រឿងរ៉ាវនៃការបង្កើតក្រុមហ៊ុន Coca-Cola ដែលមានអាយុកាលប្រមាណ ១៣២ ឆ្នាំ

5039

ភេសជ្ជ: Coca-Cola ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៦ ដោយឱសថការី លោក John Pemberton ។ ក្រោយពេលដែលសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ លោកក៏សម្រេចចិត្តថានឹងបង្កើតអ្វីមួយដ៏អស្ចារ្យក្នុងវិស័យពាណិជ្ជកម្ម។ គ្រប់ការស្រាវជ្រាវដែលទាក់ទងទៅនឹងឱសថដែលលោកបានធ្វើ គឺសុទ្ធសឹងតែមិនបានទទួលបានជោគជ័យសូម្បីមួយដង។ លោកក៏ធ្លាប់ធ្វើការស្រាវជ្រាវទៅលើថ្នាំពេទ្យជាច្រើនផងដែរ តែគ្មានមួយណាអាចឲ្យលោកចំណេញនោះទេ។ បន្ទាប់ពីផ្លាស់ទៅរស់នៅក្នុងក្រុង Atlanta លោកក៏បានសម្រេចប្រឡូកចូលក្នុងទីផ្សារភេសជ្ជ:។

នាពេលនោះដែរ ភេសជ្ជ: Soda Fountain គឺជាភេសជ្ជ:មួយដែលកំពុងពេញនិយមគ្រប់កម្មវិធី មិនថាពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ ឬ ពិធីជប់លៀងនោះទេ តែងតែមានវត្តមានរបស់ភេសជ្ជ: Soda Fountain ជានិច្ច។ មិនយូរប៉ុន្មានភេសជ្ជ: Coca-Cola ក៏បានចាប់កំណើតឡើង ដែលឈ្មោះ Coca-Cola នេះគឺត្រូវបានដាក់ដោយអ្នកកត់ត្រារបស់លោក Pemberton គឺលោក Frank Robinson។ Coca-Cola ត្រូវបានផ្សំឡើងពីស្លឹក Coca និង គ្រាប់ Kola ហើយឈ្មោះដំបូងរបស់ភេសជ្ជ:នេះគឺមានការផ្សំបញ្ចូល ពីពាក្យ Coca និង Kola ដែលពួកគេបានហៅថា Coca Kola។

ក្រោយមកលោក Frank Robinson បានប្តូរទៅជា Coca-Cola វិញ ដោយលោកគិតថាឈ្មោះនេះវាទាក់ទាញនៅពេលដែលធ្វើការផ្សាយពាណិជ្ជកម្ម។ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៨៨៦ ភេសជ្ជ: Coca-Cola ក៏ត្រូវបានគេដាក់លក់ជាលើដំបូងក្នុងម៉ាស៊ីន Soda Fountain នៅក្នុងឱសថស្ថាន Jacob Pharmacy នៃទីក្រុង Atlanta។ នាពេលនោះដែលក្នុងមួយថ្ងៃភេសជ្ជ: Coca-Cola លក់បានតែ ៩ ដបតែប៉ុណ្ណោះ ហើយបើគិតសរុបការលក់ក្នុងឆ្នាំដំបូងបានប្រហែល ៥០ ដុល្លារតែប៉ុណ្ណោះ នេះបើធៀបទៅនឹងការចំណាយដែលលោក Pemberton បានចំណាយដល់ទៅ ៧០ ដុល្លារ គឺមានន័យថាឆ្នាំដំបូងនៃការលក់ភេសជ្ជ: Coca-Cola គឺមិនទទួលបានចំណេញនោះទេ។ នៅឆ្នាំ ១៨៨៧ ឱសថការី និងពាណិជ្ជករលោក Asa Candler បានទិញយករូបមន្តសម្រាប់ផលិលភេសជ្ជ: Coca-Cola ក្នុងតម្លៃ ២.៣០០ ដុល្លារ។ ប៉ុន្មានឆ្នាំក្រោយមក លោក Pemberton ក៏បានស្លាប់។ នៅចុងទសវត្សឆ្នាំ ១៨៩០ ដោយសារតែការធ្វើទីផ្សារផ្សព្វផ្សាយរបស់លោក Candler បានធ្វើឲ្យភេសជ្ជ: Coca-Cola ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសអាមេរិក។ ហើយចាប់ផ្តើមរីកសាយភាយទៅកាន់ប្រទេសនានាជុំវិញពិភពលោកទាំងមូល។

បច្ចុប្បន្ន ក្រុមហ៊ុន Coca-Cola មានផលិតផលភេសជ្ជ:ជាច្រើនដែលស្ថិតនៅក្រោមឈ្មោះ Coca-Cola ដែលក្នុងនោះរួមមាន Diet Coke, Caffeine-Free Coca-Cola, Diet Coke Caffeine-Free, Coca-Cola Zero Sugar, Coca-Cola Cherry, Coca-Cola Vanilla, និង ភេសជ្ជ: lemon, lime, និង coffee។ ឆ្លងតាមការវាយតម្លៃពីស្ថាប័ន Interbrand កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន Coca-Cola គឺជាម៉ាកយីហោដែលមានតម្លៃថ្លៃបំផុតទីបី បន្ទាប់ពីក្រុមហ៊ុន Apple និង ក្រុមហ៊ុន Google។ ហើយក្នុងឆ្នាំ ២០១៣ ផលិតផល Coca-Cola ត្រូវបានចែកចាយចេញទៅប្រទេសប្រមាណ ២០០ នៅទូទាំងពិភពលោក ដែលមានអ្នកទិញទៅទទួលទានច្រើនជាង ១.៨ ពាន់លាននាក់ជារៀងរាល់ថ្ងៃ។

កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនកូកាកូឡា រកចំណូលបានចំនួនជិត ៣២ ពាន់លានដុល្លារអាមេរិចទូទាំងពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុននះមានតម្លៃ ជាង ២១៩ ពាន់លានដុល្លារ និងមានតម្លៃក្នុងរង្វង់ ៥១ ដុល្លារក្នុងមួយភាគហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។