មនុស្សជាច្រើនចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្ដែមិនសូវជាចង់គិតថាត្រូវធ្វើយ៉ាងដូចម្ដេចខ្លះទេព្រោះវាមានភាពស្មុគស្មាញនាំអោយឈឺក្បាល។ តែខាងក្រោមនេះគឺជាចំនុចគោលៗមួយចំនួនដែលអ្នកអាចយកទៅពិចារណាក្នុងការរៀបចំគម្រោងធ្វើអាជីវកម្មតាំងពីដើមរហូតដល់ពេលចាប់ផ្ដើមបើកអាជីវកម្ម។
១. សួរខ្លួនឯង៖ សួរខ្លួនឯងថាហេតុអ្វីបានជាយើងចង់ប្រឡូកចូលក្នុងការរកស៊ី? បន្ទាប់មកសួរខ្លួនឯងថាតើយើងមានជំនាញណាខ្លះដែលទាក់ទងនឹងមុខរបរដែលយើងចង់ចាប់យក? តើយើងចង់ចាប់ផ្ដើមនៅពេលណា ហើយមានដើមទុនប៉ុន្មានហើយ?
២. ស្វែងរកគំនិតរកសុី៖ ដើម្បីអោយអាជីវកម្មអាចដំណើរការល្អបានទាល់តែយើងចូលទៅដោះស្រាយបញ្ហាណាមួយដែលមិនទាន់មានអ្នកផ្ដល់អោយអតិថិជនក្នុងទីផ្សារនៅឡើយទេ។ បើយើងតែម្នាក់ឯងពិបាកគិត អ្នកក៏អាចសាកសួរទៅកាន់ មិត្តភក្កិ ឬបងប្អូនដែលធ្លាប់រកសុីអោយជួយផ្ដល់យោបល់។
៣. សិក្សាពីទីផ្សារ៖ តើមានគេកំពុងតែរកស៊ីស្រដៀងនឹងគំនិតអ្នកហើយឬនៅ? បើនៅទេនោះជាសញ្ញាណល្អមួយព្រោះថានឹងមិនមានអ្នកមកប្រជែងជាមួយនឹងអ្នក។ ប្រសិនបើមានគេរកសុីប្រហាក់ប្រហែលយើងដែរ អ្នកត្រូវសិក្សាអោយច្បាស់ពីគេដូចជាអតិថិជនគោលដៅរបស់គេ ទីតាំង ចំនុចខ្លាំង ចំនុចខ្សោយ…។
៤. ស្ដាប់ពីការរិះគន់របស់គេ៖ ពេលអ្នកផ្ដល់គំនិតអាជីវកម្មរបស់ខ្លួនទៅអោយគេស្ដាប់ប្រាកដជាមានការរិះគន់ឬមិនយល់ស្របខ្លះហើយ ដូចនេះអ្នកត្រូវចេះស្ដាប់និងកត់ត្រាពីចំនុចដែលគេនិយាយ។ ពេលខ្លះការរិះគន់មួយចំនួនមិនមែនសុទ្ធតែត្រូវទេ តែប្រសិនបើមានមនុស្សប៉ុន្មានអ្នករិះគន់ចំនុចដដែលៗនោះមានន័យថាអ្នកគួរតែកែប្រែចំនុចនោះចេញហើយ។
៥. ត្រូវដឹងពីច្បាប់ពាណិជ្ជកម្ម៖ ដំបូងយើងត្រូវរកឈ្មោះដាក់អោយត្រូវទៅនឹងប្រភេទអាជីវកម្មយើងជាមុនសិន ឧទាហរណ៍ ក្រុមហ៊ុនសហកម្មសិទ្ធ ក្រុមហ៊ុនមូលធនជាដើម។ បន្ទាប់មកត្រូវទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ចុះបញ្ជីបង់ពន្ធ ប័ណ្ណប៉ាតង់ សុំសិទ្ធីពីក្រសួងណាដែលទាក់ទងនឹងប្រភេទអាជីវកម្មរបស់យើង។
