តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតអោយក្រុមហ៊ុនចំនួន៦វិនិយោគលើវិស័យជាច្រើនក្នុងទីតាំងផ្សេងៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានសណ្ឋាគារ កសិដ្ឋាន និងរោងចក្រផលិតរបស់ប្រើប្រាស់ ភេសជ្ជ:ជាដើម។ រោងចក្រផលិតបារីមួយទៀតរបស់ក្រុមហ៊ុន Y SENG CO.,LTD ត្រូវបានអនុញ្ញាតអោយសាងសង់ដែរតែមិនទទួលបានការលើកទឹកចិត្តពីខាងរដ្ឋាភិបាលទេ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។
– ទី១ គឺក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ–ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ៤៣,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.១៤០កន្លែង។
– ទី២ គឺក្រុមហ៊ុន TJN PROPERTIES CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១៥កន្លែង។
– ទី៣ គឺក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។
– ទី៤ គឺក្រុមហ៊ុន GRAND PRODUCTION CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៩កន្លែង។
– ទី៥ គឺក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD. គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៨៤កន្លែង។
– ទី៦ គឺក្រុមហ៊ុន PCAM BEVERAGE CO.,LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤២០កន្លែង៕
