តើភាគហ៊ុនគឺជាអ្វី? ហេតុអ្វីបានគេបង្កើតវាឡើង?

7900

មកដល់យុគសម័យទំនើបនេះ ការវិនិយោគក្នុងផ្សារហ៊ុនបានក្លាយជាវិធីមួយដ៏មានឥទ្ធិពលសម្រាប់អ្នកវិនិយោគឯកជន អ្នកវិនិយោគលក្ខណៈគ្រួសារ ដើម្បីបង្កើនទ្រព្យ និងបង្កើនប្រភពចំណូល។ ប៉ុន្តែការដែលហក់ចូលទៅក្នុងពិភពផ្សារហ៊ុនទាំងមិនដែលស្គាល់វា មិនធ្លាប់រៀនពីវា អាចបង្កការខាតបង់យ៉ាងឆាប់រហ័ស។ ថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានធនាគារអេស៉ីលីដាចូលផ្សារហ៊ុនកម្ពុជា មនុស្សជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែការវិនិយោគក្នុងផ្សារហ៊ុនវាប្រហែលជាមិនមែនដូចអ្វីដែលអ្នកគិតនោះទេ។

ការវិនិយោគក្នុងផ្សារហ៊ុន វាស្មុកស្មាញជាងការវិនិយោគចូលភាគហ៊ុនក្នុងអាជីវកម្មណាមួយ។ មានអាថ៌កំបាំងជាច្រើននៅក្នុងជំនាញវិនិយោគភាគហ៊ុននៃផ្សារមូលបត្រ វាគឺជាក្រដាសទិញលក់ប៉ុន្មានសន្លឹក និងតួលេខឡើងចុះមិនចេះឈប់ ដែលតម្រូវឲ្យអ្នកតាមដានព័ត៌មាន និងទីផ្សារជាប្រចាំ។

តើអ្វីជាភាគហ៊ុន?

និយាយតាមបែបសាមញ្ញ ភាគហ៊ុនគឺតំណាងឲ្យភាពជាម្ចាស់ស្របច្បាប់ក្នុងក្រុមហ៊ុនណាមួយ។ ស្ថាប័នមួយបោះលក់ភាគហ៊ុន ជាទូទៅមានមួយប្រភេទគឺហៅថាសន្និធិរួម ឬហៅថា Common Stock លើកលែងតែនៅប្រទេសមួយចំនួនដែលក្រុមហ៊ុនអាចបោះលក់ភាគហ៊ុនជាពីរប្រភេទគឺ សន្និធិរួម និងភាគហ៊ុនពិសេស (Preferred Stock) ពេលខ្លះភាគហ៊ុន ត្រូវបានគេហៅជាមូលបត្រ ព្រោះវាគឺជាប្រភេទមួយនៃការធានាផ្នែកហិរញ្ញវត្ថុ ឬពេលខ្លះគេហៅវាជាដើមទុន ព្រោះវាតំណាងឲ្យភាពជាម្ចាស់នៅក្នុងអាជីវកម្មមួយ។

សន្និធិរួម ឬហៅបែបសាមញ្ញថាភាគហ៊ុនធម្មតា៖ មានសិទ្ធិទទួលបានចំណែកនៃប្រាក់ចំណេញ ឬការខាតបង់របស់ក្រុមហ៊ុន។ ម្ចាស់ភាគហ៊ុនជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ហើយពេលខ្លះអាចបោះឆ្នោតរើស CEO ថ្មី និងដេញចោលផងដែរ។ ក្រុមប្រឹក្សាភិបាលជាអ្នកសំរេចចិត្តថាត្រូវរក្សាប្រាក់ចំណេញទាំងនោះ ឬផ្ញើប្រាក់ចំណេញខ្លះ ឬទាំងអស់ទៅម្ចាស់ហ៊ុនដោយគិតជាភាគលាភ។

*ភាគលាភពិសេស៖ ម្ចាស់ហ៊ុនប្រភេទនេះ អាចទទួលបានភាគលាភក្នុងពេលកំណត់ទុកជាមុនណាមួយ ហើយមុនពេលភាគហ៊ុនធម្មតា។ មានន័យថាគេបែងចែកភាគលាភឲ្យម្ចាស់ហ៊ុនពិសេសសិន ទើបគេចែកម្ចាស់ហ៊ុនធម្មតាតាមក្រោយ ហើយប្រសិនបើក្រុមហ៊ុនក្ស័យធន ម្ចាស់ភាគហ៊ុនពិសេសអាចកាត់កងទ្រព្យសម្បត្តិដែលនៅសេសសល់របស់ក្រុមហ៊ុន មុនម្ចាស់ហ៊ុនធម្មតា។ ពេលខ្លះ ភាគហ៊ុនពិសេស អាចបង្វែរទៅជាភាគហ៊ុនធម្មតាក្នុងពេលសន្យាគ្នាណាមួយ ប៉ុន្តែភាគហ៊ុនប្រភេទនេះមិនត្រូវបានគេប្រើនៅកម្ពុជានោះទេ។

តើគេបង្កើតមូលប័ត្រដោយរបៀបណា? ហេតុអ្វីបានជាចាំបាច់បង្កើតវា?

មានមូលហេតុជាច្រើនដែលភាគហ៊ុនត្រូវបានគេបង្កើត ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗ៖

  • ភាគហ៊ុនអាចធ្វើឲ្យក្រុមហ៊ុនបង្កើនដើមទុន (ជាលុយសុទ្ធ) ដើម្បីធ្វើឲ្យគំនិតអាជីវកម្ម ក្លាយជាអាជីវកម្មពិតប្រាកដ។ បើគ្រប់គ្នាសុទ្ធតែមិនត្រូវការទុនពីខាងក្រៅ ប្រហែលជាការវិនិយោគភាគហ៊ុនមិនមាននៅលើលោកនេះទេ។
  • ផ្សារហ៊ុន គឺជាកន្លែងមួយសម្រាប់អ្នកវិនិយោគស្វែងរកឱកាសចំណេញប្រាក់។
  • ផ្សារហ៊ុនអាចឲ្យមនុស្សដែលមិនមានសមត្ថភាពគ្រប់គ្រង និងដឹកនាំអាជីវកម្មដោយខ្លួនឯង អាចវិនិយោគលុយដើម្បីក្លាយជាម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុនក្នុងចំណែកណាមួយ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...