អាមេរិក(CNBC)៖ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនធំលំដាប់ពិភពលោក General Electric ឬហៅកាត់ថា GE លោក Larry Culp បានទិញភាគហ៊ុនដែលមានតម្លៃ 2.2លានដុល្លារពីក្រុមហ៊ុនរបស់ខ្លួនឯង កាលពីសប្តាហ៍មុន។
លោក Culp បានទិញភាគហ៊ុនចំនួន 225,000 ហ៊ុនក្នុងតម្លៃជាមធ្យម 9.73 ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃមុនពេលផ្សារហ៊ុនបិទ នៅក្នុងតម្លៃទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។ ការទិញនេះបានធ្វើឲ្យលោកកាន់កាប់ភាគហ៊ុនសរុបរបស់ GE ឡើងដល់ចំនួន 416,000 ហ៊ុន។ លោក Culp បានទិញភាគហ៊ុន 191,000 នៅថ្ងៃទី 24 ខែកក្កដា ក្នុងតម្លៃ 13.04 ដុល្លារក្នុងមួយហ៊ុន កាលពីលោកនៅបម្រើការងារក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ GE ។
តម្លៃភាគហ៊ុនរបស់ GE កាលពីថ្ងៃច័ន្ទម្សិលមិញបានកើនឡើងចំនួន 0.4%។
នៅពេលដែល CEO ទិញភាគហ៊ុនត្រឡប់មកវិញ ជាសញ្ញាបង្ហាញថាក្រុមហ៊ុនដែលកំពុងតែមានសម្ទុះងើបឡើងនៃប្រាក់ចំណេញ។ លោក Jamie Dimon អគ្គនាយកនៃក្រុមហ៊ុន JP Morgan បានទិញភាគហ៊ុនពីក្រុមហ៊ុនខ្លួនឯងចំនួន 3 ដងនៅចន្លោះខែមករាឆ្នាំ 2009 និងខែកុម្ភៈឆ្នាំ 2016 ដែលបានធ្វើឲ្យគាត់កើនភាគហ៊ុនចំនួន 500,000 ហ៊ុន កំឡុងពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះទាបបំផុត។ ការវិនិយោគរបស់លោក Dimon បានបង្ហាញឲ្យយើងឃើញថាលោកមានភាពវៃឆ្លាត ព្រោះថាភាគហ៊ុនរបស់ J.P Morgan បានកើនឡើងដល់ទៅ 330% ចាប់តាំងពីការទិញលើកដំបូងរបស់គាត់មក ហើយពេលនេះលោក Culp ក៏កំពុងតែដើរតាមគន្លងនេះដែរ។
លោក Culp បានចូលគ្រប់គ្រងនៅក្រុមហ៊ុន GE កាលពីថ្ងៃទី 1 ខែតុលាកន្លងទៅ ហើយសកម្មភាពដំបូងរបស់លោក គឺលោកបានកាត់បន្ថយការចែកភាគលាភប្រចាំត្រីមាសកាលពីសប្តាហ៍មុន ឲ្យមកចែកតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយវានឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ 2019 ទៅ។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនមានចំនួនកាន់តែច្រើន ដោយសារតែកាត់បន្ថយចំនួននៃពេលចែកភាគលាភ។ ការចូលមកអង្គុយក្នុងតំណែងថ្មីនេះ លោក Culp នឹងត្រូវប្រឈមមុខនឹងស្ថានភាពលំបាកជាច្រើន រួមទាំងរឿងអាជីវកម្មថាមពល ដែលកំពុងរអាក់រអួលរបស់ក្រុមហ៊ុន និងរឿងស៊ើបអង្កេតគណនេយ្យ ដែលកំពុងធ្វើឡើងដោយនាយកដ្ឋានយុត្តិធម៌ និងគណៈកម្មការមូលបត្រ។
លោក Culp ក៏បានចុះហត្ថលេខាលើរង្វាន់ជាភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ នៅពេលលោកចុះហត្ថលេខាធ្វើការឲ្យក្រុមហ៊ុន GE ។ ក្រុមហ៊ុននេះ សន្យាថានឹងផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំ និងរង្វាន់ប្រចាំឆ្នាំគិតជាទឹកប្រាក់សរុបចំនួន 317លានដុល្លារ ប្រសិនបើគាត់អាចធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន GE កើនឡើងចំនួន 150% ក្នុងរយៈពេល 4 ឆ្នាំខាងមុខ៕
