ក្រុមហ៊ុន Berkshire Hathaway របស់លោក Buffett កំពុងតែដើរខុសពីគន្លងដែលខ្លួនធ្លាប់ដើរ

2503

អាមេរិក(CNBC)៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនយក្សរបស់អាមេរិក Berkshire Hathaway បានវិនិយោគប្រាក់ចំនួន ៦០០លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចំនួនពីរ គឺក្រុមហ៊ុន Paytm និងក្រុមហ៊ុន StoneCo ក្នុងគោលបំណងចាប់យកឱកាសដែលកំពុងនៅនឹងមុខ។ ដំណើរការវិនិយោគនេះគឺដឹកនាំឡើងដោយក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុកំពូលលំដាប់ទីពីររបស់ Berkshire គឺក្រុមហ៊ុន Todd Combs។

កាសែតនេះបានឱ្យដឹងថា ក្រុមហ៊ុន Berkshire បានវិនិយោគប្រាក់ចំនួន ៣០០ លានដុល្លារកាលពីខែសីហាទៅក្នុងក្រុមហ៊ុន Paytm ដែលជាសេវាបង់ប្រាក់ចល័តធំជាងគេនៅឥណ្ឌា និងត្រូវបានគេអះអាងថាមានអ្នកប្រើប្រាស់ច្រើនជាងសេវារបស់ PayPal ។ ក្រុមហ៊ុន Berkshire ក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនទូទាត់ប្រាក់របស់ប្រេស៊ីល StoneCo កាលពីសប្តាហ៍មុនផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនរបស់លោក Buffett មួយនេះត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនវិនិយោគដ៏មានឥទ្ធិពលមួយរបស់អាមេរិកដែលបានវិនិយោគក្នុងក្រុមហ៊ុនយក្សធំៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Apple, IBM, Coca-Cola និង Wells Fargo។ កាលពីរឆ្នាំមុន ក្រុមហ៊ុន Berkshire បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ចំនួនបួនដោយក្នុងនោះក៏មានក្រុមហ៊ុន Delta និង American Airline ផងដែរ។ ជាយូរមកហើយដែលក្រុមហ៊ុនរបស់លោក Warren Buffett បានខកខានវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដោយក្រុមហ៊ុននេះវិនិយោគលើតែអាជីវកម្មបែបបុរាណភាគច្រើនដូចជាហាងអាហារ ធនាគារ មន្ទីពេទ្យ រ៉ែ និងធ្យូងថ្ម។ 

លោក Buffett ធ្លាប់បាននិយាយថាមូលហេតុដែលលោកមិនសូវវិនិយោគក្នុងវិស័យបច្ចេកវិទ្យាព្រោះលោកមិនចេះខាងបច្ចេកវិទ្យានោះទេ។ ទោះបីជាយ៉ាងនេះក្តី គិតត្រឹមខែនេះក្រុមហ៊ុន Berkshire កំពុងតែកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ២៥១លានហ៊ុន និងជាម្ចាស់ភាគហ៊ុនធំលំដាប់ទីពីររបស់ Apple ខណៈត្រឹមវេលានេះភាគហ៊ុនរបស់ Apple មានតម្លៃ ២១៦ដុល្លារក្នុងមួយភាគហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។