Apple នឹងបញ្ឈប់ការរាយការណ៍ពីចំនួននៃការលក់ iPhone, Macs និង iPad ប្រចាំត្រីមាស ដោយចាប់ផ្ដើមពីខែធ្នូខាងមុខទៅ។ នេះបើតាមសម្តីរបស់លោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple។
លោក Maestri បានមានប្រសាសន៍ថា “ដូចដែលយើងបានលើកឡើងជាច្រើនដងហើយ គោលដៅរបស់យើងគឺបង្កើតផលិតផល និងសេវាកម្មដ៏អស្ចារ្យដែលធ្វើអោយជីវិតរស់នៅរបស់មនុស្សកាន់តែប្រសើរឡើង និងដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អតិថិជនដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដើម្បីឱ្យអ្នកប្រើរបស់យើងពេញចិត្តខ្ពស់ និងបន្តការគាំទ្រ។ នៅពេលយើងសំរេចគោលបំណងទាំងនេះ លទ្ធផលហិរញ្ញវត្ថុរបស់យើងនឹងរឹងមាំកាន់តែខ្លាំង។”
ភាគហ៊ុនរបស់ក្រុមហ៊ុនអេបផលបានធ្លាក់ចុះ 7% ក្នុងការជួញដូរបន្ទាប់ពីលោក Maestri បានធ្វើការប្រកាសព័ត៌មាននេះ។
លោក Maestri បាននិយាយថា ចំនួននៃការលក់របស់ក្រុមហ៊ុនអេបផល ក្នុងត្រីមាសនីមួយៗគឺមិនមែនតំណាងឱ្យភាពខ្លាំងនៃអាជីវកម្មរបស់យើងនោះទេ។
លោក Maestri បានថ្លែងថា: “ដៃគូប្រកួតប្រជែងកំពូលៗរបស់យើងនៅក្នុងទីផ្សារទូរស័ព្ទទំនើប កុំព្យូទ័រ និងថេបលេត ក៏មិនបានផ្តល់ព័ត៌មានលក់ប្រចាំត្រីមាសរបស់ពួកគេដែរ”។
អ្វីដែលសំខាន់នោះគឺដោយសារសារព័ត៌មាន Wall Street បានមើលឃើញថា សព្វថ្ងៃនេះក្រុមហ៊ុន Apple លក់ iPhone មិនបានតាមការព្យាករណ៍ ខណៈពេលដែលតម្លៃលក់ជាមធ្យមបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ អាចនិយាយម្យ៉ាងទៀតថា ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple អាចនឹងបន្តធ្លាក់ចុះ តែវានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុននោះទេ ព្រោះថាតម្លៃនៃទូរស័ព្ទ iPhone កំពុងតែកើនឡើង ទោះបីជាការលក់ធ្លាក់ចុះក៏ដោយ៕
