ក្រុមហ៊ុន Boeing បានទទួលស្គាល់ថាមិនមានក្រុមហ៊ុនអាកាសចរណ៍កម្ម៉ង់យន្ដហោះខ្នាតយក្ស 747 របស់ខ្លួនក្នុងទ្រង់ទ្រាយធំទៀតទេ សូម្បីតែយន្ដហោះរបស់ Airbus A380 ដែលជាដៃគូរប្រជែងក៏នឹងមានវាសនាដូចគ្នាដែរ។ សម្រាប់ពេលនេះ Boeing រំពឹងថាយន្ដហោះ 747 របស់ខ្លួននឹងត្រូវគេទិញសម្រាប់យកដឹកទំនិញនិងសម្រាប់ប្រើប្រាស់លក្ខណៈឯកជនប៉ុណ្ណោះ។ 747 របស់ Boeing គឺជាយន្ដហោះមួយដែលដាក់អោយប្រើប្រាស់តាំងតែពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយរហូតមកដល់ពេលនេះផលិតបានចំនួន ១៥៥២គ្រឿងរួចមកហើយ សូម្បីតែប្រធានាធិបតីអាមេរិចក៏ប្រើយន្ដហោះប្រភេទនេះផងដែរ។ អស់រយៈពេលជិតហាសិបឆ្នាំមកនេះ វាគឺជាយន្ដហោះមួយដែលគេងាយស្រួលចំណាំជាងគេដោយវាមានកំពកនៅខាងមុខប្រៀបដូចជាសត្វឥន្ទ្រី ហើយមនុស្សជាច្រើនហៅយន្ដហោះនេះថាម្ចាស់ក្សត្រីលើមេឃ។

កាលពីឆ្នាំ២០១៧នៅ Paris Air Show លោក Randy Tinseth ជាអនុប្រធានរបស់ក្រុមហ៊ុនបាននិយាយថា នៅ២០ឆ្នាំខាងមុខក្រុមហ៊ុនរបស់លោករំពឹងថានឹងមានការកម្ម៉ង់ទិញយន្ដហោះរហូតដល់ទៅ ៤១០០០ គ្រឿងឯណោះ ប៉ុន្ដែសម្រាប់ការកម្ម៉ង់ទិញ 747-8 វិញមិនសូវជាមានសំទុះទេ។ នៅប៉ុន្មានឆ្នាំខាងមុខនេះក្រុមហ៊ុនលោករំពឹងថានឹងលក់យន្ដហោះ 747 ប្រភេទដឹកអ្នកដំណើរតែប៉ុន្មានគ្រឿងប៉ុណ្ណោះទៅអោយមេដឹកនាំពិភពលោក បូករួមពីរឬបីគ្រឿងសម្រាប់ Air Force One របស់ប្រធានាធិបតីអាមេរិច។

សម្រាប់ពេលអនាគតលោក Randy Tinseth គិតថាយន្ដហោះ Boeing 777X នឹងក្លាយទៅជាយន្ដហោះដឹកអ្នកដំណើរធំជាងគេបំផុតជំនួស Boeing 747 និង Airbus A380 ដោយសារតែហេតុផលថា 777X ជាយន្ដហោះដែលប្រើកង្ហារតែពីរ អាចហោះហើរបានឆ្ងាយ អាចដឹកអ្នកដំណើរបានច្រើនប្រហាក់ប្រហែលនឹង 747 និង A380 ដែលសុទ្ធតែមានកង្ហារបួន តែការចំណាយសម្រាប់ការហោះហើរ 777X ក្នុងមួយជើងតិចជាងប្រភេទយន្ដហោះកង្ហារបួន។
បើផ្អែកតាមស្ថិតិពី FlightGlobal មានយន្ដហោះ 747 ចំនួន ២៥៣គ្រឿង កំពុងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ៣៧៤គ្រឿងសម្រាប់ដឹកទំនិញ និង ៣៤គ្រឿងដែលប្រើប្រាស់សម្រាប់រដ្ឋាភិបាល ឬឯកជន។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា Air France, Nippon Airway, Japan Airlines, Cathay Pacific និង Singapore Airlines បានឈប់ប្រើយន្ដហោះប្រភេទនេះ ហើយងាកមកប្រើយន្ដហោះកង្ហារពីរវិញដើម្បីបង្កើនប្រាក់ចំនេញរបស់ខ្លួន។ ខុសប្លែកពី Airbus A380 យន្ដហោះ 747 នៅពេលគេឈប់ប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ វាអាចប្រើសម្រាប់ដឹកទំនិញវិញម្ដង ព្រោះផ្នែកខាងមុខរបស់វាអាចបត់ឡើងលើបានងាយស្រួលបញ្ចូលទំនិញ។ សម្រាប់ពេលអនាគត យន្ដហោះ 747 មានវត្តមាននៅលើអាកាសយូរប៉ុណ្ណាគឺអាស្រ័យនឹងក្រុមហ៊ុនដឹកទំនិញ បើក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងនោះមានជម្រើសផ្សេងដែលចំណេញជាង នោះយើងនឹងឃើញមាន Boeing 747 នៅក្នុងសារមន្ទីរវិញម្ដង៕
