រឿងបួនយ៉ាងអ្នកជោគជ័យមិនចូលចិត្តធ្វើ

2307

តើអ្នកដែលឆ្ងល់ទេថារវាងអ្នកជោគជ័យក្នុងជីវិតនិងមនុស្សសាមញ្ញមានចំនុចណាខ្លះដែលខុសគ្នា? ថ្ងៃនេះយើងផ្ដោតទៅលើការគិតនិងសកម្មភាពរបស់ពួកគាត់វិញម្ដង។ ខាងក្រោមនេះគឺចំនុចខ្លះៗដែលអ្នកជោគជ័យមិនចូលចិត្តធ្វើហើយបើយើងអាចធ្វើតាមបាននោះអ្នកកំពុងតែស្ថិតនៅលើផ្លូវទៅកាន់ភាពជោគជ័យហើយ។

១.ធ្វើការហួសហេតុ: យើងគិតថាការធ្វើការងារច្រើនល្អសម្រាប់ការងារឬមុខរបរយើង ប៉ុន្ដែការខិតខំប្រឹងប្រែងធ្វើការហួសហេតុពេកធ្វើអោយយើងបាក់កម្លាំង និងចុងក្រោយគឺឈឺទាំងខ្លួនបាត់បង់ទាំងលុយព្រោះមិនអាចយកពេលមិនស្រួលខ្លួនមកធ្វើការអោយបានល្អឡើយ។​ បើតាមស្ថិតិនៅសហរដ្ឋអាមេរិចវិញក្នុងមួយឆ្នាំប្រជាជនខាតលុយចំនួន៦៣ពាន់លានដុល្លាព្រោះពួកគេមិនអាចបំពេញការងារបានល្អដោយសារតែប្រឹងធ្វើការច្រើនម៉ោងរហូតធ្វើអោយប៉ះពាល់ដល់សុខភាព។ ពិតណាស់ថាអ្នកដែលមានគោលដៅថាត្រូវធ្វើអ្វីដើម្បីជោគជ័យក្នុងជីវិតគួរតែប្រឹងអោយអស់ពីលទ្ធភាព​តែក៏ត្រូវចេះថ្លឹងថ្លែងរវាងពេលធ្វើការ​ និងពេលសម្រាកលំហែផងដែរតាមរយៈការដេកអោយគ្រប់ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ហាត់ប្រាណ ហើយបើអាចគួរធ្វើដំនើរកំសាន្ដផង។

២.គ្មានគម្រោងទីពីរ: រឿងមួយដែលអ្នកគួរតែដឹងនោះគឺគម្រោងដែលអ្នកបានរៀបចំរួចនោះមិនដំណើរការតាមអ្វីដែលយើងចង់បានមួយរយភាគរយទេ ម្ល៉េះហើយយើងគួរតែមានគម្រោងទីពីរសម្រាប់ត្រៀមទុកស្ថានការណ៍ដែលអាចកើតឡើងដោយមិនដឹងមុនបាន។ ឧទាហរណ៍ថា អ្នកកំពុងរកស៊ីលក់ទំនិញបោះដុំហើយអោយគេជំពាក់ ដូចនេះយើងត្រូវមានលុយបម្រុងសម្រាប់ទូទាត់ឬសម្រាប់ធ្វើការងារបន្ទាន់ណាមួយព្រោះយើងមិនអាចរំពឹងថាអ្នកជំពាក់ច្បាស់ជាសងយើងនៅថ្ងៃណាមួយជាក់លាក់ទេ។

៣.មិនសុំជំនួយពីគេ: អ្នកខ្លះចូលចិត្តធ្វើអ្វីតែឯងព្រោះវាងាយស្រួលធ្វើមិនមានអ្នកមកទើសដៃទើសជើង តែបើយើងមានកន្លែងណាមិនច្បាស់គួរចេះសុំសួរយោបល់ពីគេមិនគិតថាខ្លួនឯងចេះអស់ឬខ្លាចគេថាអន់នោះទេ ព្រោះមនុស្សយើងគ្រប់គ្នាមិនមែនកើតមកពូកែគ្រប់ជំនាញទេ។ បើនៅតែប្រឹងធ្វើទាំងងងឹតងងុលមិនព្រមហៅអ្នកចេះមកជួយ នោះចុងក្រោយគឺខាតបង់តែខ្លួនឯងប៉ុណ្ណោះ។

៤.ចំណាយពេលឥតប្រយោជន៍: នៅលើពិភពលោកនេះមានមនុស្សប្រហែល២០ភាគរយដែលជាមនុស្សចូលចិត្តភាពខ្ចិលច្រអូសមិនធ្វើអ្វីមានប្រយោជន៍ទេ។ សម័យនេះគេឃើញមនុស្សជាច្រើនចំណាយពេលទៅលើគ្រឿងអេឡិចត្រូនិច លេងហ្គេម ឬដើរលេងជាដើម ហើយការធ្វើបែបនេះកាន់តែច្រើននឹងធ្វើអោយយើងស្ត្រេសព្រោះខាងផ្នែកខួរក្បាលប្រាប់ថាយើងកំពុងតែធ្វើអ្វីដែលគ្មានប្រយោជន៍និងកំពុងតែដើរក្រោយអ្នកដទៃមួយជំហានហើយ។ ដើម្បីអោយជីវិតមានន័យរឿងមួយសំខាន់ដែលយើងត្រូវអនុវត្តនោះគឺធ្វើការងារណាដែលយើងគិតថាមានប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។