យើងគ្រប់គ្នាបានស្គាល់ហើយ លោក Bill Gates ជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ដែលត្រូវបានគេចាត់ទុកថាលោកជានិម្មិតរូបនៃការបំផុសគំនិតសម្រាប់សហគ្រិន ដែលមានសេចក្តីប្រាថ្នាចង់ធ្វើអោយបានដូចគាត់។ មួយវិញទៀតគាត់ជាអ្នកចំនួញមួយរូបខាងបច្ចេកវិទ្យាដ៏កំពូលនាពេលបច្ចុប្បន្ននេះ។
ប៉ុន្តែនាពេលថ្មីៗលោក Jack Ma មេក្រុមហ៊ុន Alibaba ពិតជាមានភាពមិនពេញចិត្តចំពោះលោក Bill Gates នៅពេលលោកចាប់ផ្តើម Alibaba ដំបូង ដោយលោក Jack Ma បាននិយាយថា «នៅពេលខ្ញុំនៅក្មេង ខ្ញុំបានស្អប់ក្រុមហ៊ុនរបស់ Bill Gates ព្រោះខ្ញុំគិតថា Microsoft យកគ្រប់ឱកាសទាំងអស់ទៅហើយ តើមានឪកាសអ្វីចំពោះអ្នកផ្សេងទៀត?»
គាត់បានបន្តទៀតថា មិនយូរប៉ុន្មានគាត់ដឹងថាវាមិនមែនតែជាលោក Bill Gate ឬ អ្នកណាម្នាក់ ដែលមានកំហុសនោះទេ ផ្ទុយទៅវិញគាត់បានរារាំងឱកាសរបស់គាត់ ក៏ដូចសហគ្រិនផ្សេងទៀត ដោយប្រើលេសថាមកពីគេខ្លាំងជាង ឬផលវិបាកដោយធ្វើអោយវាទៅជារឿងរារាំងក្នុងការដំណើរការអាជីវកម្មរបស់គេ។
Jack Ma បានកត់សម្គាល់ថា “មនុស្សភាគច្រើននៅតែត្អូញត្អែរចំពោះរឿងបែបនេះ ប៉ុន្តែប្រសិនបើអ្នកអាចដោះស្រាយការត្អូញត្អែរ បញ្ហានោះទៅជាឱកាសវិញ វាទើបជាការប្រសើរ។ ជាការពិតណាស់ ការចំណាយលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបថ្មីៗ ពិតជាថ្លៃណាស់សម្រាប់អ្នកដែលកំពុងចង់ចាប់ផ្តើមរកស៉ី ដូច្នេះយើងត្រូវច្នៃប្រឌិតរចនាបច្ចេកវិទ្យាដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមានប្រសិទ្ធិភាពសំរាប់ផលិតផលិតផលយើង។
លោកក៏បានមានប្រសាសន៍ទៀតថា ការបង្កើតថ្មីភាគច្រើនកើតឡើង «មិនមែនដោយសារតែប្រជាជនចង់បាននោះទេ ប៉ុន្តែដោយសារពួកគេត្រូវបង្ខំអោយត្រូវតែទទួលយកវា»។ ចាប់តាំងពីបានឈានដល់ការយល់ដឹងនោះមក ជិតពីរទសវត្សរ៍មកហើយទើបលោក Jack Ma បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក Bill Gates ហើយជារឿយៗបានលើកយកមូលនិធិ Bill & Melinda Gates ជាការបំផុសគំនិតចំពោះការខិតខំធ្វើការងារសប្បុរសធម៌របស់គាត់ផ្ទាល់។
កាលពីខែមុនពេលលោក Jack Ma បានប្រកាសអំពីការចាកចេញរបស់លោកជាប្រធានក្រុមហ៊ុន Alibaba លោកបានទទូចថាលោកនឹងធ្វើរឿងមួយដែលវានឹងល្អជាងមហាសេដ្ឋីផ្សេងៗ។ Jack Ma បាននិយាយថា “ខ្ញុំមិនខ្វល់ថា ខ្ញុំក្លាយជាអ្នកមានបំផុតអីនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំធ្វើបានល្អជាងគេនោះគឺ ចូលនិវត្តន៍ឆាប់រហ័ស និងភាពរីករាយក្រោយចូលនិវត្តន៍”។ សាច់រឿងរបស់លោក Jack Ma មួយនេះបានផ្តល់គំនិតដល់យើងជាច្រើនដូចជា ៖
- ខ្លាចអ្វីមួយ ដោយត្រូវជំនះវាអោយបាន
- ស្វែងយល់ពីចំនុចពិសេសរបស់បុគ្គលជោគជ័យថាជាអ្វី ហើយរៀនតាម
- ធ្វើទៅតាមធនធានរបស់ខ្លួន ប៉ុន្តែធ្វើអោយវាមានប្រសិទ្ធភាព៕
ប្រភព៖ CNBC
