គន្លឹះដើម្បីបើកភោជនីយដ្ឋានអោយជោគជ័យ

4327

មនុស្សជាច្រើនចូលចិត្តចម្អិនម្ហូបដោយខ្លួនឯង ហើយថែមទាំងស្រម៉ៃចង់បើកហាងដោយខ្លួនឯងទៀតផងប៉ុន្ដែមិនទាន់ដឹងច្បាស់ថាត្រូវធ្វើអ្វីខ្លះ។ ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលយើងអាចយកមកអនុវត្តក្នុងហាងរបស់យើងដើម្បីជោគជ័យ តែត្រូវចាំថាភោជនីយដ្ឋានមួយដែលទទួលបានការពេញនិយមពីសំណាក់អតិថិជនមិនមែនផ្អែកតែលើចំនុចទាំងប្រាំនេះទេ តែវាជាចំនុចសំខាន់ៗដែលយើងមិនអាចមើលរំលងបាន។ 

១. រសជាតិនិងទីតាំង៖ គ្មានភោជនីយដ្ឋានណាដែលអាចជោគជ័យបានដោយគ្មានចុងភៅដែលមានថ្វីដៃពូកែឡើយ ហើយចុងភៅនោះអាចជាអ្នកឬបើយើងខ្លួនឯងមិនសូវពូកែខាងធ្វើម្ហូបទេគួរតែស្វែងរកចុងភៅជំនាញណាម្នាក់មកជួយយើង។ ចំណែកឯទីតាំងវិញក៏សំខាន់ដែរព្រោះបើយើងមានកន្លែងក្នុងទីក្រុងគឺកាន់តែល្អ តែមិនមែនមានន័យថាទីតាំងនៅរាងឆ្ងាយមិនល្អទេអោយតែកន្លែងនោះងាយស្រួលរក មានទីតាំងធំទូលាយក៏អាចប្រណាំងប្រជែងនឹងហាងក្នុងក្រុងដែរ។

២. ដឹងពីការពេញនិយមក្នុងទីផ្សារ៖ យើងត្រូវចេះកែច្នែមុខម្ហូបថ្មីៗបន្ថែមហើយជម្រុះចោលនូវមុខម្ហូបចាស់ៗដែលមិនសូវមានការពេញនិយម។ ន័យនេះចង់និយាយថាយើងត្រូវដឹងថាក្នុងទីផ្សារសព្វថ្ងៃអតិថិជនចូលចិត្តរសជាតិបែបណាហើយយកវាមកកែច្នៃមកធ្វើជាមុខម្ហូបរបស់យើង។ សូម្បីតែហាងធំៗជុំវិញពិភពលោកក៏ចេះសម្របសម្រួលទៅតាមរសជាតិរបស់ប្រទសនីមួយៗដែរដើម្បីទាក់ទាញ ប្រជាជននៅទីនោះ។ 

៣. សម្ភារៈប្រើប្រាស់ល្អ៖ ល្អក្នុងចំនុចនេះមិនមែនទាល់តែលំដាប់ហាងផ្កាយប្រាំទេ តែយើងគួរចំណាយខ្លះទៅលើសម្ភារៈដែលភ្ញៀវប្រើប្រាស់ដូចជាសមស្លាបព្រា ចង្កឹះ ចាន ទឹកម្ទេស ទឹកស៊ីអ៊ីវ គ្រឿងទេស…ដោយរបស់អស់ទាំងនេះត្រូវមានគុណភាពល្អ ម៉ាកច្បាស់លាស់មិនមែនយកគ្រឿងទេសមិនដឹងម៉ាកអោយភ្ញៀវបរិភោគទេ។ ឧទាហរណ៍យើងលក់គុយទាវដែលមានរសជាតិអាចទទួលយកបាន មានទីតាំងល្អប៉ុន្ដែគ្រឿងទេសនៅលើតុភ្ញៀវដូចជាទឹកម្ទេសស៊ីអ៊ីវសុទ្ធតែដបជ័រគ្មានម៉ាក គ្មានកាលបរិច្ឆេទច្បាស់លាស់ ដែលធ្វើភ្ញៀវមួយចំនួនអាចនឹងគិតថាយើងមិនសូវយកចិត្តទុកដាក់សុខភាពពួកគាត់។ យើងគិតទៅវាជាចំនុចតូចតាចមួយប៉ុណ្ណោះ តែចំនុចទាំងនោះបើយើងមិនយកចិត្តទុកដាក់នឹងវាអាចធ្វើអោយយើងបាត់បង់អតិថិជនក៏ថាបាន។ 

៤. មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់៖ នេះជាហេតុផលមួយដែលធ្វើអោយភោជនីយដ្ឋានហ្វ្រេនឆាយជោគជ័យព្រោះដោយសារតែគេមានក្បួនខ្នាតក្នុងការដំណើរការអាជីវកម្មច្បាស់លាស់។ បើយើងបើកហាងតែមួយគឺវាមិនសូវសំខាន់ទេ តែពេលយើងរាងជោគជ័យបន្ដិចប្រាកដជាចង់បើកសាខាបន្ថែម ដូចនេះវាសំខាន់ណាស់ដែលគ្រប់សាខាមានប្រព័ន្ធគ្រប់គ្រង ការបម្រើភ្ញៀវ និងរសជាតិដូចគ្នាទាំងអស់។ 

៥. អនាម័យល្អ៖ ទោះជាម្ហូបឆ្ងាញ់យ៉ាងណាក៏ដោយបើអនាម័យមិនល្អ ភ្ញៀវប្រាកដជាចូលម្ដងហើយមិនចូលទៀតទេ។ អនាម័យគឺសំដៅដល់ការចម្អិនម្ហូប បរិយាកាសក្នុងហាង ហើយជាពិសេសនោះគឺអនាម័យក្នុងបន្ទប់ទឹក។ យើងសង្កេតឃើញថាប្រទេសកម្ពុជាយើងចាញ់ប្រទេសជិតខាងត្រង់ចំនុចអនាម័យនេះបន្ដិច ហើយប្រសិនបើម្ចាស់ភោជនីយដ្ឋានគ្រប់រូបអាចពង្រឹងចំនុចនេះបាន វានឹងធ្វើអោយមានផលវិជ្ជមានដល់ហាងរបស់ខ្លួនក៏ដូចជាប្រទេសយើងផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។