តើអ្វីជាអ្នកជម្រុញចិត្តអ្នកឲ្យជោគជ័យក្នុងអាជីវកម្ម?

3142

ក្នុងនាមជាសហគ្រិនម្នាក់ ការគ្រប់គ្រងអាជីវកម្មមានលាយឡំជាមួយនឹងអារម្មណ៍ប្លែកៗជាច្រើនខុសពីធ្វើការងារផ្សេងទៀត។ អារម្មណ៍ថាមានសម្ពាធ អារម្មណ៍ហត់ចិត្ត អារម្មណ៍រំភើប និងអារម្មណ៍អត់ធ្មត់ សុទ្ធតែត្រូវប្រឈមមុខ ដូច្នេះការដែលមិនបានត្រៀមចិត្តមានអារម្មណ៍ទាំងនេះ បានធ្វើឲ្យសហគ្រិនថ្មីៗជាច្រើនបោះបង់ពាក់កណ្តាលទី។ អ្នកចាប់ផ្តើមដោយគំនិតអាជីវកម្មដ៏អស្ចារ្យ ហើយអនុវត្តន៍វាម្តងមួយជំហានៗ ប៉ុន្តែអ្វីៗមិនមែនសុទ្ធតែត្រូវតាមអ្វីដែលអ្នកគ្រោងទុកនោះទេ ជាពិសេសនៅពេលជួបឧបសគ្គធំម្តងៗតាមជំហាននិមួយៗ ហើយអ្នកត្រូវដឹងថាតើមានអ្វីដែលជម្រុញចិត្តអ្នកមិនឲ្យបោះបង់ មុនពេលចាប់ផ្តើមរកស៉ី។

យល់ដឹងពីហានិភ័យដែលមិនដឹងពីកម្លាំងជម្រុញចិត្តរបស់អ្នក

វាពិបាកក្នុងការផ្តោតអារម្មណ៍លើអាជីវកម្ម នៅពេលដែលមានការប្រកួតប្រជែងប្រៀបបានដូចជាសមរភូមិបង្ហូរឈាម ហើយការសម្រេចចិត្តរបស់អ្នកនឹងខុស ប្រសិនបើអ្នកមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វី និងចង់បានអ្វី។ 

អ្នកត្រូវដឹងថាតើអ្វីដែលធ្វើឲ្យអ្នកខំតស៊ូដើម្បីវា អាចជាក្តីស្រមៃជាដើម។ ការដឹងថាអ្វីដែលជាកាតាលិករជម្រុញចិត្តរបស់អ្នកមិនឲ្យបោះបង់នៅពេលពើបប្រទះស្ថានភាពពិបាក វាអាចជួយអ្នកមិនឲ្យបោះបង់ដោយងាយៗ ជាពិសេសសម្រាប់អ្នកទើបប្រឡូកក្នុងពិភពជំនួញដំបូង។

កំណត់ថាអ្វីខ្លះជាកាតាលិករជម្រុញចិត្តរបស់អ្នក

ដើម្បីដឹងថាអ្វីដែលអាចបំផុសស្មារតីរបស់អ្នកនៅពេលបើកអាជីវកម្ម អ្នកត្រូវដឹងថាហេតុអ្វីបានជាអ្នកធ្វើការងារដែលអ្នកកំពុងធ្វើ តើអ្វីដែលអ្នកសង្ឃឹមថានឹងសម្រេចបាន តើអ្វីជាហានិភ័យ ហើយអ្វីដែលអ្នករំពឹងថាទទួលបានមកវិញ។ ចម្លើយទាំងនេះនឹងនៅតាមជម្រុញ និងលើកទឹកចិត្តអ្នកឲ្យខិតខំជំនះភាពលំបាក និងភាពភ័យខ្លាចនៅពេលចាប់ផ្តើមចេញរកស៉ីដំបូង។

សម្រាប់អ្នកខ្លះ វាមិនមែនជាការងាយស្រួលនោះទេក្នុងការកំណត់ថាអ្វីដែលអាចជម្រុញចិត្តរបស់ពួកគេ ហើយអ្នកខ្លះទៀតចេញរកស៉ីទាំងមិនដឹងថាខ្លួនចង់បានអ្វី ហើយចូលចិត្តវាមែនឬអត់។ ខាងក្រោមនេះគឺជាគន្លឹះដែលអាចបង្ហាញផ្លូវអ្នកបាន៖

-លុយ ៖ តើអ្នកចង់ក្លាយជាសេដ្ឋីវាល់លាន ទិញរបស់ទំនើបៗប្រើ ឬគ្រាន់តែចង់បានជីវិតធម្មតា?

-សង្គម ៖ តើអ្នកបើកអាជីវកម្មនោះដើម្បីបេសកកម្មជួយសង្គមដូចជាបង្កើតការងារ ឬក៏ជួយឲ្យមនុស្សដទៃរស់នៅដោយភាពប្រសើរ? 

-គ្រួសារ ៖ តើអ្នកចេញរកស៉ីក្នុងគោលបំណងបន្សល់ទុកកេរិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ឲ្យកូនចៅពីមួយជំនាន់ទៅមួយជំនាន់របស់អ្នកមែនទេ? តើអ្នកបើកអាជីវកម្មដើម្បីជួយលើកកំពស់ជីវភាពគ្រួសាររបស់អ្នកមែនទេ?

-ការរំពឹងទុក ៖ តើអ្នកធ្លាប់គិតថាពេលបើកអាជីវកម្ម ហើយវាបរាជ័យដែរឬទេ? តើអ្នកនឹងធ្វើអ្វីបើវាកើតឡើងមែន?

-ពិសោធ ៖ តើអ្នកបើកវាដើម្បីបង្កើតកេរិ៍ឈ្មោះ ឬក៏ដើម្បីលត់ដំខ្លួនឯងឲ្យមានជំនាញ?

-ការចង់ចេះចង់ដឹង ៖ តើអ្នកជាមនុស្សដែលចូលចិត្តប្រកួតប្រជែងដើម្បីភាពរីកចម្រើនឬទេ? 

-ចំណង់ចំណូលចិត្ត ៖ តើអ្នកស្រលាញ់អ្វីដែលអ្នកកំពុងតែព្យាយាមសម្រេចវាមកនោះទេ?

ការប្រើប្រាស់វា

នៅពេលអ្នកដឹងថាអ្វីជាការជម្រុញចិត្តរបស់អ្នកហើយ មានន័យថាអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមអាជីវកម្ម។ អ្នករ៉ឹងមាំខុសពីអ្នកដទៃ អ្នកមានគ្រឹះ អ្នកមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្ត ហើយអ្នកតែងតែសំឡឹងមើលគោលដៅជោគជ័យរាល់ពេលដែលអ្នកភ្ញាក់ពីគេង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។