៦. សរសេរគម្រោងអាជីវកម្ម៖ នៅក្នុងគម្រោងនោះត្រូវរៀបរាប់ពីគោលបំណងរបស់ក្រុមហ៊ុន ចំនុចពិសេសរបស់ខ្លួន និងគោលដៅនៅពេលអនាគត។ បន្ទាប់មកគឺនិយាយពីទីផ្សារដោយផ្ដោតទៅលើអតិថិជនគោលដៅរបស់យើង ហើយថាតើយើងនឹងធ្វើទីផ្សារដូចម្ដេចទើបគេស្គាល់ច្រើន? បន្តមកនោះគឺសិក្សាពីចំនុចខ្លាំងឬចំនុចខ្សោយរបស់ខ្លួន (SWOT Anaylysis) ។ បន្ថែមពីនឹងគឺសិក្សាថាតើយើងនឹងគ្រប់គ្រងអាជីវកម្មដោយរបៀបណា ហើយតើដំណើរការអាជីវកម្មនឹងប្រព្រឹត្តទៅដោយរបៀបណា។ ចុងក្រោយគឺនិយាយពីការស្វែងរកដើមទុនដើម្បីបង្កើតអាជីវកម្មនោះឡើង។
៧. ស្វែងរកដើមទុន៖ តើអ្នកនឹងបានដើមទុនមកពីណាខ្លះ? វាអាចបានមកពីច្រើនប្រភពដូចជាលុយផ្ទាល់ខ្លួន ខ្ចីពីមិត្តភក្កិ ក្រុមគ្រួសារ ពីធនាគារ ឬក៏ស្វែងរកអ្នកមកវិនិយោគលើគម្រោងអាជីវកម្មនោះ។
៨. ស្វែងរកមនុស្ស៖ ពិតណាស់ថាអ្នកមិនអាចធ្វើអ្វីអោយជោគជ័យបានតែម្នាក់ឯងនោះទេ ដូចនេះហើយអ្នកត្រូវរកអ្នកដែលមានជំនាញណាយើងមិនចេះមកជួយ។ ដើម្បីអោយមានបរិយាកាសល្អក្នុងការធ្វើការអោយរីកចម្រើន ក្នុងអាជីវកម្មនោះត្រូវតែមានគោលការណ៍ផ្ទាល់ខ្លួន ដូចជាការចេះគោរពគ្នាទៅវិញទៅមក ការធ្វើអោយមានភាពវិជ្ជមានក្នុងម៉ោងការងារជាដើម…ដែលវាសុទ្ធសឹងតែសំខាន់សម្រាប់ធ្វើអោយគ្រប់គ្នាពេញចិត្តនឹងធ្វើការងារដើម្បីភាពរីកចម្រើន។
៩. ស្វែងរកទីតាំង៖ ទីតាំងគួរតែសមស្របទៅនឹងអាជីវកម្មរបស់យើងផងដែរ។ អ្វីដែលអ្នកត្រូវផ្ដោតសំខាន់លើនោះគឺកន្លែងងាយស្រួលរក មានកន្លែងចតឡានម៉ូតូស្រួល(បើនៅក្នុងផ្សារទំនើប នោះអ្នកមិនចាំបាច់បារម្មណ៍ទេ) អគារឬសំណង់មានលក្ខណ:ល្អ និងចុងក្រោយគឺទីតាំងនោះគឺអ្នកមានលទ្ធភាពនឹងជួលបាន(ប្រសិនបើអ្នកមានទីតាំងខ្លួនឯងនោះវាអាចជួយបានមួយកម្រិត)។
១០.ចាប់ផ្ដើមដាក់អាជីវកម្ម៖ ចុងក្រោយបង្អស់គឺអ្នកចាប់ផ្ដើមសាកល្បងអាជីវកម្មនោះទៅតាមគម្រោងដែលបានរៀបចំហើយដូចចំនុចខាងលើ។ នៅពេលអនុវត្តជាក់ស្ដែងវាមិនមែនដូចក្នុងគម្រោងអាជីវកម្មទាំងអស់នោះទេ ដូចនេះយើងត្រូវចេះមានភាពរវាសក្នុងកែសម្របទៅតាមស្ថានភាពជាក់ស្ដែង៕
