ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru របស់ប្រទេសសិង្ហបុរីបានទទួលប្រាក់ទុនវិនិយោគប្រមាណ ១៤៥ លានដុល្លារពីក្រុមហ៊ុនវិនិយោគ KKR

2188

ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានទទួលទុនវិនិយោគបន្ថែម ១៤៥ លានដុល្លារពីក្រុមហ៊ុនឯកជនសមធម៌ KKR របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru បានថ្លែងអំពីគម្រោង D capital bolsters leadership ដែលខ្លួនគ្រោងដំណើរការក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាគម្រោងនេះនឹងបន្តជំរុញនូវការវិនិយោគលើវិស័យបច្ចេកវិទ្យាដែលរួមជាមួយដំណោះស្រាយដែលនឹងផ្តល់ឲ្យភ្នាក់ងារអចលនទ្រព្យ និងភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យ។ ក្រៅពីទីផ្សារប្រទេសសិង្ហបុរីបច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ PropertyGuruក៏បានឈរជើងក្នុងទីផ្សារចំនួន 4 គឺ ទីផ្សារម៉ាឡេស៊ីតាមរយៈ ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru ក្នុងប្រទេស Malaysia ទីផ្សារឥណ្ឌូនេស៊ីតាមរយៈ ក្រុមហ៊ុនអចលនទ្រព្យ Rumah ទីផ្សារថៃតាមរយៈ ក្រុមហ៊ុនអចលនទ្រព្យ DDProperty និងទីផ្សារវៀតណាមតាមរយៈ ក្រុមហ៊ុនអចលនទ្រព្យ Batdongsan ។

លើសពីនេះទៅទៀតក្រុមហ៊ុន អចលនទ្រព្យ PropertyGuruក៏បានអះអាងថាមានភាគហ៊ុន ៥៥% នៅទូទាំងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ស្របពេលនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន លោក Hari Krishnanបានថ្លែងថា “សព្វថ្ងៃនេះក្រុមហ៊ុនទទួលបានផលចំណេញ មានប្រតិបត្តិការលំហូរសាច់ប្រាក់វិជ្ជមាន និង ប្រាក់ចំណូលមានការកើនឡើងជាង 25 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ”។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន KKR ក៏បានបណ្តាក់ទុនមូលនិធិ KKR Asian Fund III ប្រមាណ 9,3 ពាន់លានដុល្លារដែលផ្តោតលើការវិនិយោគលើទីផ្សារដែលមានកំណើននៃការរីកចម្រើនលឿន ដែលក្រុមហ៊ុនជឿជាក់ថាអាចនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការវិនិយោគនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru ត្រូវបានបង្កើតឡើងនៅខែឧសភាឆ្នាំ ២០០៧ ហើយបើកឲ្យដំណើរការជាផ្លូវការនៅខែធ្នូឆ្នាំ 2012 ។ ដែលមានលោក Steve Mulhuish ជាសហស្ថាបនិក។ មុនពេលចាប់ផ្តើមក្រុមហ៊ុនអចលនទ្រព្យ PropertyGuru លោក Steve ក៏ធ្លាប់ប្រកបអាជីវកម្មតូចៗជាច្រើនដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។