ចិនចង់ជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស​ដែលមាន​ប្រាក់ចំណូល មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០

2424

ភ្នំពេញ(AKP)៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ -ប្រទេសចិនមានគោលបំណងចង់ជួយ​ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០។ នេះបើតាមប្រសាសន៍ឯកឧត្តម  លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យ នយោបាយមជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្ត ចិន ក្រុងធានជីន (Tianjin) ក្នុងជំនួបសវនាការ និងសម្តែងការគួរសម សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរ​សៀល​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម លី ហុងចុង បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងបាន ពាំនាំនូវការ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានសភាក្រុមប្រឹក្សានយោបាយ ប្រជាជនចិន ជូនសម្តេចប្រធានព្រឹទ្ធសភា  និងបានសម្តែងនូវការអបអរសាទរ​ចំពោះខួប ១៤ឆ្នាំ នៃការ ឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាមួយ​គ្នានេះ លោកក៏បានសម្តែងនូវ ការអបអរសាទរជាថ្មីម្តងទៀត ចំពោះគណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីពេលកន្លងទៅនេះ និងបានជ្រើសតាំងសម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦។

ឯកឧត្តម លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីគោល បំណង​នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ គឺដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់​តែមានជំនឿទុកចិត្តគ្នា និងស៊ីជម្រៅ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនង​ការទូតរវាងប្រទេស​ទាំងពីរ។

ឯកឧត្តមបន្តថា ទំនាក់ទំនងប្រទេសទាំងពីរបានក្លាយទៅជាទំនាក់ទំនងការ ទូត​គំរូមួយ។ ជាទំនាក់ទំនងការទូតត្រូវបាន បង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតន​កោដ្ឋ។ ទំនាក់ទំនងល្អនេះ កាលពីឆ្នាំ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា និងបានឯកភាពរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សន​កិច្ច​របស់​ឯកឧត្តម ស៊ី ជីនពីង បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ី​ជម្រៅ​បន្ថែម​ទៀត។

ឯកឧត្តម លី ហុងចុង បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះ ប្រទេសទាំងពីរ ត្រូវតែ​បន្តផ្លាស់ ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិកម្ពុជា ហើយប្រទេស ចិនមានគោលបំណងចង់ជួយឱ្យប្រទេសកម្ពុជាក្លាយ​ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តម លី ហុងចុង បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រផលប្រយោជន៍ស្នូល និងយក​ចិត្តទុក ដាក់រាល់ការផ្តួចផ្តើមរបស់ប្រទេសចិន។ ប្រទេសចិនបានចាត់ទុកប្រទេស​កម្ពុជា ជាអ្នក ជិតខាងល្អមិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន។ ឯកឧត្តម លី ហុងចុង បានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់ព្រះរាជា​ណាចក្រកម្ពុជា ដែលជីវ ភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ​ឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃ និងសង្គមកម្ពុជាប្រកប ដោយសុខដុមរមនា ក្រោមការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ឯកឧត្តម លី ហុងចុង ក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងធានជីន ក្នុងពេលវេលាសមស្របណាមួយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមព្រឹទ្ធសភា  បានសម្តែង​នូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក និងគណៈ​ប្រតិភូ​នៅ​ព្រះរាជាណចក្រកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ ពិតជាមាន​សារៈសំខាន់ និងមានអត្ថន័យណាស់ ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរ​សាទរចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានប្រារព្ធខួបលើកទី៦៩ឆ្នាំ ថ្ងៃបង្កើត​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេល​បច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាចកាត់ផ្តាច់បានពីការជួយ​ឧបត្ថម្ភគាំទ្រយ៉ាង​ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ៕

ដោយ៖ ប៉ាល់ សុង

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។