ពេលខ្លះអ្នកស្រាប់តែនឹកឃើញគំនិតអាជីវកម្មថ្មីប្លែកអស្ចារ្យមួយ ឬក៏អ្នកមានគំនិតអាជីវកម្មមួយដែលអ្នកចិញ្ចឹមចិត្តអស់ជាច្រើនឆ្នាំមកហើយថានឹងបើកបង្ហាញវានៅថ្ងៃណាមួយ។ នៅពេលដំបូង វាអាចនឹងតម្រូវឲ្យអ្នកប្រឈមមុខជាមួយជំហានជាច្រើន ប៉ុន្តែប្រសិនបើធ្វើតាមជំហានទាំងប្រាំនេះ អ្នកនឹងមានឱកាសច្រើនថាចាប់ផ្តើមបានដោយជោគជ័យ។
១. ពិភាក្សាជាមួយមនុស្សដែលអ្នកជឿថាគេមានសមត្ថភាពប្រឹក្សាអ្វីដែលអ្នកមិនច្បាស់ និងអាចបង្ហាញផ្លូវដល់អ្នកបាន
នៅពេលអ្នករកឃើញគំនិតអាជីវកម្មមួយដែលអ្នកជឿជាក់ថាវានឹងអាចបង្កព្យុះភ្លៀងនៅក្នុងទីផ្សារបាន កុំទុកវាក្នុងចិត្ត និងគិតពីវាតែម្នាក់ឯង។ ស្វែងរកការប្រឹក្សាជាមួយមនុស្សមានសមត្ថភាព ហើយអ្នកអាចទុកចិត្តបាន ដែលពួកគេអាចជួយអ្នកកែតម្រូវចំណុចខ្វះខាត និងធ្វើឲ្យជំហានទៅរកគោលដៅរបស់អ្នកកាន់តែល្អឥតខ្ចោះ ជាពិសេសបើពួកគេជាមនុស្សដែលធ្លាប់ឆ្លងកាត់ ដឹងពីទីផ្សារដែលអ្នកចង់ចូលប្រឡូក។ អ្នកអាចសួរពួកគេនូវសំនួរទាំងនេះ ៖ តើអ្នកគិតថាគំនិតអាជីវកម្មនេះអាចទៅរួចដែរទេ? បើអាច តើខ្ញុំអាចធ្វើឲ្យវាជោគជ័យដោយរបៀបណា? តើអ្នកនឹងទិញផលិតផល ឬសេវាកម្មដែលខ្ញុំចង់លក់ហ្នឹងទេ ហើយគិតថាតម្លៃប៉ុន្មានសមរម្យ?
ប៉ុន្តែចូរចាំថា មនុស្សដែលអ្នកទៅប្រឹក្សាជាមួយនោះ មិនមែនមានន័យថាពួកគេជាអ្នកកំណត់ថាអ្នកជោគជ័យ ឬបរាជ័យនោះទេ ហើយវាអាស្រ័យថាអ្នកស្គាល់មនុស្សពូកែកម្រិតណា។ យកចម្លើយរបស់ពួកគេមកផ្ទៀងផ្ទាត់ និងវិភាគជាមួយគំនិតរបស់អ្នក ហើយត្រង់ណាមិនយល់ សួរពួកគេកុំខ្លាច តែកុំស្តាប់តាមពួកគេទាំងស្រុងដោយមិនបានឆ្លងកាត់ការគិតរបស់អ្នក។
២. ស្រាវជ្រាវទីផ្សារ
បន្ទាប់ពីអ្នកបានអភិវឌ្ឍ និងកែសម្រួលគំនិតអាជីវកម្មរបស់អ្នកហើយ រឿងបន្ទាប់គឺដឹងពីទីផ្សារ។ រកស៊ីវាដូចជាធ្វើសង្គ្រាមអញ្ចឹង បើអ្នកអាចក្តោបក្តាប់ស្ថានការណ៍បាន អ្នកមានឱកាសឈ្នះច្រើន ប្រៀបបាននឹងការក្តោបក្តាប់ទីផ្សារបាន គឺជោគជ័យអញ្ចឹងដែរ។ តើមានអ្នកធ្វើអាជីវកម្មដូចអ្នកនៅក្នុងទីផ្សារហ្នឹងទេ? តើកាលពីមុនមានអ្នកអនុវត្តន៍គំនិតអាជីវកម្មដូចអ្នកទេ ហេតុអ្វីបានជាគេបរាជ័យ? តើអ្នកនឹងបង្ហាញខ្លួនដោយរបៀបណាដើម្បីប្រជែងជាមួយគេ? តើអតិថិជនរបស់អ្នកជានរណា នៅទីណា?
