កាលពីជាងដប់ឆ្នាំមុន ​​Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេក្នុងពិភពលោក តែរហូតមកដល់ពេលនេះទូរស័ព្ទរបស់ Nokia គឺសឹងតែគ្មានអ្នកប្រើ ចំណែកឯក្មេងៗសម័យថ្មីខ្លះមិនទាំងស្គាល់ឈ្មោះទៀតផង។ Nokia ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៦៥​ដោយលោក Fredrik Idestam​ ដំបូងឡើយក្រុមហ៊ុននេះមិនមែនផលិតគ្រឿងអេឡិចត្រូនិចទេតែផលិតក្រដាសនៅក្នុងប្រទេសហ្វាំងឡង់។​ នៅឆ្នាំ១៩៦៨ក៏បង្កើតរោងចក្រផលិតក្រដាសទីពីរនៅក្រុងទីក្រុងដែលមានឈ្មោះថា​​ Nokia ហើយរហូតដល់បីឆ្នាំក្រោយមកទើបក្លាយទៅជាក្រុមហ៊ុនផ្លូវការ។

នៅទសវត្សឆ្នាំ១៩៦០ទើបក្រុមហ៊ុនចាប់ផ្ដើមផលិតឧបករណ៍អេឡិចត្រូនិចដែលមានដូចជាវិទ្យុទាក់ទងសម្រាប់ទាហានជាដើម។​ នៅឆ្នាំ១៩៧៩ទើបក្រុមហ៊ុនចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យទូរស័ព្ទដោយបង្កើតក្រុមហ៊ុនសេវាទូរស័ព្ទ Nordic Mobile Telephone ដែលជាប្រព័ន្ធទូរស័ព្ទដំបូងគេបំផុតក្នុងពិភពលោក។​ នៅទសវត្ស១៩៨០ Nokia បានផលិតទូរស័ព្ទចល័តដំបូងគេបំផុតដែលមានឈ្មោះថា Mobira Senator​​  ហើយប្រាំឆ្នាំក្រោយមកក៏ចេញទូរស័ព្ទជំនាន់ទីពីរឈ្មោះថា​ Mobira Cityman ដោយកាលនោះវាមានទម្ងន់រហូតដល់ទៅ៨០០ក្រាម និងមានតម្លៃប្រហែល៦០០០ពាន់ដុល្លាអាមេរិច។​

ទសវត្ស១៩៩០គឺជាពេលដែលក្រុមហ៊ុន Nokia ជោគជ័យខ្លាំងបំផុតដោយនៅឆ្នាំ១៩៩៤បានបញ្ចេញ Nokia 2100 ហើយលក់បានរហូតដល់ទៅ២០លានគ្រឿង។ បីឆ្នាំក្រោយមក Nokia បញ្ចេញហ្គេមពស់ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង។ នៅឆ្នាំ១៩៩៧​ Nokia​​ បានដាក់លក់​ទូរស័ព្ទ Nokia Communicator ដែលវាមានភាពទំនើបសម្រាប់សម័យនោះដោយវាមានអ៊ីម៉ែល​ ប្រទិតិន ហើយមានអេក្រង់ធំទៀតផង។​ នៅឆ្នាំដដែល ​Nokia ក៏បានបញ្ចេញសេរី 6110 និង 5110​ ដែលទូរស័ព្ទទាំងនេះផ្ដល់ភាពងាយស្រួលក្នុងការផ្ញើរសារ ក៏ដូចជាមានមឺនុយប្រើប្រាស់ងាយស្រួល។ សេរីបន្ទាប់គឺ 7110​ ដែលមានកម្មវិធីប្រើអ៊ីនធើណេត 7650​ មានកាមេរ៉ាថតរូប និង 6650​ ក្លាយទៅជាទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ ​3G ដំបូងគេ។​ នៅឆ្នាំ១៩៩៨ Nokia  បានក្លាយទៅជាក្រុមហ៊ុនធំជាងគេខាងផលិតទូរស័ព្ទហើយអាចរកចំណូលរហូតដល់ទៅជិត៤៣ពាន់លានដុល្លា។

នៅឆ្នាំ២០០៧ក្រុមហ៊ុន Nokia ចាប់ផ្ដើមឈានចូលក្នុងសម័យកាលខ្មៅងងឹតមួយដោយនៅឆ្នាំនោះ Apple បានបញ្ចេញ​ iPhone និងនៅឆ្នាំ២០០៩ក្រុមហ៊ុនចាប់ផ្ដើមទទួលស្គាល់ការខាតបង់លើកដំបូងក្នុងរយៈពេលជាងដប់ឆ្នាំព្រោះតែខ្លួននៅតែរឹងទទឹងមិនព្រមចូលរួមក្នុងទីផ្សារទូរស័ព្ទជំនាន់ថ្មីខុសពី Samsung ដែលឆក់ឳកាសនេះ។​ នៅឆ្នាំ២០១៣ក្រុមហ៊ុន Nokia បានប្រកាសថាផ្នែកផលិតគ្រឿងអេឡិចត្រូនិចរបស់ខ្លួនបានលក់ទៅអោយ Microsoft ក្នុងតម្លៃ៧.២ពាន់លានដុល្លា៕​​

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។