ក្រុមហ៊ុន Target 🎯 មានមហិច្ឆតាចង់លេបត្របាក់យកអតិថិជនពី Amazon ក្នុងរដូវកាលឈប់សម្រាកខាងមុខ

2720

ក្រុមហ៊ុនលក់ទំនិញធំលំដាប់ទីពីររបស់សហរដ្ឋអាមេរិកគ្រោងនឹងទន្ទ្រាមយកនូវអតិថិជនរបស់ក្រុមហ៊ុន Amazon នារដូវកាលឈប់សម្រាកនាពេលខាងមុខ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Target  បានប្រកាសថាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ក្រុមហ៊ុននឹងចាត់វិធានការយ៉ាងក្តៅគគុកមួយដោយក្រុមហ៊ុនបានធ្វើការលុបចោលការបញ្ជាទិញអប្បបរមាសម្រាប់ទំនិញភាគច្រើនដែលបានលក់តាមអ៊ីនធឺណិត។​ លើសពីនេះទៅទៀតយុទ្ធសាស្ត្រ Free two-day shipping នឹងត្រូវបានផ្តល់ជូនដល់អតិថិជនដែលជាសមាជិកក្តី ឬ អ្នកទិញរាយក្តី នឹងមិនមានការគិតថ្លៃដឹកជញ្ជូននោះទេរាល់ការទិញទំនិញក្នុងហាង Target។ ហើយយុទ្ធសាស្ត្រនេះនឹងបន្តរហូតដល់ថ្ងៃទី ២២ ខែធ្នូដែលជារដូវកាលឈប់សម្រាករបស់ប្រជាជនអាមេរិក គួរបញ្ជាក់ផងដែរថាយុទ្ធសាស្ត្រលក់នេះគឺធ្លាប់ប្រើប្រាស់ចំពោះតែអ្នកដែលប្រើប្រាស់កាតឥណទាន (REDcard) របស់ហាង Target តែប៉ុណ្ណោះ តែដោយសារតែមហិច្ឆតាចង់ទាក់ចិត្តអតិថិជន ក្រុមហ៊ុនក៏បានប្រើប្រាស់ជាសាធារណ:តែម្តង។ នាយកប្រតិបត្តិក្រុមហ៊ុន Target លោក Brian Cornell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងចង់ធ្វើឱ្យរដូវឈប់សម្រាកដ៏មមាញឹកកាន់តែងាយស្រួលសម្រាប់ភ្ញៀវរបស់យើង ដូច្នេះពួកគេអាចចំណាយពេលច្រើនជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេ” ។

នៅខែមីនា ក្រុមហ៊ុន Target ក៏ធ្លាប់ធ្វើយុទ្ធសាស្ត្រ Free two-day shipping ចំពោះអតិថិជនណាដែលទិញទំនិញលើសពី ៣៥$ នឹងត្រូវបានផ្តល់ជូននូវការដឹកជញ្ជូនដោយឥតគិតថ្លៃ។ នៅក្នុងរដូវកាលឈប់សម្រាកនេះ គឺជាឪកាសសម្រាប់អ្នកលក់អនឡាញទូទាំងប្រទេសធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុន Amazon ។ លើសពីនេះទៅទៀតក្រុមហ៊ុន Amazon បានផ្តល់ជូននូវកញ្ចប់សេវាកម្មសម្រាប់អតិថិជនដែលមិនមែនជាសមាជិក តែទិញច្រើនជាង $ 25 នឹងទទួលបានការដឹកជញ្ជូនឲ្យឥតគិតថ្លៃដូចគ្នា។ ចំពោះអតិថិជនដែលបានទិញកញ្ជប់សេវាកម្ម Amazon Prime’s គិតជាឆ្នាំ ១១៩$ក្នុងមួយឆ្នាំ ឬ ១២.៩៩$ក្នុងមួយខែនឹងទទួលបានការដឹកជញ្ជូនឥតកំណត់។ នេះបើធៀបទៅនឹង ក្រុមហ៊ុន Walmart ដែលតម្រូវឲ្យអតិថិជនទិញទំនិញចាប់ពី ៣៥$ឡើងទៅ ទើបទទួបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។

បើយោងតាមសេចក្តីរាយការណ៍របស់ ក្រុមហ៊ុន Forrester Research បានឲ្យដឹងថា កំណើននៃការលក់ភាគច្រើនតាមរយ:ការលក់អនឡាញ ដែលពួកគេបានព្យាករណ៍ថា អាចមានកំណើនដល់ទៅ ១៤% ចំពោះការលក់តាមអនឡាញ ដែលធាតុពិតកំណើននៃការលក់តាមហាងនីមួយៗមានត្រឹមតែ ១.៧%​ តែប៉ុណ្ណោះ។ ក្រុមអ្នកវិភាគក៏បានប៉ាន់ប្រមាណថាក្រុមហ៊ុន Amazon បានកាន់កាប់ចំណែកទីផ្សារលក់រាយតាមអនឡាយស្ទើរជិតពាក់កណ្តាល ហើយក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Amazon អាចនឹងចាប់យកចំណែកទីផ្សារបានច្រើនជាងឆ្នាំមុន។ ក្រុមហ៊ុន Forrester Research បានប៉ាន់ស្មានថា ការលក់នៅថ្ងៃឈប់សម្រាកតាមអនឡាញនឹងមានចំនួនច្រើនជាង 32% នៃការលក់អនឡាញតាមធម្មតានៅក្នុងឆ្នាំនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។