ក្នុងដំណើរការស្រាវជ្រាវ កុំផ្តោតតែរឿងរ៉ាវ និងបទពិសោធន៍ជោគជ័យពេក អ្នកត្រូវការទិន្នន័យច្បាស់មកវិភាគ។ នៅពេលបានព័ត៌មានមកហើយ រឿងបន្ទាប់គឺរកវិធីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកប្លែកពីគេបែបវិជ្ជមាន ល្អជាងគេ និងមានស្តង់ដារជាងគេ។
ក្រោយមក ព្យាយាមស្វែងរកដៃគូអាជីវកម្មនៅក្នុងទីផ្សារ។ ឧទាហរណ៍ថា អ្នកផលិតអាហារសត្វ តើអ្នកនឹងទាក់ទងទៅហាងលក់អាហារសត្វណាសម្រាប់ដាក់លក់ផលិតផលរបស់អ្នក? បើអ្នកបើកសេវាដឹកជញ្ជូនអាហារ តើអ្នកនឹងទៅទាក់ទងហាងអាហារណាខ្លះធ្វើជាដៃគូរបស់អ្នក? មានបណ្តាញកាន់តែច្រើន អាជីវកម្មរបស់អ្នកកាន់តែជោគជ័យ។
ក្នុងដំណាក់កាលនេះ អ្នកនឹងដឹងរឿងថ្មីៗជាច្រើន ហើយអ្នកក៏ប្រហែលជាមានគំនិតចង់កែសម្រួលគំនិតអាជីវកម្មរបស់អ្នកម្តងទៀតដែរ ដើម្បីឲ្យវាកាន់តែសំខាន់។ តើមានចំណែកទីផ្សារល្អណាដែលអ្នកអាចចូលចាប់យកបានទេ? តើក្នុងទីផ្សារដែលពោរពេញដោយការប្រកួតប្រជែងនោះ តើអ្នកមានអាវុធអ្វី(ចំណុចខ្លាំង) ដើម្បីចូលប្រយុទ្ធជាមួយគេ? ហើយអ្នកដឹងថាត្រូវការពង្រឹងខ្លួនឯងនូវចំណុចអ្វីខ្លះ ឬអត់? អ្នកអាចអានអំពីការរៀបចំគម្រោងទីផ្សារ និងការស្រាវជ្រាវទីផ្សារនៅក្នុងទំព័រ #យុទ្ធសាស្ត្រ ។
៣. ព្រៀងគម្រោងអាជីវកម្ម
ជំហានបន្ទាប់ មុនបើកអាជីវកម្មថ្មី គឺត្រៀមគម្រោងអាជីវកម្ម។ មនុស្សមួយចំនួននិយាយថា “ចង់ចេញរកស៊ី ចាប់ផ្តើមទៅ កុំគិតច្រើនពេក”។ ពាក្យទាំងនេះសម្រាប់តែអ្នកមានលុយច្រើន មានឪពុកម្តាយ បងប្អូនចាំជួយតែប៉ុណ្ណោះ ហើយមនុស្សដែលជោគជ័យដោយមិនមានគម្រោងមានមិនច្រើនទេ វាអាចមកពីពួកគេពូកែពិតមែន ឬក៏អាចជាសំណាងក៏ថាបាន។
