នៅពេលដែលម្ចាស់អាជីវកម្មមួយចង់បង្កើនវិសាលភាព និងកំណើនលូតលាស់ ពួកគេនឹងពិចារណាបង្កើនទុនវិនិយោគដោយផ្ទាល់ ខ្ចីលុយគេ ឬក៏ដាក់លក់ភាគហ៊ុនជាសាធារណៈ។ ការសម្រេចចិត្តបោះលក់ភាគហ៊ុនជាសាធារណៈ មិនមែនជាការងាយស្រួលនោះទេ ព្រោះថាវាស្មុកស្មាញ ចំណាយច្រើនទាំងពេលវេលា និងលុយ ប៉ុន្តែការបោះលក់ភាគហ៊ុនជាសាធារណៈមានផលប្រយោជន៍មួយចំនួនដូចខាងក្រោម៖
១. បង្កើនដើមទុន
នៅពេលដែលក្រុមហ៊ុនមួយដាក់លក់ភាគហ៊ុនជាសាធារណៈ ពួកគេនឹងទទួលបានលុយពីការលក់ភាគហ៊ុននោះទៅរកស៊ីដោយមិនមានហានិភ័យ។ មានន័យថាបើពួកគេខ្ជីលុយធនាគារ នោះពួកគេត្រូវបង់ការប្រាក់ទោះបីចំណេញ ឬខាតក៏ដោយ តែបើលក់ភាគហ៊ុនបើចំណេញទើបចែកភាគលាភ ហើយបើខាតអ្នកដែលទិញភាគហ៊ុនក៏ចូលរួមខាត ខុសពីធនាគារដែលខាតក៏ត្រូវតែសង។ យើងអាចនិយាយម៉្យាងទៀតថា ការដាក់លក់ភាគហ៊ុនជាសាធារណៈ គឺជាវិធីបង្កើនទុនដោយមិនជាប់បំណុល។ ក្រុមហ៊ុនអាចយកទុនដែលបានពីការលក់ភាគហ៊ុនទៅប្រើប្រាស់ក្នុងអាជីវកម្មដូចជាពង្រីកអាជីវកម្ម ទិញសម្ភារៈបន្ថែម ឬក៏វិនិយោគដើម្បីអនាគត ឲ្យតែស្របតាមបែបបទនៃសៀវភៅបោះផ្សាយលក់ភាគហ៊ុន។
២. ទាក់ទាញធនធានមនុស្សខ្លាំងៗឲ្យមកចូលរួមធ្វើការ
ក្រុមហ៊ុនតូចៗតែងតែពិបាកក្នុងការរើសបុគ្កលិកពូកែៗមកធ្វើការ តែក្រុមហ៊ុនដែលដាក់លក់ភាគហ៊ុនជាសាធារណៈអាចជាទីកន្លែងដែលមនុស្សមានសមត្ថភាពពូកែៗស្រមៃចង់ធ្វើការឲ្យ។ ទុនដែលបានពីការលក់ភាគហ៊ុនអាចឲ្យក្រុមហ៊ុនចំណាយលើប្រាក់ខែបុគ្គលិកបានខ្ពស់ជាងក្រុមហ៊ុនប្រកួតប្រជែងដែលមិនទាន់ចូលផ្សារហ៊ុន។ ក្រុមហ៊ុនក៏អាចបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកឲ្យខំធ្វើការតាមរយៈការផ្តល់ភាគហ៊ុនមួយចំនួនផងដែរ។
៣. បង្កើនទំនុកចិត្តពីអតិថិជន
ការចូលផ្សារហ៊ុន ធ្វើឲ្យក្រុមហ៊ុនកាន់តែទាញបានទំនុកចិត្តកាន់តែខ្លាំងពីអតិថិជន អ្នកវិនិយោគ និងបុគ្កលិក ច្រើនជាងក្រុមហ៊ុនតូចៗ។ ការទទួលបានទំនុកចិត្តនេះ ក៏ជាជំនួយខ្លាំងមួយដល់ការធ្វើទីផ្សារជាសាធារណៈ និងពង្រីកកេរ្តិ៍ឈ្មោះបានកាន់តែខ្លាំងផងដែរតាមរយៈយុទ្ធសាស្ត្រទីផ្សារលើស្លាកយីហោ៕
