តើតំណែង COO គឺជាអ្វី? ធ្វើអ្វីខ្លះ និងបានប្រាក់ខែប៉ុន្មាន?

517
Sheryl Sandberg, COO របស់ Facebook

ប្រធានប្រតិបត្តិ Chief Operating Officer (COO) គឺជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុន ឬស្ថាប័ន។ គាត់ទទួលខុសត្រូវលើការងារប្រចាំថ្ងៃនៅកន្លែងធ្វើការ និងដំណើរការអាជីវកម្ម។ ដោយមានបទពិសោធន៍ ទទួលបានការបង្វឹកច្រើន និងមានជំនាញ គាត់អាចធ្វើការនៅក្នុងក្រុមហ៊ុន អង្គការ ជួររដ្ឋាភិបាល និងគ្រឹះស្ថានជាច្រើនទៀត។

ធ្វើការក្រោមមនុស្សម្នាក់គឺ CEO ឬនាយកប្រតិបត្តិ COO ត្រូវមានភាពជាអ្នកដឹកនាំ ចេះគ្រប់គ្រង និងមានទស្សនៈវិស័យច្បាស់លាស់ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ឬស្ថាប័នដំណើរការតាមអ្វីដែលបានគ្រោងទុក និងសម្រេចបានគោលដៅដែលម្ចាស់អាជីវកម្មចង់បាន។

ហេតុអ្វីបានជាស្ថាប័នជួល COO មកធ្វើការ?

ជាទូទៅនៅក្នុងក្រុមហ៊ុន ទំនួលខុសត្រូវលើផ្នែកទាំងអស់ គឺធ្លាក់ទៅលើ COO ហើយក្នុងនោះរួមមាន ការផលិត ការធ្វើទីផ្សារ ការលក់ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

ខាងក្រោមនេះគឺជាមូលហេតុធំៗទាំង ដែលម្ចាស់អាជីវកម្ម និងស្ថាប័នជួល COO មកធ្វើការ។

. អនុវត្តន៍យុទ្ធសាស្ត្រដែលដាក់ដោយក្រុមថ្នាក់ដឹកនាំ

. ដឹកនាំយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីសម្រេចគោលដៅ

. បង្ហាញ និងពន្យល់របាយការណ៍ទៅ CEO

. បំពេញភាពខ្វះចន្លោះរបស់ CEO

. បញ្ជូនសមាជិកក្រុមទៅជួយ CEO នៅពេលដែលគាត់មិនអាចធ្វើការងារណាមួយម្នាក់ឯង

. ប្រូម៉ូតបុគ្គលិកដែលធ្វើការល្អ

. កំណត់សម្គាល់ម្នាក់ណាដែលអាចធ្វើជា CEO បន្ទាប់ សម្រាប់ត្រៀមទុកបើ CEO បច្ចុប្បន្នមានបញ្ហា ឬមានគ្រោះថ្នាក់ចៃដន្យ។

តើធ្វើយ៉ាងណាទើបអាចធ្វើជា COO បាន?

ដើម្បីអាចធ្វើជា COO អ្នកត្រូវការចេះចំណេះដឹងច្រើនបូកទាំងបទពិសោធន៍ទៀត។ តម្រូវការកម្រិតសិក្សាយ៉ាងហោចណាស់ក៏ត្រឹមបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម ឬមុខវិជ្ជាដែលពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែភាគច្រើនគេជួលអ្នកដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម។

លើសពីនេះទៀត មុននឹងអាចធ្វើជា COO ជាទូទៅត្រូវការបទពិសោធន៍ច្រើនទាក់ទងនឹងការដំណើរការ និងគ្រប់គ្រងអាជីវកម្ម តាំងពីតំណែងទាបរហូតដល់ខ្ពស់ យ៉ាងហោចណាស់ ១៥ឆ្នាំ ហើយគួរមានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំក្នុងតំណែងគ្រប់គ្រង។

រាល់ស្ថាប័នតែងតែរើសបេក្ខភាពតំណែងនេះ ដែលមានជំនាញដឹកនាំខ្លាំង និងថ្វីគំនិតអាជីវកម្ម ចេះរៀបយុទ្ធសាស្ត្រឈ្នះៗ ចេះគ្រប់គ្រងហិរញ្ញវត្ថុ និងមានជំនាញសម្រេចចិត្តបានលឿន ហើយច្បាស់។

អ្វីដែលមេដឹកនាំអាជីវកម្មចង់បានពី COO?

នៅពេលរើស COO ថៅកែ ឬនាយកក្រុមហ៊ុន ចង់បានចំណុចផ្សេងទៀតក្រៅពីការសិក្សា និងបទពិសោធន៍ពី COO

  • មានសមត្ថភាពចាត់ចែង និងវិភាគហានិភ័យ តាមដានស្ថានភាពគ្រប់គ្រងរបស់ស្ថាប័ន តែងតែមានគម្រោងច្បាស់លាស់មុនធ្វើអ្វីមួយ
  • ត្រូវតែអាចធ្វើការដោយឯករាជ្យនៅក្នុងក្រុម មិនមែនចាំតែមានគ្នាបានធ្វើ និងបង្កើតការផ្លាស់ប្តូរដើម្បីបង្កើនប្រសិទ្ធភាពការងារ
  • មានសមត្ថភាពគ្រប់គ្រងខ្លាំង ដឹកនាំ និងប្រឹក្សាដល់ក្រុមការងារ
  • មានជំនាញទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន និងមានជំនាញជម្រុញឲ្យអ្នកដទៃខំធ្វើការ
  • ទទួលយកគំនិតថ្មីៗ និងមធ្យោបាយថ្មីៗដើម្បីបំពេញការងារ មានភាពច្នៃប្រឌិត មានចក្ខុវិស័យវែងឆ្ងាយ និងអាចគ្រប់គ្រងការច្នៃប្រឌិតទាំងនោះឲ្យកាន់តែមានភាពរស់រវើក
  • មានជំនាញចរចា និងដោះស្រាយបញ្ហាបានលឿន។

ប្រាក់ខែ

នៅក្នុងប្រទេសកម្ពុជា អ្នកកាន់តំណែងជា CEO, COO និង CFO នៅក្នុងក្រុមហ៊ុនធំៗ ជាមធ្យមអាចទទួលបានប្រាក់ខែចាប់ពី ៥ពាន់ដុល្លារ ដល់ ២ម៉ឺនដុល្លារក្នុងមួយខែ ហើយនៅក្នុងក្រុមហ៊ុនបរទេសដែលមករកស៉ីនៅស្រុកខ្មែរ អ្នកដែលបញ្ចប់ការសិក្សាពីបរទេស និងមានបទពិសោធន៍ច្រើនឆ្នាំ អាចទទួលបានប្រាក់ខែដល់ទៅ ៣ម៉ឺនដុល្លារក៏មាន។ ទោះជាយ៉ាងណាប្រាក់ខែសម្រាប់ COO គឺអាស្រ័យលើចំណេះដឹង និងបទពិសោធន៍ធ្វើការក្នុងតំណែងនេះ ហើយក៏អាស្រ័យលើទំហំក្រុមហ៊ុនថាហ៊ានឲ្យប្រាក់ខែបុគ្កលិកច្រើនប៉ុណ្ណាផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...