Hyundai បោះទុនចំនួន 250លានដុល្លារបន្ថែមទៀត ទៅក្នុងក្រុមហ៊ុន Grab របស់សឹង្ហបុរី

2169

ក្រុងសេអ៊ូល(រ័យទ័រ)៖ ក្រុមហ៊ុន Hyundai Motor Co បានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគចំនួន 250 លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន Grab របស់សិង្ហបុរី និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី 2 ដែលវិនិយោគនៅក្នុង Grab បន្ទាប់ពីក្រុមហ៊ុន Toyota។

ក្រុមហ៊ុន Hyundai និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp នឹងចាប់ផ្តើមគម្រោងផលិតរថយន្តអគ្គីសនីនៅអាស៊ីអាគ្នេយ៍នៅឆ្នាំក្រោយ ដោយចាប់ផ្តើមដំណើរការពីប្រទេសសឹង្ហបុរីទៅ ហើយរថយន្ត 200 គ្រឿងនឹងត្រូវជួលឱ្យអ្នកបើកបររបស់ Grab ។

ក្រុមហ៊ុននេះក៏បានឱ្យដឹងថា គម្រោងនេះនឹងត្រូវពង្រីកទៅកាន់ប្រទេសមួយចំនួនរួមទាំងម៉ាឡេស៊ី និងវៀតណាមផងដែរ ដែលទីផ្សារសម្រាប់រថយន្តដំណើរការដោយសាំង និងម៉ាស៊ូតកំពុងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនគូប្រជែងរបស់ជប៉ុន។

ប្រធានក្រុមផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន Hyundai លោក Chi Young-cho បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងសេអ៊ូលថា: «មិនត្រឹមតែ Hyundai ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពិភពលោកទាំងអស់បានដឹងថាការបង្កើតប្រាក់ចំណូលដោយផ្អែកតែពីការលក់រថយន្ត មិនមែនជាជម្រើសមាននិរន្តរភាពទេ»។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Hyundai បានឱ្យដឹងថាខ្លួនបានវិនិយោគប្រាក់ចំនួន 25 លានដុល្លារ ដើម្បីកាន់កាប់ភាគហ៊ុនចំនួន 0.45% នៅក្នុងក្រុមហ៊ុន Grab ដោយចូលរួមជាមួយវិនិយោគិនផ្សេងទៀតដូចជា ក្រុមហ៊ុនចិន Didi Chuxing ក្រុមហ៊ុន SoftBank Group Corp និងក្រុមហ៊ុន Toyota Motor Corp របស់ជប៉ុន។

អ្នកនាំពាក្យរបស់ Grab បានថ្លែងថា រហូតមកទល់ពេលនេះ Grab បានទទួលមូលនិធិវិនិយោគចំនួន 2.7 ពាន់លានដុល្លារមកហើយ រួមទាំងការវិនិយោគចុងក្រោយបំផុតរបស់ក្រុមហ៊ុន Hyundai ហើយកំពុងស្ថិតនៅលើគម្រោងទាក់ទាញវិនិយោគទុនឲ្យបានច្រើនជាង 3 ពាន់លានដុល្លារត្រឹមចុងឆ្នាំនេះ។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាក្រុមហ៊ុនរបស់លោក មិនទាន់មានគម្រោងចូលផ្សារហ៊ុនទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។