដូចនេះហើយដើម្បីប្រាកដថាក្រុមរបស់អ្នកនឹងទទួលបានភាពជោគជ័យ ឬមួយអាចឈានទៅដល់គោលដៅបាន ចំណុចដែលសំខាន់ទីមួយមុនពេលសម្រេចចិត្តបង្កើតក្រុមគឺអ្នកត្រូវមើលទៅលើសមត្ថភាពរបស់សមាជិកក្នុងក្រុមអ្នកជាមុនសិន ថាតើពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ដែលអាចមានទំនួលខុសត្រូវលើកិច្ចការងារដែលនឹងត្រូវធ្វើដែរ រឺទេ។

. បុគ្គលិកលក្ខណៈនៃសមាជិកក្រុម

យើងទទួលស្គាល់ថាបុគ្គលិកលក្ខណៈនៃយើងម្នាក់ៗគឺមានមិនដូចគ្នាទេ ប៉ុន្តែយើងក៏ត្រូវដឹងថាវាជាអត្តសញ្ញាណមួយយ៉ាងសំខាន់ដែលសបញ្ជាក់អោយឃើញថាយើង គឺជាមនុស្សបែបណា។ការធ្វើការងារជាក្រុមក៏ដូចច្នេះដែរ ប្រសិនបើសមាជិកក្នុងក្រុមយើងជាមនុស្សខ្លាំងពូកែ និងមានសមត្ថភាពគ្រប់គ្រាន់ហើយក៏ដោយ តែបើសិនជាពួកគេមានតែចំណេះដឹងតែជាមនុស្សដែលមានបុគ្គលិកលក្ខណៈមិនល្អឆ្មើងឆ្មៃ ឬមួយក្រអើតក្រទម មិនចេះចុះសម្រុង ឬលំទោនចំពោះអ្នកដ៏ទៃនោះ វាគឺជាសញ្ញាគ្រោះថ្នាក់មួយក្នុងការធ្វើការជាក្រុម។ មូលហេតុគឺថា បើសិនជាក្រុមរបស់អ្នកមានមនុស្សម្នាក់ ឬច្រើនដែលមានគំនិតមួយគិតថាខ្លួនឯងត្រូវរហូត ហើយតែងបដិសេធរាល់គំនិតរបស់អ្នកដទៃនោះវាជារឿងមួយដែលអាចប៉ះពាល់ដល់ដំណើរការនៃក្រុមរបស់អ្នកយ៉ាងខ្លាំង

. ការបែងចែកតួនាទី

បន្ទាប់ពីរើសបានសមាជិកក្រុមដែលមានសមត្ថភាពរួចហើយ អ្វីដែលសំខាន់នោះគឺយើងត្រូវចេះបែងចែកតួនាទី និងមុខងារអោយគ្នាទៅតាមផ្នែកនិមួយៗស្របតាមជំនាញរបស់សមាជិកក្រុម។ ការបែងចែកតួនាទី គឺជារឿងមួយដែលសំខាន់ព្រោះ ប្រសិនណាជាយើងធ្វើវាមិនបានល្អទេនោះ វានឹងជះឥទ្ធិពលមិនល្អដល់សមិទ្ធផលនៃក្រុមទាំងមូល។ ជាក់ស្តែងដើម្បីប្រាកដថាយើងបានបែងចែកត្រូវចំពោះចំណុចនេះ គឺយើងត្រូវមើលទៅលើកត្តាពីរយ៉ាង។ ទីមួយគឺទាក់ទងនឹងសមត្ថភាពគួបផ្សំនឹងបុគ្គលិកលក្ខណៈនៃសមាជិកក្រុមម្នាក់ៗ ថាតើពួកគេមានជំនាញ ឬមួយទេពកោសល្យលើផ្នែកអ្វី។ មួយវិញទៀតយើងត្រូវគោរពតាមការសម្រេចចិត្តរបស់សមាជិកក្រុមរបស់យើង ដោយត្រូវទុកសិទ្ធិអោយពួកគាត់ជ្រើសរើសនូវផ្នែកណាមួយដែលគាត់ចង់ធ្វើដោយខ្លួនឯង ព្រោះថាការធ្វើការងារជាក្រុមរឿងដែលសំខាន់នោះគឺត្រូវចេះគោរពនូវការសម្រេចចិត្តរបស់សមាជិកក្រុម មិនត្រូវធ្វើអ្វីមួយតាមចិត្តឯងនោះទេ។

. ទំហំក្រុម

ទំហំក្រុមក្នុងចំណុចនេះ គឺសំដៅទៅលើចំនួននៃសមាជិកក្រុមដែលយើងគួរជ្រើសរើសនៅពេលចង់បានក្រុមដ៏ល្អមួយ។ ជាទូទៅ នៅពេលដែលយើងធ្វើការងារជាក្រុម ភាគច្រើនយើងតែងគិតថាកាលដែលបានគ្នាច្រើនកាលណាគឺល្អកាលហ្នឹង ព្រោះយើងនឹងមានធនធានគ្រប់គ្រាន់សម្រាប់ជួយគ្នាដើម្បីអោយឆាប់ទទួលបាននូវលទ្ធផល។ យ៉ាងណាម៉ិញក្នុងការបំពេញកិច្ចការងារជាក្រុមការដែលតម្រូវអោយមានសមាជិកច្រើន វាមិនសុទ្ធតែជាជម្រើសដែលល្អនោះទេ ហើយការដែលមានគ្នាតិចពេកក៏មិនសូវជាល្អដែរ ដូចដែលពាក្យស្លោកខ្មែរយើងដែលពោលថាគ្នាតិចអន្សំឆៅ ហើយគ្នាច្រើនវិញនោះគឺអន្សំខ្លោច ក្នុងចំណុចនេះផងដែរ ដើម្បីទទួលបានទំហំក្រុមដែលត្រឹមត្រូវ អ្នកជំនាញបានផ្តល់គំនិតថាក្នុងក្រុមមួយដែលជោគជ័យជាទូទៅគប្បីគួរមានសមាជិកចន្លោះពី ៥នាក់ ទៅ៩នាក់ ក្នុងមួយក្រុម ប៉ុន្តែទោះជាយ៉ាងណាក្តីវាក៏អាស្រ័យលើទំហំការងារ ប្រភេទការងារ និងស្ថានភាពជាក់ស្តែងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!