ការវិនិយោគទាំង 2 ប្រភេទ ដែលអ្នកអាចទាញប្រាក់ចំណេញពីអាជីវកម្មខ្នាតតូច

4672

ការវិនិយោគក្នុងអាជីវកម្មខ្នាតតូច គឺជាវិធីមួយដែលពេញនិយមជាងគេសម្រាប់អ្នកវិនិយោគឯករាជ្យ និងអ្នកវិនិយោគលក្ខណៈគ្រួសារ ចាប់ផ្តើមជីវិតជាអ្នកវិនិយោគរបស់ពួកគេ។ វាហាក់ជារឿងថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យដែលកំពុងតែសប្បាយនឹងការចាយលុយ ជាងការយកលុយទៅវិនិយោគ ហើយដោយសារតែបែបនេះហើយទើប apamat.com បានព្យាយាមចែករំលែកចំណេះដឹងអំពីការវិនិយោគដល់ប្រជាជនកម្ពុជាទូទៅ។

សព្វថ្ងៃនេះការវិនិយោគក្នុងអាជីវកម្មខ្នាតតូច ភាគច្រើនស្ថិតក្នុងទម្រង់ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬក៏ក្រុមហ៊ុនសហកម្មសិទ្ធ ដែលកំពុងតែពេញនិយមជាងគេ។

មិនថាអ្នកសម្រេចចិត្តវិនិយោគក្នុងអាជីវកម្មទើបបង្កើតថ្មី ឬអាជីវកម្មដែលកំពុងបើករកស៊ីស្រាប់ក៏ដោយ មានតែវិធីពីរប៉ុណ្ណោះក្នុងការវិនិយោគក្នុងអាជីវកម្មខ្នាតតូចទាំងនោះ គឺវិនិយោគជាដើមទុន និងវិនិយោគជាបំណុល។

ការវិនិយោគជាដើមទុន ក្នុងអាជីវកម្មខ្នាតតូច

នៅពេលដែលនិយាយពីចំណុចនេះ មានន័យថាអ្នកធ្វើការទិញចំណែកភាគហ៊ុននៅក្នុងអាជីវកម្មខ្នាតតូចណាមួយ។ អ្នកវិនិយោគប្រភេទនេះ មានលុយ និងបោះដើមទៅក្នុងអាជីវកម្មខ្នាតតូចទាំងរៀបបង្កើត និងអាជីវកម្មដំណើរការស្រាប់ដែលគេជឿថាវានឹងបង្កើនការរកប្រាក់ចំណេញបានច្រើនក្នុងរយៈពេលដែលគេស្មានទុកណាមួយ។ អាជីវកម្មដែលទទួលបានការវិនិយោគនោះ អាចយកលុយដែលត្រូវបានគេវិនិយោគទៅចំណាយលើអ្វីផ្សេងៗដូចជា ប្រតិបត្តិការប្រចាំថ្ងៃ សងបំណុល ជួលបុគ្គលិកបន្ថែម និងដើម្បីបង្កើនលំហូរសាច់ប្រាក់ជាដើម។

ឧទាហរណ៍ថា អ្នកវិនិយោគម្នាក់វិនិយោគលុយសុទ្ធក្នុងអាជីវកម្មថ្មីមួយចំនួន $100,000 ហើយស្របពេលគ្នាដែរ អ្នកវិនិយោគផ្សេងទៀតវិនិយោគលុយចំនួន $900,000 បែបនេះទុនសរុបមាន 1លានដុល្លារ។ មានន័យថាអ្នកកាន់កាប់ 10% នៃទុនសរុប ហើយនៅពេលក្រុមហ៊ុនចំណេញ អ្នកក៏ចំណេញ 10% ហើយពេលខាត ក៏ខាត 10%។

ក្នុងករណីខ្លះ ជាពិសេសនៅពេលវិនិយោគក្នុងអាជីវកម្មដែលដំណើរការស្រាប់ គឺជារឿងមួយផ្សេងទៀត។ នៅក្នុងអាជីវកម្មទាំងនោះ ស្ថាបនិករបស់ពួកគេមានទម្រង់គ្រប់គ្រង និងវិនិយោគខុសៗគ្នា ដូចជាមានម្ចាស់ភាគហ៊ុនពិសេស មានអំណាចច្រើនក្នុងអាជីវកម្ម។ ដូច្នេះហើយមុននឹងវិនិយោគ អ្នកត្រូវពិនិត្យមើលកុងត្រាឲ្យបានច្បាស់។

