កំហុសធំៗក្នុងប្រវត្តិសាស្ត្រជំនួញ

2514

១. Excite មិនបានទិញ Google ក្នុងតម្លៃតិចជាង១លានដុល្លា
កាល​ពីឆ្នាំ១៩៩៩ Excite គឺជា Search Engine ធំជាងគេទីពីរក្នុងពិភពលោក រីឯ Google វិញទើបតែប្រឡូកចូលថ្មីប៉ុណ្ណោះ។ លោក Larry Page យល់ព្រមលក់ Google អោយទៅ Excite ក្នុងតម្លៃតែ ៧៥០០០០ដុល្លាប៉ុណ្ណោះតែខាង Excite មិនព្រមទិញ។ ក្រោយមក Excite ត្រូវបានទិញដោយ Ask.com ដែលពេលនេះមានទីផ្សារតែ២ភាគរយក្នុងទីផ្សារអ៊ីនធើណេតខណៈ Google កាន់កាប់ទីផ្សាររហូតដល់ទៅ៦០ភាគរយ។

២. Daimler-Benz ខាតអស់២០ពាន់លានដុល្លាដោយសារ Chrysler
ក្រុមហ៊ុនផលិតឡាន Chrysler គឺជាអ្នកផលិតដ៏ធំមួយក្នុងសហរដ្ឋអាមេរិចតែនៅក្នុងទីផ្សារអន្តរជាតិវិញមិនសូវមានអ្នកស្គាល់ទេ។ ដោយសារតែឃើញឱកាសនេះទើប Daimler-Benz សហការនិងវិនិយោគជាមួយ Chrysler ក្នុងតម្លៃ ៣០.៧ពាន់លានដុល្លាកាលពីឆ្នាំ១៩៩៨។ ការវិនិយោគមិនបានដំណើរការល្អដូចគម្រោងទេព្រោះការលក់ឡាន Chrysler មិនសូវបានច្រើន ដូចនេះកាលពីឆ្នាំ២០០៧ Daimler-Benz បានលក់ភាគហ៊ុនចំនួន៨០ភាគរយក្នុងតម្លៃ ៧.៤ពាន់លានដុល្លា ដែលសរុបមក Daimler-Benz ខាតអស់ជិត២០ពាន់លានដុល្លា។ 

៣. Kodak មិនវិនិយោគលើកាមេរ៉ាឌីជីថល
កាលពីឆ្នាំ១៩៧៧ Kodak គឺជាអ្នកចុះកម្មសិទ្ធិបញ្ញាលើកាមេរ៉ាឌីជីថលមុនគេបង្អស់ក្រោយវិស្វករក្នុងក្រុមហ៊ុនរបស់ខ្លួនបានរកឃើញបច្ចេកវិទ្យានេះ។ តែនៅពេលនេះ Kodak លក់បានហ្វីលថតរូបជាច្រើនដែលធ្វើអោយអ្នកគ្រប់គ្រងគិតថាបើខ្លួនហ៊ានតែបញ្ចេញកាមេរ៉ាឌីជីថលនោះការលក់ហ្វីលនឹងថយចុះហើយអាចធ្វើអោយក្រុមហ៊ុនរលំទៀតផង។ ក្រោយមកពេលដឹងកំហុសរបស់ខ្លួន Kodak ក៏ងាកមកផលិតកាមេរ៉ាឌីជីថលដូចគេដែរតែមិនអាចប្រជែងជាមួយគេបានព្រោះខ្លួនទើបតែចាប់ផ្ដើមខណៈដែលគេមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ Kodak ក៏ខាតមិនស្ទើរទៅលើកាមេរ៉ាឌីជីថលរបស់ខ្លួន។ 

៤. News Corp វិនិយោគខុសលើ Myspace
Myspace គឺជាបណ្ដាញសង្គមដែលមានជាយូរណាស់មកហើយតាំងពីមុន Facebook ទៅទៀត។ កាលពីឆ្នាំ២០០៥ News Corp ឃើញពីការពេញនិយមរបស់ Myspace ក៏ទិញវេបសាយនេះក្នុងតម្លៃ ៥៨០លានដុល្លា តែខាង News Corp មិនសូវជាគ្រប់គ្រង Myspace បានល្អប៉ុន្មានទេ។ ពីរបីឆ្នាំដំបូង Myspace ទទួលបានអ្នកគាំទ្រច្រើនហើយតម្លៃរបស់ក្រុមហ៊ុនកើនឡើងដល់ ១២ពាន់លានដុល្លា តែបីឆ្នាំក្រោយមកដោយសារតែមិនចេះសម្របខ្លួននឹងការពេញនិយមថ្មីរបស់មនុស្សក៏ដូចជាមានការប្រកួតប្រជែងខ្លាំងពីបណ្ដាញសង្គមដទៃ ធ្វើអោយតម្លៃក្រុមហ៊ុនធ្លាក់ចុះយ៉ាងគំហុក។ នៅឆ្នាំ២០១១ News Corp លក់ Myspace ក្នុងតម្លៃតែ ៣៥លានដុល្លាប៉ុណ្ណោះ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។