ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។
ភាគទុនិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរួមចំណែកភាគហ៊ុនចំនួន ៥១% ដោយភាគទុនិកកម្ពុជា រួមជាមួយបុគ្គលិកធនាគារក្នុងនោះផងដែរ ហើយចំណែកដែលនៅសល់ ៤៩% ទៀតកាន់កាប់ដោយ ៖ Sumitomo Mitsui Banking Corporation (១៨,២៥%), COFIBRED (១២,២៥%), ORIX Corporation (១២,២៥%), និងមូលនិធិវិនិយោគបីគ្រប់គ្រងដោយ Triodos Investment Management គឺ Triodos Sustainable Finance Foundation, Triodos Fair Share Fund, និង Triodos Microfinance Fund (៦,២៥%) ។
បុត្រសម្ព័ន្ធ និង សាខាទាំងក្នុងនិងក្រៅប្រទេស
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។ នៅចុងខែកញ្ញា ឆ្នាំ២០១៨ ធនាគារអេស៊ីលីដា បានពង្រីកបណ្ដាញប្រតិបត្តិការរហូតដល់ ២៦២សាខា គ្របដណ្តប់គ្រប់ខេត្ត-រាជធានី ។
សេវាកម្ម
បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា ៖ សេវាធនាគារអេឡិចត្រូនិក, សេវាឥណទាន, សេវាបញ្ញើ-សន្សំ, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, សេវាហិរញ្ញប្បទានពាណិជ្ជកម្ម, សេវាចាត់ចែងសាច់ប្រាក់, សេវាប្តូរប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។
ការប្រែប្រួល
កាលពីថ្ងៃច័ន្ទធនាគារ Acleda បានប្រកាសនឹងចេញលក់ភាគហ៊ុន ២៥%នៃសមាគមបុគ្គលិកអេស៊ីលីដាដែលហៅកាត់ថា (ASA, Plc.) ជាសាធារណ: នៅខែក្រោយហើយការដោះដូរនេះត្រូវបានធ្វើឡើងតាមរយ:ក្រុមហ៊ុន Cambodia Securities Exchange (CSX) ដែលជាក្រុមហ៊ុនជួយដូរភាគហ៊ុនធំក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ភាគហ៊ុន ASA គឺជាភាគហ៊ុនធំលំដាប់ទីពីរបន្ទាប់ពីភាគហ៊ុន Financial Trust ក្នុងនោះមានម្ចាស់ភាគហ៊ុនច្រើនជាង ១០,០០០ ដែលសុទ្ធសឹងជាបុគ្គលិកដែលបម្រើការក្នុងធនាគារ Acleda៕
