ជំនាញសំខាន់ៗចំនួន៧ ដែលអ្នកចង់រកស៉ីគួរចេះ

2665

១.​ មានមហិច្ចតាខ្ពស់៖ វាងាយស្រួលខ្លាំងណាស់សម្រាប់មនុស្សជាច្រើនក្នុងការបោះបង់ចោលនូវក្ដីស្រមៃ ឬការងារណាមួយនៅពេលដែលយើងជួបនឹងការលំបាក។ ដូចនេះការមានមហិច្ចតានិងទឹកចិត្តពុះកញ្ច្រោលក្នុងការសម្រេចធ្វើអ្វីមួយអោយបានមិនថាក្នុងស្ថានភាពណាពិតជាជួយយើងបានច្រើនក្នុងការដើរពីមួយជំហានទៅមួយជំហានដើម្បីទៅដល់គោលដៅបាន។​

២.​ ចូលចិត្តស្វែងរកចំណេះដឹងបន្ថែម៖ មនុស្សជាច្រើនគិតថាការរៀនសូត្រនឹងមិនចាំបាច់ទៀតទេនៅពេលចប់បាក់ឌុប ឬមហាវិទ្យាល័យ តែការពិតមិនដូច្នោះទេយើងត្រូវតែរៀនបន្ថែមទៀតមិនថាពីសង្គមជាក់ស្ដែង ឬពីសៀវភៅដែលទាក់ទងនឹងជំនួញ​ ជីវិត ទំនាក់ទំនងល្អៗជាច្រើនទៀត។​ ប្រសិនបើអ្នកធ្លាប់អានឬស្ដាប់ការអោយយោបល់របស់បុគ្គលជោគជ័យជាច្រើនគឺពួកគាត់គ្រប់គ្នាតែងតែណែនាំសៀវភៅអោយយើងអានដើម្បីបណ្ដុះផ្នត់គំនិតដូចគាត់ដែរ។

៣.​ ចេះស្ដាប់គេឯង៖ អ្នកមិនអាចគ្រប់គ្រងមនុស្សបានទេ ប្រសិនបើមិនចេះវិធីសាស្ត្រក្នុងការទំនាក់ទំនងគ្នា​។​ ការទំនាក់ទំនងគ្នានោះគឺមានទៅមានមក ​ដូចនេះវាចាំបាច់សម្រាប់យើងក្នុងការចេះស្ដាប់យោបល់អ្នកដទៃដោយយកចិត្តទុកដាក់ ហើយមិនគិតថាខ្លួនពូកែជាងគេទេ​ ទោះបីជាអ្នកនោះជាបុគ្គលិក ឬឋាន:ក្រោមយើងក៏ដោយ។​ ត្រូវយកគំនិតមួយមកដាក់ខ្លួនថាអ្នកដែលយើងកំពុងស្ដាប់ប្រហែលជាដឹងនូវអ្វីដែលយើងមិនដឹង។​

៤. មានភាពច្នៃប្រឌិត៖ ប្រសិនបើអ្នកធ្វើការងារមួយតាមរបៀបដដែលៗប្រហែលជាវាមិនផ្ដល់ផលច្រើនហើយ ក៏មិនធ្វើអោយអ្នកពេញចិត្តនឹងធ្វើវាដែរ ម្ល៉េះហើយវាចំបាច់ក្នុងការស្វែងរកវិធីថ្មីៗដែលអាចផ្ដល់ផលច្រើនជាងមុន។ ដើម្បីអោយអ្នកចេះមានគំនិតថ្មីៗ​ អ្នកត្រូវស្វែងរកនូវបទពិសោធន៍បន្ថែម តាមរយ:ការជួបជាមួយមនុស្សថ្មីៗ និងប្រឡូកចូលក្នុងសកម្មភាពដែលយើងមិនធ្លាប់ធ្វើពីមុនមក​។

៥. មានទំនុកចិត្តនឹងខ្លួនឯង៖ ចំនុចទី៣និយាយថាអ្នកត្រូវចេះស្ដាប់គេឯង តែយើងក៏ត្រូវចេះបញ្ចេញគំនិតខ្លួនឯងដោយមិនខ្លាចប៉ះពាល់ដល់ការយល់ឃើញរបស់គេឡើយ មិនត្រឹមតែប៉ុណ្ណោះយើងក៏ត្រូវចេះបដិសេធនូវគំនិតណាដែលយើងយល់ថាមិនល្អ។ ទោះបីជាការមានទំនុកចិត្តនេះសំខាន់យ៉ាងណាក៏ដោយ ក៏យើងត្រូវមានគំនិតមួយថាខ្លួនមិនមែនត្រូវមួយរយភាគរយទេ ហើយបើមានអ្វីដែលល្អជាងគំនិតខ្លួន យើងនឹងផ្លាស់ប្ដូរវាចោលភ្លាមដើម្បីភាពរីកចម្រើនដែលជាគោលដៅធំរបស់យើង។

៦. មិនងាយនឹងចុះចាញ់៖ បើអ្នកសួរបុគ្គលគ្រប់ៗរូបអំពីដំណើរជីវិតរបស់ខ្លួន ច្បាស់ណាស់ថាពួកគាត់នឹងប្រាប់ពីបរាជ័យក្នុងជីវិតមុននឹងឈានដល់ភាពជោគជ័យដូចសព្វថ្ងៃ។ ពួកគាត់មិនដែលចាត់ទុកថាការចាញ់គឺជាចុងបញ្ចប់ទេ​ តែចាត់ទុកវាថាជាផ្នែកមួយនៃការរៀនសូត្រក្នុងជីវិត​ អ្វីដែលសំខាន់នោះគឺថាតើយើងចេះកែប្រែនូវចំនុចអវិជ្ជមានកុំអោយកើតមានម្ដងទៀតដែរឬទេ?

៧.​ មានភាពក្លាហានក្នុងការប្រថុយ៖ ដើម្បីសម្រេចបានគោលដៅមួយ អ្នកត្រូវតែយកគម្រោងនិងគំនិតរបស់ខ្លួនទៅអនុវត្ត។ តែការអនុវត្តនោះប្រឈមនឹងហានិភ័យ ដូចនេះអ្នកចាំបាច់ត្រូវមានភាពក្លាហានក្នុងការប្រឈមមុខនឹងវា។ ដើម្បីកាត់បន្ថយភាគរយនៃការបរាជ័យ​ អ្នកអាចសិក្សាអោយច្បាស់ពីអ្វីដែលយើងចង់ធ្វើ ហើយក៏ត្រូវចេះសួរយោបល់ពីអ្នកដែលធ្លាប់ធ្វើមុនៗមកដើម្បីអោយពួកគាត់ជួយតម្រង់ផ្លូវ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។