ធនាគារកសិករថៃ បានវិនិយោគប្រាក់ចំនួន 50លានដុល្លារទៅក្នុងក្រុមហ៊ុន Grab

2771

សិង្ហបុរី​​ នៅថ្ងៃព្រហស្បតិ៍ទី 8 ខែវិច្ឆិកាម្សិលមិញ ក្រុមហ៊ុន Grab បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Kasikornbank ឬហៅកាត់ថា KBank របស់ប្រទេសថៃ ដើម្បីចាប់ផ្តើមបង្កើតកម្មវិធីបង់ប្រាក់តាមទូរស័ព្ទដៃដែលមានឈ្មោះថា GrabPay by KBank

កម្មវិធីបង់ប្រាក់តាមទូរស័ព្ទដៃ ដែលគ្រោងនឹងចាប់ផ្តើមឆាប់ៗនេះនៅដើមឆ្នាំ 2019 វានឹងអនុញ្ញាតឱ្យអតិថិជន Grab បង់ថ្លៃសេវាដឹកជញ្ជូនទាំងមនុស្ស និងទំនិញ ផ្ទេរប្រាក់ ទិញផលិតផលអនឡាញ និងសេវាកម្មតាមអ៊ីនធឺរណែត ហើយនឹងធ្វើការទូទាត់ QR-code នៅក្នុងភោជនីយដ្ឋាន និងហាងលក់ទំនិញនានានៅទូទាំងប្រទេសថៃផងដែរ។

ក្រុមហ៊ុន KBank បានវិនិយោគប្រាក់ចំនួន 50 លានដុល្លារអាមេរិកផងដែរនៅក្នុងក្រុមហ៊ុន Grab ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រមូលទុនរបស់ Grab ដែលនឹងប្រមូលទុនឲ្យបានច្រើនជាង 3ពាន់លានដុល្លារមុនឆ្នាំ 2019 ខណៈមានម្ចាស់ភាគហ៊ុនធំៗបានវិនិយោគរួមមានទាំងក្រុមហ៊ុន Toyota Motor Corporation (1ពាន់លាន) ក្រុមហ៊ុន Microsoft (បិទមិនបញ្ចេញតួលេខវិនិយោគ)  ក្រុមហ៊ុន Booking Holdings (200លាន)  និងក្រុមហ៊ុន Hyundai Motor Group (250លាន) 

ការវិនិយោគនេះ គឺជាលើកដំបូងសម្រាប់ធនាគារ KBank នៅក្នុងក្រុមហ៊ុនអន្តរជាតិមួយដែលមានអាជីវកម្មស្នូលនៅក្រៅប្រទេសថៃ។ លើសពីការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ មានលក្ខណៈពិសេសៗពីកម្មវិធី K PLUS របស់ក្រុមហ៊ុន KBank និងកម្មវិធី Grab នឹងត្រូវបានគេច្របាច់បញ្ចូលនៅលើកម្មវិធីទាំងពីរ។

បច្ចុប្បន្នក្រុមហ៊ុន Grab ត្រូវបានគេវាយម្លៃថាមានតម្លៃសរុបចំនួន 11ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់សឹង្ហបុរីមួយនេះបានទទួលទុនវិនិយោគសរុបជាង 6ពាន់លានដុល្លារចាប់តាំងពីចាប់កំណើតមក ពីក្រុមហ៊ុនវិនិយោគធំៗរួមទាំង SoftBank និង Didi Chuxing ផងដែរ។ Grab បានអះអាងថា App របស់ខ្លួនមានអ្នកទាញយកមកប្រើចំនួន 125លានដងនៅក្នុងប្រទេសចំនួន 8 ក្នុងតំបន់អាស៊ាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម