ក្រុមហ៊ុន Apple ជ្រើសយកប្រទេសថៃដើម្បីបើកហាងផ្លូវការទីពីររបស់ខ្លួន នៅអាស៉ីអាគ្នេយ៍

3286
Apple Store នៅផ្សារទំនើប Iconsiam ដែលកំពុងស្ថិតក្រោមការសាងសង់ ប៉ុន្តែវានឹងរួចរាល់នៅខែក្រោយ

ក្រុមហ៊ុន Apple បន្តបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សរបស់អាស៊ីអាគ្នេយ៍ គឺប្រទេសថៃ ធ្វើជាទីតាំងសម្រាប់ Apple Store ទី 2 នៅក្នុងតំបន់។

ការបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនអេបផល បានបង្ហាញថាខ្លួននឹងបើកហាងលក់រាយនៅផ្សារទំនើប Iconsiam ដែលនឹងក្លាយជាផ្សារធំបំផុតនៅបាងកកនៅពេលវាបើកនៅខែក្រោយនេះ។ Apple Store នឹងបើកទ្វាររបស់ខ្លួននៅថ្ងៃទី 10 ខែវិច្ឆិកា ហើយអ្នកតំណាងក្រុមហ៊ុន Apple បានបញ្ជាក់ទៅ TechCrunch ថាព័ត៌មានលម្អិតនៅលើគេហទំព័រពិតជាត្រឹមត្រូវពិតប្រាកដមែន។

Apple Store ទីមួយនៅអាស៉ីអាគ្នេយ៍គឺនៅប្រទេសសិង្ហបុរី ដែលបានបើកកាលពីឆ្នាំមុន និងបានបង្ហាញវត្តមានហាងលក់ផលិតផល Apple ផ្លូវការដំបូងរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្ស 650 លាននាក់មានអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលចំនួននេះគឺមានច្រើនជាងចំនួនប្រជាជនអាមេរិកទៅទៀត។

ក្រុមហ៊ុន Apple មិនបានទម្លាយតួលេខនៃការលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ទេ ខណៈតំបន់នេះ គឺជាផ្នែកមួយនៃចំណែកទីផ្សាររបស់តំបន់អាស៊ីប៉ាស៊ីហ្វិកដែលមិនរាប់បញ្ចូលប្រទេសជប៉ុន និងចិន និងមានចំនួនប្រហែល 6 ភាគរយនៃប្រាក់ចំណូលសរុបជាសកលរបស់ក្រុមហ៊ុន Apple ។

បើតាមព័ត៌មានដែល TechCrunch ទទួលពីប្រភពនានានៅក្នុងឧស្សាហកម្មអចលនទ្រព្យ ក្រុមហ៊ុន Apple កំពុងពិចារណាអំពីការជ្រើសយករដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៉ី និងវៀតណាមជាទីផ្សារសម្រាប់បើក Apple Store បន្ទាប់ពីប្រទេសថៃ។ ក្រុមហ៊ុននេះមានបំណងបើកហាងនៅថៃឱ្យបានឆាប់រហ័ស ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនក្រុមហ៊ុននេះបានព្យាយាមរកទីតាំងដែលវាសមស្របសម្រាប់ហាងរបស់ខ្លួន ប៉ុន្តែទើបតែរកឃើញទីតាំងនៅផ្សារទំនើប Iconsiam ដែលជិតសាងសង់រួចរាល់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។