ការលក់រាយនៅអាមេរិកនារដូវសម្រាកបុណ្យណូអែលឆ្នាំនេះ អាចនឹងមានចំនួន 1ទ្រីលានដុល្លារ

2007

អាមេរិក(CNBC)៖ ការលក់រាយនៅថ្ងៃឈប់សម្រាកបុណ្យណូអែលនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងមានចំនួនកើនឡើងលើសពី 1 ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំនេះ ដោយសារតែចំនួនអ្នកអត់ការងារធ្វើចុះទាប កំណើនប្រាក់ចំណូលរឹងមាំ និងទទួលបានទំនុកចិត្តពីអតិថិជនខ្ពស់។

ការលក់រាយសរុបនៅសហរដ្ឋអាមេរិក នឹងកើនឡើងដល់ 1.002 ទ្រីលានដុល្លារក្នុងអំឡុងពេលវិស្សមកាលដែលកំណត់រយៈពេលចាប់ពីថ្ងៃទី 1 ខែវិច្ឆិកាដល់ថ្ងៃទី 31 ខែធ្នូឆ្នាំនេះ ពោលគឺកើនឡើងជិត 6 ភាគរយធៀបនឹងឆ្នាំមុន ដែលជាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2011 មក។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ eMarketer បានបង្ហាញ។

របាយការណ៍នេះបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីអនាគតរបស់ហាងលក់រាយ ខណៈដែលក្រុមហ៊ុនលក់រាយធំៗដូចជា Sears និង Toys “R” Us កំពុងប្រឈមនឹងការក្ស័យធន  ទោះបីជាធនាគារម្ចាស់ឥណទានកាលពីពេលថ្មីៗនេះ បានលុបចោលការលក់ការក្ស័យធន និងមានផែនការស្តារយីហោថ្មីនេះក៏ដោយ។

ហាងលក់រាយជាច្រើន កំពុងបិទហាងរាប់រយជាបន្តបន្ទាប់នៅទូទាំងប្រទេស ដោយសារតែការគំរាមកំហែងនៃការប្រកួតប្រជែងបានកើនឡើងពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ដូចជាក្រុមហ៊ុន Amazon និង eBay នៅតែបន្តដាក់សម្ពាធលើឧស្សាហកម្មនេះ។ កាលពីថ្ងៃចន្ទ ហាងលក់គ្រឿងលម្អផ្ទះ Lowe’s បានឱ្យដឹងថាខ្លួននឹងបិទហាងលក់រាយ 51ហាងនៅទូទាំងសហរដ្ឋអាមេរិក និងកាណាដា។

ការស្រាវជ្រាវនេះបានឱ្យដឹងថា វិស័យនេះនឹងទទួលបានកំណើន 4.4 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងហាងលក់ក្នុងតម្លៃរហូតដល់ 878.38 ពាន់លានដុល្លារ ហើយថាការលក់រាយនឹងក្លាយជា «ចំណុចភ្លឺត្រជះត្រចង់» សម្រាប់ឧស្សាហកម្មលក់រាយទាំងមូល នាឆ្នាំ 2018 ក្នុងរដូវកាលឈប់សម្រាកបុណ្យណូអែលខាងមុខនេះ។

លោក Andrew Lipsman អ្នកវិភាគដ៏ពូកែនៅក្រុមហ៊ុន eMarketer បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «ខណៈពេលដែលការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិកនឹងបន្តកើនឡើងទ្វេដងយ៉ាងខ្លាំងនោះ ការលក់រាយនឹងក្លាយជាចំណុចពិសេសមួយនៅរដូវកាលឈប់សម្រាកនេះ»។

លោកបានបន្តថា “មិនមែនអ្នកលក់ដុំ និងរាយទាំងអស់ សុទ្ធតែមានការរីកចំរើនទេ ហើយមានក្រុមហ៊ុនជាច្រើនទៀតបានបិទទ្វារនៅឆ្នាំនេះដែរ ប៉ុន្តែអ្នកខ្លះទៀតកំពុងធ្វើឱ្យមានការចាប់អារម្មណ៍លើទីផ្សារដណ្តើមយកអតិថិជន។”

ទោះយ៉ាងណាក៏ដោយ ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិចនៅតែបន្តកើនឡើងនៅក្នុងទីផ្សារ ហើយទទួលបានតួលេខ 12.3% នៃការលក់សរុបនៅក្នុងឆ្នាំនេះ បើយោងតាមរបាយការណ៍របស់ ​​eMarketer ។ ការសិក្សានេះបាននិយាយថា ការលក់រាយតាមអនឡាញត្រូវបានព្យាករណ៍ថានឹងកើនឡើង 16.6 ភាគរយធៀបនឹងឆ្នាំមុន និងមានតម្លៃដល់ទៅ 123.73 ពាន់លានដុល្លារអាមេរិក។

អ្នកនាង Cindy Liu អ្នកវិភាគប្រចាំក្រុមហ៊ុន eMarketer បាននិយាយថាចម្បាំងដ៏ធំរវាងក្រុមហ៊ុនលក់រាយតាមអនឡាញនៅសហរដ្ឋអាមេរិក នឹងធ្វើឲ្យចំណែកទីផ្សារកាន់តែរីកធំ។ នាងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគួរតែរំពឹងថានឹងមានការលើកកម្ពស់ និងការលើកទឹកចិត្តកាន់តែច្រើនដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃ និងឆាប់រហ័សដើម្បីជួយអ្នកលក់រាយប្រកួតប្រជែងនឹងក្រុមហ៊ុន Amazon” ។

ពិតណាស់កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Amazon បានដាក់សម្ពាធលើឧស្សាហកម្មនេះសម្រាប់រដូវកាលឈប់សម្រាកនៅឆ្នាំនេះ ដោយបន្ថយតម្រូវការទិញអប្បបរមាលើការបញ្ជាទិញទាំងអស់ ដែលមានន័យថាអតិថិជនរបស់ខ្លួនទាំងអស់នឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងកំឡុងពេលកំណត់មួយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។