សហព័ន្ធអារ៉ាប់រួម ចាប់អារម្មណ៍វិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅកម្ពុជា

1882

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃអង្គារ ទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្សឌូបៃ សហព័ន្ធអារ៉ាប់រួម។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានគោរពជម្រាបជូន ម្តេចតេជោថា ព្រះអង្គមានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ព្រះអង្គម្ចាស់បានបង្ហាញចំណាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ព្រះអង្គម្ចាស់ បានជម្រាបសម្តេចតេជោថា នឹងផ្តល់ជូន​ឥណទានកម្ចី (Credit line) ចំនួន 500 លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួមផងដែរនាពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជាសហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។

សម្ដេចក៏ថ្លែងអំណរគុណចំពោះព្រះអម្ចាស់ផងដែរ ចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន 500 លានដុល្លារ សម្រាប់នាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅអារ៉ាប់រួម ដោយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយនឹងទៅធ្វើទស្សនកិច្ចនៅទីនោះ។ ដោយឡែកពាក់ព័ន្ធ ឥណទានកម្ចី (Credit line)​ 500 លានដុល្លារនោះ សម្ដេចតេជោ បានណែនាំឲ្យពិភាក្សាជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។