ក្រុមហ៊ុនអ៊ីនធឺណែត Baidu របស់ប្រទេសចិន បានបង្ហាញឧបករណ៍អេឡិចត្រូនិចដ៏ទំនើបថ្មីមួយ កាលពីថ្ងៃពុធដែលវាអាចបកប្រែភាសាអង់គ្លេសទៅជាភាសាចិន និងអាឡឺម៉ង់ក្នុងពេលភ្លាមៗបាន ហើយវានឹងប្រកួតប្រជែងជា Google Translate ។
រហូតមកដល់ពេលនេះ សេវាបកប្រែជាច្រើននៅលើបណ្ដាញអ៉ីធើណិតអនុញ្ញាតឱ្យអ្នកប្រើនិយាយ ឬសរសេរប្រយោគទាំងនោះ យើងត្រូវមានការរង់ចាំក្នុងរយៈខ្លី ដើម្បីអោយវាដំណើរការបកប្រែ។ ផ្ទុយទៅវិញឧបករណ៍បកប្រែរបស់ Baidu លើកនេះ ដែលគេហៅថាការបកប្រែទាំងប្រយោគ និងពាក្យ ត្រូវបានបកប្រែស្ទើរតែភ្លាមៗ ហើយវាហាក់ដូចជាមានអ្នកបកប្រែដ៏ជំនាញម្នាក់នៅជិតយើងអញ្ជឹងដែរ។
ផលិតផលនេះ គឺជារបកគំឃើញថ្មីមួយសម្រាប់ក្រុមហ៊ុន Baidu ដែលបានវិនិយោគយ៉ាងច្រើនក្នុងបច្ចេកវិទ្យា AI អស់រយៈពេលពីរបីឆ្នាំកន្លងមកហើយ ដោយសង្ឃឹមថានឹងអាចបង្កើតបានផលិតផលផ្សេងទៀតក្នុងការដំណើរការភាសាធម្មជាតិ ដែលគេហៅថាសមត្ថភាពក្នុងការយល់ដឹងពីការនិយាយរបស់មនុស្ស។ វាត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាគន្លឹះមួយដែលអាចត្រូវបានដាក់បញ្ចូលគ្នានៅលើផលិតផលមួយចំនួនជាពិសេស កម្មវិធីជំនួយ សម្លេង ហើយនិងបច្ចេកវិទ្យាផ្នែកសម្លេង ត្រូវបានគេមើលឃើញថាជាសមរភូមិដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាដូចជា Amazon, Apple និង Alphabet របស់ Google ។
សំរាប់ពេលនេះឧបករណ៍បកប្រែ Baidu អាចបកប្រែភាសាអង់គ្លេសទៅជាភាសាចិន និង អង់គ្លេស និងអាល្លឺម៉ង់ បកមកចិន។ លោកបណ្ឌិតលាងហួង (Liang Huang) អ្នកវិទ្យាសាស្រ្តដ៏ឆ្នើមម្នាក់នៅក្រុមហ៊ុន Baidu បានប្រាប់ទូរទស្សន៍ CNBC តាមទូរស័ព្ទកាលពីថ្ងៃពុធថា ក្រុមហ៊ុន Baidu បានបណ្តុះបណ្តាលអ្នកជំនាញខាងបច្ចេកវិទ្យា AI របស់ខ្លួន និងបន្ថែមអក្សរទាំងអង់គ្លេស និងចិនចំនួនពីរលានតួបន្ថែមទៀត។
ទាំងនេះវាបានអនុញ្ញាតឱ្យអ្នកបកប្រែលើកម្មវិធីរបស់ Baidu ធ្វើការបកប្រែក្នុងពេលវេលាពិតប្រាកដទាំងពីរភាសាដែលមានរចនាសម្ព័ន្ធប្រយោគខុសគ្នាខ្លាំង។ Baidu បានប្រើឧបករណ៍នេះជាឧទាហរណ៏ នៅក្នុងកម្មវិធី ប្លុក (Blog) របស់ខ្លួនកាលពីថ្ងៃពុធថា “ប្រធានាធិបតីប៊ូសបានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ីពូទីននៅក្នុងទីក្រុងម៉ូស្គូ។ នៅក្នុងភាសាចិនកិរិយាស័ព្ទ “ជួប” គឺនៅចុងបញ្ចប់នៃប្រយោគ ប៉ុន្តែនៅពេលដែលបានបកប្រែទៅជាភាសាអង់គ្លេស វាក្លាយជាពាក្យទីបីនៅក្នុងការបកប្រែទៅវិញ ដូចដែលមាននៅក្នុងភាសានោះផងដែរ។ បច្ចុប្បន្ននេះ វាដំណើរការល្អលើភាសាចិនទៅជាភាសាអង់គ្លេស ប៉ុន្តែលោកហួងបាននិយាយថាវាជា “ភាសាអព្យាក្រឹត្យ” ហើយនៅទីបំផុត អាចបកប្រែភាសាដទៃទៀតផងដែរ។
ផលិតផលបកប្រែថ្មី Baidu គឺជាម៉ាស៊ីនរុករកដ៏ធំបំផុតរបស់ចិន ហើយសម្រាប់ហេតុផលនោះត្រូវបានគេប្រៀបធៀបទៅនិង Google Translate។ ផលិតផលចុងក្រោយបំផុតរបស់ Baidu ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Google បានបញ្ចេញ Pixel Buds ដែលជាកាសឥតខ្សែរ ដោយខ្លួនអះអាងថាវាអាចធ្វើការបកប្រែផ្ទាល់តែម្តង។ លោកហួងបាននិយាយថាក្រុមហ៊ុន Baidu កំពុងតែស្វែងរកការបញ្ចូលបច្ចេកវិទ្យាបកប្រែ AI បន្ថែមទៅក្នុងកម្មវិធីបកប្រែរបស់ខ្លួន ដែលជាផលិតផលដែលបានបង្ហាញកាលពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Baidu បានទទួលស្គាល់ពីដែនកំណត់នៃឧបករណ៍បកប្រែរបស់ខ្លួន ហើយបាននិយាយថាវាទំនងជាមិនអាចប្រៀបខ្លួនជំនួសអ្នកបកប្រែភាសារជាមនុស្សទេ ឬមិនអាចយកទៅបកប្រែជាក់ស្តែងនៅក្នុងព្រឹត្ដិការណ៍នយោបាយធំៗនោះឡើយ៕