គម្រោងអាជីវកម្មអាចសរសេរជាផ្លូវការណ៍ ឬគ្រាន់តែជាគំនូសព្រៀង ប៉ុន្តែវាអាចឲ្យអ្នកកាន់តែច្បាស់លើអនាគតនៃអាជីវកម្មរបស់អ្នក មុនពេលចាប់ផ្តើមបើកទ្វា។ អ្នកអាចបើករៀនបន្ថែមពីរបៀបសរសេរគម្រោងអាជីវកម្មនៅក្នុងទំព័រ #ចេញរកស៉ី នៅលើ apamat.com។
បើអ្នកមិនចូលចិត្តសរសេរគម្រោងអាជីវកម្មផ្លូវការណ៍ដែលមានលក្ខណៈស្មុកស្មាញទេ អ្នកអាចពិចារណា គម្រោងអាជីវកម្មមួយសន្លឹកបាន។
៤. តេស្ត
ការតេស្តសាកល្បង គឺជាជំហានមួយរបស់គម្រោងអាជីវកម្ម។ វាអាចឲ្យអ្នកមើលដឹងថាអ្វីដែលអ្នកបានគិត វាអាចទៅរួចឬអត់ក្នុងស្ថានភាពជាក់ស្តែង។ គោលបំណងនៃការតេស្តនេះ គឺដើម្បីបញ្ចៀសមហន្តរាយធំ ខាតបង់លុយ និងពេលវេលាអស់ច្រើន និងដើម្បីធានាថាផ្លូវដែលអ្នកកំពុងដើរគឺត្រឹមត្រូវ។
ឧទាហរណ៍ថា អ្នកគ្រោងបើករោងចក្រផលិតគ្រឿងសង្ហារឹមខ្នាតកណ្តាល អញ្ចឹងអ្នកអាចតេស្តគម្រោងរបស់អ្នកសិនតាមរយៈផលិតនៅក្នុងទីធ្លាណាមួយសិន (កុំទាន់សង់រោងចក្រ) ធ្វើទីផ្សារនៅលើបណ្តាញសង្គម ឬនៅតាមឧបករណ៍ផ្សាយផ្សេងទៀត ឲ្យដឹងថាយីហោគ្រឿងសង្ហារឹមរបស់អ្នកមានអ្នកគាំទ្រប៉ុណ្ណា។ អ្នកអាចបង្កើតគេហទំព័រដើម្បីឲ្យអតិថិជនមើលម៉ូត និងដឹងអំពីផលិតផលរបស់អ្នក។ បើវាជោគជ័យតាមការគ្រោងទុក អ្នកអាចជះលុយសាងសង់រោងចក្រដោយទំនុកចិត្ត តែបើវាមិនបានលទ្ធផលតាមការគ្រោងទុក យ៉ាងហោចណាស់អ្នកបានដឹងថាគួរកែប្រែចំណុចណាខ្លះឡើងវិញ ដើម្បីធានាពីភាពជោគជ័យ។
៥. ដើមទុន
រឿងបន្ទាប់គឺដើមទុន តើអ្នកត្រូវការលុយប៉ុន្មានដើម្បីដំណើរការគម្រោង? អ្នកអាចមានជម្រើសក្នុងការប្រមូលទុនដូចខាងក្រោម៖
- ដើមទុនពីស្ថាបនិកទាំងស្រុង មិនលាយឡំជាមួយទុនពីអ្នកខាងក្រៅ
- ដើមទុនពីការទៅខ្ចីលុយធនាគារ (អ្នកនឹងត្រូវសង និងបង់ការប្រាក់ទៅធនាគារ ទោះបីខាត ឬចំណេញក៏ដោយ)
- ដើមទុនពីអ្នកវិនិយោគខាងក្រៅ (លក់ចំណែកភាគហ៊ុនទៅឲ្យភាគីទីពីរ ឬទីបី) ៕
