Facebook កំពុងតែបង្កើត App ថ្មីមួយដែលពុំទាន់បញ្ជាក់ពីឈ្មោះរបស់វានៅឡើយ ដើម្បីបំបាក់កម្មវិធី TikTok របស់ចិនដែលកំពុងតែទាញយកចំណាប់អារម្មណ៍យុវវ័យពេញពិភពលោក។ តាមការរាយការណ៍របស់សារព័ត៌មានអាមេរិកបានឲ្យដឹងថា កម្មវិធីទូរស័ព្ទរបស់ Facebook នោះនឹងអាចឲ្យអ្នកប្រើប្រាស់ អាចថតសំលេង និងថតវីឌីអូកាត់តជាមួយសំលេងនៅក្នុងរឿង និងបទចំរៀងល្បីៗ និងចែករំលែកវីឌីអូរបស់ពួកគេ ស្រដៀងគ្នាទៅនឹងកម្មវិធី TikTok ដែរ។
កម្មវីធី TikTok ត្រូវបានគេបង្កើតឡើងដោយផ្តោតតែលើទីផ្សារប្រកួតប្រជែងវីឌីអូតន្ត្រីបែបកំប្លែងដើម្បីទាក់យកក្រុមអ្នកប្រើប្រាស់វ័យក្មេងៗ ហើយកម្មវិធីនេះត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ក្នុងតម្លៃជិត 1ពាន់លានដុល្លារ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ថាកម្មវិធី TikTok កំពុងតែអង្រួនចិត្តយុវវ័យខ្មែរ ជាពិសេសយុវនារី ខណៈមួយរយៈចុងក្រោយនេះកម្មវិធី Facebook បានព្យាយាមបង្កើតមុខងារវីឌីអូថ្មីជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងទប់ស្កាត់ការរីកចម្រើនរបស់ TikTok។
គម្រោងផលិតកម្មវីធីថ្មីរបស់ Facebook នោះ ដឹកនាំដោយសមាជិកក្រុមវីឌីអូ ដែលកំពុងតែគ្រប់គ្រងមុខងារ Watch ហើយក្រុមការងារនោះស្ថិតនៅក្រោមការគ្រប់គ្រងដោយអ្នកផលិតកម្មវិធីលោក Brady Voss។
កាលពីមុនលោក Voss ធ្វើការផ្នែកកម្មវិធី Facebook TV បន្ទាប់ពីឈប់ធ្វើការឲ្យកម្មវិធី Hello ក្នុងអំឡុងឆ្នាំ 2016 ដើម្បីចូលរួមធ្វើការជាមួយលោក Mark Zuckerberg។ បុគ្គលិករបស់ Facebook បានសរសើរថាលោក Voss ពូកែផ្នែកផលិតកម្មវិធីវីឌីអូកំប្លែង និងរូបភាពមានចលនានៅលើកាមេរ៉ាវីឌីអូដែលអ្នកបានឃើញលើ Facebook ស្រាប់។
កម្មវិធី TikTok បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយឥឡូវនេះវាមានចំណាត់ថ្នាក់ទី 5 មានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេនៅលើទូរស័ព្ទ iPhone។ នេះបើតាមទិន្នន័យស្រាវជ្រាវរបស់ App Annie។
ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ដូចជា Facebook Inc ដែលកំពុងតែកាន់កាប់ Instagram និង WhatsApp, ក្រុមហ៊ុន Snapchat, ក្រុមហ៊ុន Youtube ប្រងើយកន្តើយចំពោះការផលិតកម្មវិធីវីឌីអូតម្រូវចិត្តយុវវ័យ ក្រុមហ៊ុនរបស់ចិនបានមើលឃើញឱកាសនេះហើយបានព្យាយាមកាន់កាប់ទីផ្សារយ៉ាងងាយស្រួល៕
