លោក Trump មានទូរស័ព្ទដែលមានការការពារសុវត្តិភាពខ្ពស់ តែបច្ចាមិត្របរទេសនៅតែអាចលួចស្តាប់បាន

2640

ប្រធានាធិបតីអាមេរិក លោក Donald Trump មានទូរស័ព្ទ iPhone ចំនួនបីគ្រឿងដែលក្នុងនោះពីរគឺមាន “សុវត្ថិភាព” ហើយទូរស័ព្ទទីបីរបស់គាត់ គឺជាទូរស័ព្ទផ្ទាល់ខ្លួនធម្មតា។ ប៉ុន្តែនៅពេលដែលគាត់ហៅទូរស័ព្ទទៅពួកមេទ័ពរបស់គាត់ ការសន្ទនាត្រូវបានគេលួចស្តាប់។

បើយោងតាមរបាយការណ៍ថ្មីមួយផ្សាយដោយ The New York Times មានគេផ្តោតការយកចិត្តទុកដាក់លើឧបករណ៍ជាច្រើនរបស់លោកប្រធានាធិបតី និងរបៀបដែលគាត់ប្រើប្រាស់ពួកវា។

លោក Trump ស្ទាក់ស្ទើរក្នុងការបោះបង់ចោលនូវទូរស័ព្ទចល័ត Android-powered របស់ក្រុមហ៊ុន Samsung Galaxy ចាស់របស់គាត់ នៅពេលគាត់ឡើងកាន់តំណែងនៅឆ្នាំ 2016 និងត្រូវបានគេផ្លាស់ប្តូរឲ្យមកប្រើទូរស័ព្ទរបស់ក្រុមហ៊ុន Apple វិញ។ ទូរស័ព្ទ iPhone ត្រូវបានគេមើលឃើញថាមានសុវត្ថិភាពច្រើនជាងពពួក Android ។ ទោះបីជាទូរស័ព្ទមួយគ្រឿងរបស់គាត់ ជាទូរស័ព្ទធម្មតាដែលគាត់អាចប្រើដើម្បីរក្សាទុកបញ្ជីទំនាក់ទំនងរបស់គាត់ក៏ដោយ ក៏ទូរស័ព្ទ iPhone ចំនួនពីរផ្សេងទៀត ប្រើសម្រាប់ពាណិជ្ជកម្មផ្លូវការរបស់រដ្ឋ និងត្រូវបានតាមដាន និងការពារដោយភ្នាក់ងារសន្តិសុខជាតិ ដើម្បីការពារពីការលួចស្តាប់។

ការលួចស្តាប់ទូរស័ព្ទរបស់មេដឹកនាំរដ្ឋាភិបាលនានា គឺជារឿងធម្មតាទៅហើយ ខណៈចិន រុស្សី និងអាមេរិក ហាក់ដូចជាល្បីជាងគេក្នុងរឿងនេះ។

នៅពេលដែលលោកប្រធានាធិបតី អូបាម៉ា នៅកាន់តំណែង លោកបានប្រៀបប្រដូចទូរស័ព្ទ iPhone ដែលបានកំណត់ឲ្យប្រើដោយរដ្ឋាភិបាលរបស់លោក ក្នុងអំឡុងពេលអាណត្តិទី 2 ថា “ទូរស័ព្ទសម្រាប់ក្មេងអាយុ 3 ឆ្នាំ។” ទូរស័ព្ទ iPhone នោះអាចមើល និងប្រើអ៊ីម៉ែល ប៉ុន្តែមិនអាចធ្វើការហៅទូរស័ព្ទចេញបានទេ។ ហើយមិនមានកាមេរ៉ា ឬមីក្រូហ្វូនដែលអាចឲ្យបច្ចាមិត្របរទេស អាចប្រើដើម្បីប្រមូលព័ត៌មានអំពីកិច្ចការដែលប្រធានាធិបតីកំពុងធ្វើការនោះទេ។ កាលណោះ គាត់មិនត្រូវបានគេអនុញ្ញាតិឱ្យសរសេរជាអត្ថបទទេ ហើយវាមិនមែនជាហេតុផលបច្ចេកទេសឡើយ ប៉ុន្តែត្រូវគោរពតាមច្បាប់ស្តីពីកំណត់ត្រាប្រធានាធិបតីដែលទាមទារឱ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ រក្សាទុកទំនាក់ទំនងជាផ្លូវការរបស់ពួកគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។