នៅពេលណាដែលអ្នកសម្រេចធ្វើជាអ្នកជំនួញ អ្នកក៏ត្រូវរៀបចំខ្លួន របៀបរបប និងចិត្តគំនិតឲ្យសមជាអ្នកជំនួញម្នាក់ផងដែរ។ ប្រសិនបើអ្នកមានក្តីស្រមៃជាអ្នកជំនួញដ៏អស្ចារ្យម្នាក់នៅថ្ងៃអនាគត ថ្ងៃនេះ apamat.com នឹងប្រាប់អ្នកថាអ្នកគួរត្រៀមខ្លួនរបៀបណាដើម្បីចូលចុះក្នុងសង្គមរបស់អ្នកជំនួញ។

១. ភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជាទុនសំខាន់មួយរបស់អ្នកជំនួញ។ អ្នករកស៉ីណាដែលគ្មានភាពស្មោះត្រង់ ពុំខុសអ្វីពីកាត់ផ្តាច់ផ្លូវខ្លួនឯងនោះទេ។ 

អ្នកជំនួញជោគជ័យ ពួកគេមិនមែនត្រឹមតែស្មោះត្រង់ជាមួយអ្នកដទៃនោះទេ ពួកគេក៏ដឹងថានរណាដែលស្មោះត្រង់ជាមួយគេវិញដែរ។ ដោយសារតែពួកគេផ្តល់តម្លៃមនុស្សលើភាពស្មោះត្រង់ ពួកគេដឹងយ៉ាងច្បាស់ពីរបៀបមើលមនុស្ស។ ស្តេចវិនិយោគដ៏ល្បីលើផែនដី លោក Warren Buffett ធ្លាប់បាននិយាយថា “ភាពស្មោះត្រង់មានតម្លៃខ្លាំងណាស់ កុំរំពឹងថាបានវាពីមនុស្សថោកទាប”។ 

២. មាយាទ

អ្នកជំនួញខ្លះមានភាពស្មោះត្រង់ ប៉ុន្តែមានមាយាទ អតចរឹតមិនល្អទាល់តែសោះ។ និយាយច្រើនជ្រុល និយាយត្រង់ពេក និយាយមិនស្គាល់កាលៈទេសៈ មិនស្គាល់ទីកន្លែង ឬនិយាយមិនចេះយល់អារម្មណ៍របស់អ្នកដទៃជាដើម។ អ្នកជំនួញជោគជ័យមានមាយាទល្អ និយាយស្តី កាយវិការ និងរាល់សកម្មភាពបញ្ចេញមកខាងក្រៅគឺគួរឲ្យគោរព និងប្រកបដោយសីលធម៌។ 

៣. គុណសម្បត្តិ

អ្នកជំនួញតែងតែមានគុណសម្បត្តិពិសេសមួយជាប់ខ្លួន ហើយគុណសម្បត្តិនោះគឺជាសមត្ថភាពបញ្ចប់ការងារ។ នៅពេលសម្រេចធ្វើជំនួញជាមួយនរណាម្នាក់ហើយ ពួកគេតែងតែបំពេញកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូឲ្យចប់តាមការសន្យា និងធ្វើដោយផ្ចិតផ្ចង់អស់ពីសមត្ថភាព។ នៅពេលពួកគេធ្វើគម្រោងណាមួយ ពួកគេសិក្សាបានច្បាស់លាស់ ហើយមិនងាយបរាជ័យនោះទេ ដែលនេះហើយគឺជាតម្លៃមួយដែលធ្វើឲ្យដៃគូជំនួញ និងអតិថិជនគ្រប់គ្នាទុកចិត្ត។ 

៤. ទំនួលខុសត្រូវ

ទោះបីជាពួកគេមានក្របសីលធម៌ទាំងអស់ខាងលើក៏ដោយ ក៏នៅតែមានពេលខ្លះថ្លោះធ្លោយ ធ្វើឲ្យបរាជ័យខ្លះ និងបង្កើតកំហុសផងដែរ។ ប៉ុន្តែនៅពេលដែលមានកំហុសកើតឡើង ពួកគេមិនរត់ចោលបញ្ហានោះទេ គឺពួកគេនៅទទួលខុសត្រូវ និងស្វែងរកទំនុកចិត្តមកវិញ។

៥. តម្លៃ

ភាពស្មោះត្រង់ មាយាទ សីលធម៌ គុណសម្បត្តិ និងទំនួលខុសត្រូវ ច្របាច់បញ្ចូលគ្នាបានជាតម្លៃមួយដ៏អស្ចារ្យរបស់អ្នកជំនួញ។ តម្លៃមួយនេះ អាចជួយឲ្យពួកគេរកស៉ីអ្វីក៏មានអ្នកគាំទ្រ ទាំងអ្នកវិនិយោគ និងអតិថិជន ហើយវាប្រៀបបានជាស្នេហ៍មួយអញ្ចឹង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។