តើអ្វីទៅជាទីផ្សារ? ទីផ្សារគឺសំដៅទៅលើសកម្មភាពទាំងឡាយណាដែលក្រុមហ៊ុន ឬអាជីវករមួយធ្វើដើម្បីទាក់ទាញអតិថិជននិងបង្កើតទំនាក់ទំនងល្អជាមួយពួកគេ។ គោលបំណងនៃការធ្វើទីផ្សារគឺដើម្បីផ្សារភ្ជាប់ផលិតផលនិងសេវាកម្មរបស់អាជីវកម្មជាមួយនឹងអតិថិជនដើម្បីទទួលបានចំណូលពីពួកគេហើយ៤កត្តាខាងក្រោមគឺជាកត្តាជម្រុញក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារ៖
១. ផលិតផល
ផលិតផលគឺសំដៅទៅលើទំនិញដែលក្រុមហ៊ុនឬអាជីវករចង់ដាក់លក់។ ការជ្រើសរើសផលិតផលឬទំនិញនិមួយៗពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញការចាប់អារម្មណ៏ពីអតិថិជន។ អាជីវករត្រូវសួរសំនួរទៅខ្លួនឯងថា“តើផលិតផលអ្វីដែលយើងចង់ដាក់លក់? តើផលិតផលរបស់យើងមានលក្ខណៈខុសគ្នានិងពិសេសអ្វីខ្លះដែលដៃគូរប្រកួតប្រជែងយើងគ្មាន? “
២. តម្លៃ
តម្លៃក្នុងចំនុចនេះ សំដៅទៅលើតម្លៃដែលក្រុមហ៊ុននឹងធ្វើការដាក់លក់ផលិតផល ឬសេវាកម្មក្នុងទីផ្សារ។ នៅពេលដែលកំណត់ថ្លៃទំនិញអាជីវកម្ម ត្រូវពិចារណាទៅលើថ្លៃដើម ថ្លៃធ្វើទីផ្សារ និងចំណាយក្នុងការចែកចាយ ថាតើតម្លៃហ្នឹង អតិថិជននឹងទទួលយកបានទេ? ជាពិសេសតម្លៃ និងគុណភាពនៃផលិតផលអាចយកឈ្នះដៃគូប្រកួតប្រជែងយើងដែរឬទេ? តើបើលក់ក្នុងតម្លៃនឹងម្ចាស់អាជីវកម្មអាចចំណេញបន្ទាប់ពីទូរទាត់ចំណាយទាំងអស់ បានប៉ុន្មាន?
អានបន្ថែម៖ យុទ្ធសាស្ត្រកំណត់ថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច
៣. ទីតាំងភូមិសាស្ត្រ
ទីតាំងភូមិសាស្ត្រ គឺសំដៅទៅលើទីតាំងដែលអាជីវកម្មត្រូវចែកចាយផលិតផលលក់នៅក្នុងទីផ្សារ។ ម្ចាស់អាជីវកម្មត្រូវពិចារណាទៅលើថាតើគួរលក់តាមបញ្ជរនានា ឬតំណាងចែកចាយ ឬក៏លក់តាមរយៈ online បន្ថែម។ មនុស្សជាច្រើនគិតថាទីតាំងមិនមែនជាផ្នែកយុទ្ធសាស្ត្រ តែបើនិយាយពីការធ្វើសង្គ្រាម អ្នកណាមានភូមិសាស្ត្រល្អ អ្នកនោះមានប្រៀបជាងសត្រូវ មិនងាយវាយលុកចូលបាន ហើយនៅក្នុងការធ្វើអាជីវកម្មក៏ដូចគ្នា។ បើអ្នកមានទីតាំងល្អអ្នកមានប្រៀបជាងគូរប្រជែង។
៤. យុទ្ធសាស្ត្របញ្ចុះតម្លៃ
យុទ្ធសាស្ត្របញ្ចុះតម្លៃ គឺយុទ្ធសាស្ត្រមួយដ៏អស្ចារ្យក្នុងការបង្កើនការលក់ និងបង្កើនប្រាក់ចំណេញ។ យុទ្ធសាស្ត្រទាមទារឲ្យអាជីវករ ឬម្ចាស់អាជីវកម្មធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួនអំពីលក្ខណៈពិសេសដែលខុសប្លែកពីដៃគូរប្រកួតប្រជែងរបស់ខ្លួន ជាមួយនឹងតម្លៃដ៏ពិសេសមួយដែលសាកសមនឹងគុណភាពផលិតផល។ យុទ្ធសាស្ត្របញ្ចុះតម្លៃ អាចនឹងដំណើរការល្អចំពោះអាជីវកម្មដែលទើបនឹងបង្កើតឡើង ព្រោះវាជាផ្នែកមួយក្នុងការពង្រីកកេរ្តិ៏ឈ្មោះរបស់ក្រុមហ៊ុនទៅដល់មហាជនជាមួយតម្លៃដ៏ល្អ និងគុណភាពដ៏ប្រសើររបស់ផលិតផល។ លើសពីនេះទៅទៀត យុទ្ធសាស្ត្រនេះដែរនឹងមានប្រសិទ្ធិភាពខ្លាំងចំពោះក្រុមហ៊ុនដែលមានកេរ្តិ៏ឈ្មោះស្រាប់ ក្នុងការពង្រឹងបន្ថែម និងទាក់ទាញទាំងអតិថិជនចាស់ និងថ្មីឲ្យមកសាកល្បងទិញ និងនៅតែបន្តការគាំទ្រ៕
