ប្រវត្តិរបស់ក្រុមហ៊ុនSony 

3669

Sony គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ពិភពលោកដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទីពីរក្នុងឆ្នាំ១៩៤៦នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ ដំបូងឡើយក្រុមហ៊ុនអេឡិចត្រូនិចនេះមិនមែនឈ្មោះ Sony ទេតែមានឈ្មោះថា Tokyo Telecommunications Engineering Corp ដែលបង្កើតឡើងដោយលោក Masaru Ibuka និង លោក Akio Morita ដោយពួកគាត់ទាំងពីរចាប់ផ្ដើមក្រុមហ៊ុននេះឡើងមានប្រាក់ប្រហែល១៥០០ដុល្លាប៉ុណ្ណោះ។ ក្រោយមកនៅពាក់កណ្ដាលទសវត្ស១៩៥០ដោយសារតែក្រុមហ៊ុនចង់ប្រឡូកចូលក្នុងទីផ្សារពិភពលោកក៏បានកែឈ្មោះទៅជា Sony វិញដោយឈ្មោះនេះបូកបញ្ចូលរវាងពាក្យ Sonus និង Sonny។ 

ក្រុមហ៊ុន Sony ត្រូវគេស្គាល់ថាជាអ្នកនាំយកបច្ចេកវិទ្យាថ្មីៗមកកាន់ទីផ្សារដោយនៅឆ្នាំ១៩៥៥បានផលិតវិទ្យុត្រង់ស៊ីស្ទ័រ TR-55 ហើយប៉ុន្មានឆ្នាំក្រោយមកក៏បានផលិតវិទ្យុត្រង់ស៊ីស្ទ័រដែលអាចដាក់តាមហោប៉ៅបានទៀតផង។ នៅឆ្នាំ១៩៦០ Sony ផលិតទូរទស្សន៍ឈ្មោះថា TV8-301 ហើយនៅឆ្នាំ ១៩៨៩ ផលិតកាមេរ៉ាថតវីដេអូ Handycam។ ឆ្នាំ២០០៣បានផលិតម៉ាស៊ី Blu-ray ដំបូងគេ និងឆ្នាំ២០០៥បានបញ្ចេញ Handycam ជំនាន់ថ្មីដែលត្រូវគេអោយឈ្មោះថាកាមេរ៉ាវីដេអូតូចជាងគេនៅលើពិភពលោក។ Sony បច្ចុប្បន្នក៏ផលិតកាមេរ៉ាប្រភេទ Mirrorless ផងដែរដោយកាមេរ៉ាប្រភេទថ្មីនេះទទួលបានការពេញនិយមយ៉ាងខ្លាំងព្រោះគុណភាពរបស់វាមិនចាញ់កាមេរ៉ាធំៗទេ តែទំហំនិងទម្ងន់វីញគឺតូចនិងស្រាលជាង រីឯសេនស័រកាមេរ៉ារបស់ Sony ក៏ត្រូវបានក្រុមហ៊ុនជាច្រើនទិញយកទៅប្រើប្រាស់ក្នុងទូរស័ព្ទ ឬកាមេរ៉ារបស់ខ្លួន។

ឧបករណ៍ចាក់ចម្រៀងដោយប្រើកាស្សែត Walkman គឺជាផលិតផលដែលធ្វើអោយ Sony មានឈ្មោះល្បីខ្លាំងព្រោះវាបានផ្លាស់ប្ដូរការស្ដាប់ចម្រៀងរបស់មនុស្សជុំវិញពិភពលោក។ លក្ខណៈពិសេសរបស់វានោះគឺយើងអាចស្ដាប់ចម្រៀងមិនថានៅទីណាក៏បាន ដែលពីមុនមកយើងអាចស្ដាប់បានតែនៅក្នុងផ្ទះឬក្នុងឡានប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨៤ Sony ក៏បានបញ្ចេញឧបករណ៍ចាក់ចម្រៀងដោយប្រើឌីសឈ្មោះថា Discman ដែលជាឧបករណ៍ចាក់ឌីសដំបូងគេបំផុតដែលអាចយកតាមខ្លួនបាន។ មិនត្រឹមតែផលិតឧបករណ៍អេឡិចត្រូនិចទេ Sony ក៏ប្រឡូកខ្លួនក្នុងវិស័យផលិតចម្រៀងនិងផលិតភាពយន្ដផងដែរ។

បើនិយាយពីឧបករណ៍លេងហ្គេមវិញ Sony ក៏ល្បីឈ្មោះខ្លាំងដែរដោយខ្លួនបានផលិតម៉ាស៊ីនហ្គេម Playstation 1 នៅឆ្នាំ១៩៩៣។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានផលិតម៉ាស៊ីនហ្គេមចំនួន៤ជំនាន់មកហើយ ដោយ Playstation 4 ត្រូវបានដាក់លក់នៅក្នុងឆ្នាំ២០១៣។ សរុបមកម៉ាស៊ីនហ្គេមទាំងបួនជំនាន់លក់បានប្រហែល៤០០លានគ្រឿងមកហើយ។ បច្ចុប្បន្ននេះ Sony គឺជាក្រុមហ៊ុនធំបំផុតទី៦៣នៅលើពិភពលោក និងមានទ្រព្យសម្បត្តិចំនួន ៥៩.៩ពាន់លានដុល្លាអាមេរិចបើផ្អែកតាមវេបសាយរបស់ Forbes៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។