ប្រែក្លាយគំនិតរបស់អ្នកទៅជាអាជីវកម្មដោយវិធីពីរយ៉ាង

2750

“តើអ្នកធ្វើដូចម្ដេចដើម្បីកែប្រែគំនិតដ៏ល្អមួយអោយក្លាយទៅជាអាជីវកម្មបាន?” នេះគឺជាសំនួរមួយដែលបានសួរនៅលើវេបសាយ Quora ហើយលោក Ross Bailey ជា CEO របស់ Appear Here ដែលជាវេបសាយដាក់ជួលទីតាំងអាជីវកម្មរយៈពេលខ្លីនៅទីក្រុងធំៗជុំវិញពិភពលោក  បានឆ្លើយថាដើម្បីអោយគំនិតល្អៗទាំងនោះក្លាយជាការពិតបានយើងត្រូវធ្វើរឿងពីរជាមុនសិន។  

១. កំណត់ពេលចាប់ផ្ដើម៖ នៅពេលដែលយើងរើសបានថ្ងៃជាក់លាក់ដើម្បីចាប់ផ្ដើមអាជីវកម្មនឹងហើយ អ្នកនឹងមិនសូវគិតខ្វាយខ្វល់ច្រើនពីគំនិតនោះថានឹងវាចន្លោះប្រហោងត្រង់ណាទេឬត្រូវធ្វើអ្វីបន្ថែមទេព្រោះបើអ្នកនៅតែគិតអ្នកនៅតែខាតបង់ពេលវេលាក្នុងការអនុវត្តន៍ជាក់ស្ដែង ផ្ទុយទៅវិញអ្នកនឹងចាប់ផ្ដើមគិតពីការអនុវត្តន៍យ៉ាងណាដើម្បីអោយវាដំណើរការទៅរលូន។ ការពិចារណាអំពីទីផ្សារ ដៃគូរប្រកួតប្រជែង ការពេញនិយមក្នុងទីផ្សារគឺពិតជារឿងសំខាន់ តែបើចង់អោយចាប់ផ្ដើមអាជីវកម្មបានដំបូងយើងត្រូវដោះស្រាយរឿងនៅនឹងមុខសិន។ ចំនុចនេះគាត់ចង់និយាយថាការគិតអោយបានល្អិតល្អន់ពីការរកស៊ីគឺល្អ តែយើងក៏ត្រូវបញ្ចេញសកម្មភាពផងដែរ ហើយដើម្បីអោយសកម្មភាពនោះលេចចេញជារូបរាងគឺយើងត្រូវកំណត់ថ្ងៃណាមួយដើម្បីចាប់ផ្ដើមធ្វើវា។

២. សាកល្បងអាជីវកម្មនោះក្នុងទីផ្សារ៖ គាត់គិតថាវាគឺជាចំនុចសំខាន់បន្ទាប់ព្រោះពេលយើងប្រឡូកចូលទីផ្សារជាក់ស្ដែងហើយយើងនឹងទទួលបានការរិះគន់ក៏ដូចជាការគាំទ្រពីអតិថិជន។ នៅពេលនោះហើយទើបយើងដឹងថាគំនិតដែលយើងបានគិតមកនោះមានចំនុចណាវិជ្ជមាននិងអវិជ្ជមានណាខ្លះ ដើម្បីកែតម្រូវទៅតាមការរិះគន់របស់ភ្ញៀវក៏ដូចជាបន្ដអនុវត្តអោយកាន់តែល្អនូវអ្វីដែលជាចំនុចវិជ្ជមានរបស់យើង។ ចំនុចទាំងនេះវាមើលទៅហាក់ដូចជាងាយៗមែនតែវាមានផលប្រយោជន៍ច្រើនសម្រាប់អ្នកដែលគិតថាខ្លួនមានគំនិតល្អៗ ហើយចង់ប្រែក្លាយវាអោយលេចចេញជារូបរាង៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។