ការវិនិយោគក្នុងអាជីវកម្មខ្នាតតូច ជាពិសេសក្នុងអាជីវកម្មទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា វាអាចជាការវិនិយោគចំណេញបានច្រើន ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ដែរ។ បើការចំណាយមានច្រើនជាងចំណូលពីការលក់ មានន័យថាអ្នកនឹងចូលរួមខាតហើយ។ មួយត្រីមាសក្រោយ ឬក៏មួយឆ្នាំក្រោយ អាជីវកម្មនោះអាចនៅតែខាត ឬក៏អាចក្ស័យធនទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអាជីវកម្មនោះដំណើរការល្អ អ្នកក៏នឹងទទួលបានចំណេញច្រើនផងដែរ ហើយជាធម្មតាអ្នកវិនិយោគក្នុងអាជីវកម្មបង្កើតថ្មី ពួកគេរំពឹងថានឹងទទួលបានប្រាក់ចំណេញចាប់ពី 15% ទៅ 25% ក្នុងមួយឆ្នាំ នៃការវិនិយោគរបស់ពួកគេ។

ការវិនិយោគជាបំណុល នៅក្នុងអាជីវកម្មខ្នាតតូច

នៅពេលដែលអ្នកវិនិយោគជាបំណុលនៅក្នុងអាជីវកម្មខ្នាតតូច មានន័យថាអ្នកផ្តល់ប្រាក់កម្ចីឲ្យម្ចាស់អាជីវកម្មខ្នាតតូច ដើម្បីទទួលបានការប្រាក់ជាប្រចាំ ឬជាការរំលស់ជាមួយការប្រាក់។ នៅពេលអ្នកហ៊ានផ្តល់ប្រាក់កម្ចីដល់នរណាម្នាក់ ច្បាស់ណាស់អ្នកត្រូវការទ្រព្យបញ្ចាំ ដែលចំណុចនេះខុសពីការវិនិយោគក្នុងភាគហ៊ុន ព្រោះបើអាជីវកម្មនោះដួល អ្នកនៅមានទ្រព្យបញ្ចាំសម្រាប់ទូរទាត់បំណុល តែបើភាគហ៊ុនឲ្យតែអាជីវកម្មខាត គឺអ្នកចូលរួមខាតជាមួយគេដែរហើយ។

តើមួយណាល្អជាង?

បើនិយាយពីក្នុងជីវិតជាក់ស្តែង គឺពុំមានចម្លើយថាគួរវិនិយោគក្នុងប្រភេទណាមួយនៃការវិនិយោគទាំងពីរនោះទេ។ មូលហេតុដែលខ្ញុំនិយាយបបនេះ គឺដោយសារតែស្ថានភាពជាក់ស្តែងនៃអាជីវកម្មដែលអ្នកចង់វិនិយោគ និងសមត្ថភាពវិនិយោគរបស់អ្នក។ វាអាស្រ័យលើថាតើអ្នកមានចក្ខុវិស័យបែបណាចំពោះការវិនិយោគរបស់អ្នក ថាវានឹងជោគជ័យកម្រិតណានៅពេលអនាគត ហើយបើអ្នកវិនិយោគទៅ វាកើតតាមអ្វីដែលអ្នកស្មានទុក នោះអ្នកនឹងចំណេញបានច្រើន ប៉ុន្តែបើស្មានខុសអ្នកក៏នឹងខាតដូចគ្នា។

ទោះជាយ៉ាងនេះក្តី បើអ្នកមិនមានភាគក្លាហានហ៊ានប្រថុយវិនិយោគទិញភាគហ៊ុនក្នុងអាជីវកម្មណាមួយទេ អ្នកគួរវិនិយោគជាបំណុលវិញព្រោះថាវាមានហានិភ័យទាបជាង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...