កំហុសធំៗទាំង ៩ ដែលអ្នកចេញរកស៉ីដំបូងៗតែងតែប្រព្រឹត្តិដោយមិនដឹងខ្លួន

2399

មិនថាតែនៅក្នុងការរកស៉ី ឬការងារអ្វីនោះទេ កំហុសគឺតែងតែកើតមានឡើង ប៉ុន្តែសម្រាប់អ្នកចេញរកស៉ីដំបូង គឺតែងតែបង្កើតកំហុសច្រើន ព្រោះជួបរឿងថ្មីៗដែលខ្លួនមិនធ្លាប់ប្រទះ។ ថ្ងៃនេះ apamat.com នឹងចែករំលែកបទពិសោធន៍មួយចំនួន ថាតើម្ចាស់អាជីវកម្មដំបូងៗបានប្រព្រឹត្តិកំហុសធំៗអ្វីខ្លះដូចខាងក្រោម។

១. រើសទីតាំងមិនត្រូវ

សហគ្រិនជើងថ្មីរបស់យើង មិនសូវជាផ្តោតលើទីតាំងប៉ុន្មានទេ ហើយមួយចំនួនរើសយកទីតាំងដែលជាកម្មសិទ្ធរបស់ខ្លួន ឬរបស់សាច់ញាតិ ដោយសារគិតថាមិនចំណាយច្រើនលើថ្លៃជួល ប៉ុន្តែពួកគាត់បែរជាមិនគិតថាវាពិបាករក ពិបាកចតយានជំនិះ ផ្លូវចង្អៀតជាដើម ដែលនឹងធ្វើឲ្យហាងរបស់គាត់បិទទ្វាយ៉ាងឆាប់រហ័សនោះទេ។ ឧទាហរណ៍ជាក់ស្តែង ដូចជាការធ្វើសង្គ្រាមអញ្ចឹងដែរ អ្នកណាមានទីតាំងល្អជាង អ្នកនោះមានប្រៀបជាង សត្រូវពិបាកវាយលុក មិនហ៊ានមើលស្រាល ហើយយើងងាយស្រួលក្នុងវាយប្រហារទៅគេវិញ។

២. មានស្ថាបនិកតែម្នាក់

នៅពេលចេញរកស៉ីដំបូង ម្នាក់ឯងគឺសោះកក្រោះខ្លាំងណាស់ ប៉ុន្តែម្នាក់ឯងប្រសើរជាងរើសដៃគូខុស។ បច្ចុប្បន្ន យុវជនចូលចិត្តបង្កើតក្រុម Startup ដែលមានសហស្ថាបនិក និងសមាជិកច្រើននាក់។ បើយើងរំលឹកទៅដល់ក្រុមហ៊ុនធំៗក្នុងលោកដូចជា Apple, Microsoft, PayPal, Alibaba, Youtube, Facebook, Instagram… គឺសុទ្ធសឹងតែចាប់ផ្តើមពីតូច ហើយមានស្ថាបនិកយ៉ាងតិច ២នាក់។ តាមពិតទៅ មូលហេតុដែលអ្នកគួរមានគ្នាយ៉ាងតិចពីរនាក់ គឺដោយសារនៅក្នុងអាជីវកម្ម យ៉ាងហោចណាស់មានមនុស្សធ្វើការផ្តោតលើរឿងពីរ ទីមួយគឺផ្នែកប្រតិបត្តិការគ្រប់គ្រងខាងក្នុង និងទីពីរគឺអ្នកយុទ្ធសាស្ត្រទៅខាងក្រៅ តួរយ៉ាងដូចជាក្រុមហ៊ុន Apple ដែលដើមឡើយលោក ស្ទីវ ចប មិនមែនជាអ្នករកឃើញវិធីផលិតកុំទ្យូរទ័រ Apple នោះទេ ប៉ុន្តែមិត្តរបស់គាត់លោក ស្ទីវ វ៉សនេកិ៍ទៅវិញទេដែលជាអ្នកផលិតបាន តែលោកស្ទីវ ចប ជាមនុស្សពូកែច្នៃប្រឌិត និងពូកែធ្វើទីផ្សារ ទើប Apple មានថ្ងៃនេះ។ យើងអាចនិយាយបាន បើមានពីរនាក់ ម្នាក់ឲ្យជំនាញធ្វើ ម្នាក់ទៀតពូកែគិត។

៣. ត្រៀមដើមទុនមិនគ្រប់

ការត្រៀមលុយមិនគ្រប់សម្រាប់អាជីវកម្មថ្មី គឺកើតមានច្រើននៅកម្ពុជា ដោយសារភាគច្រើនគិតថាឲ្យតែបើកទ្វាបានយ៉ាងយូរ ៣ខែនឹងរកចំណេញបាន ប៉ុន្តែជាក់ស្តែងមិនដូច្នេះទេ។ អាជីវកម្មថ្មី ត្រូវការពេលសាងកេរ្តិ៍ឈ្មោះ សាងទំនុកចិត្តដល់អតិថិជន ដូច្នេះត្រូវការលុយច្រើនដើម្បីចំណាយផ្សេងៗក្នុងប្រតិបត្តិការដូចជាថ្លៃជួល ថ្លៃប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃចំណាយលើការទិញទំនិញជាដើម។ ដូច្នេះបើត្រៀមទុនមិនគ្រប់ អស់មុនពេលអាចរកប្រាក់ចំណេញបាន នោះគេចមិនផុតឡើយពីការបិទទ្វា។ 

៤. ជួលបុគ្គលិកមិនបានត្រឹមត្រូវ

នៅពេលទើបប្រឡូកដំបូង ភាគច្រើនមិនទាន់ចេះរបៀបមើលមនុស្ស និងគ្រប់គ្រងធនធានមនុស្ស ដូច្នេះហើយទើបសហគ្រិនថ្មីថ្មោងតែងតែបង្កើតនូវកំហុសនេះឡើង។ មុនពេលអ្នករើសបុគ្គលិក បើអ្នកមិនដឹង អ្នកអាចសាកសួររៀមច្បងដែលគេធ្លាប់ និងស្រាវជ្រាវបន្ថែមដោយខ្លួនឯង។ 

៥. មិនបានព្យាយាមឲ្យអស់លទ្ធភាព

អ្នករកស៉ីជើងថ្មីមួយចំនួន ចេញមកប្រឡូកទាំងមិនដឹងគោលដៅច្បាស់ និងមិនបានស្រាវជ្រាវអំពីអាជីវកម្មដែលខ្លួនចង់បើក ហើយក្រោយមកនៅពេលជួបបញ្ហាក៏បោះបង់ ដោយមិនបានព្យាយាមឲ្យអស់លទ្ធភាពឡើយ។ 

៦. ចេញរកស៉ីដោយមិនមានគម្រោងច្បាស់លាស់

អ្នកខ្លះចេះ ពូកែ ប៉ុន្តែចេះប៉ុណ្ណាក៏ដោយ បើរៀបគម្រោងរញ្ញ៉េរញ៉ៃហើយ គឺពិបាកណាស់ ហើយពិបាកទាំងសម្រាប់ខ្លួនឯង និងដៃគូផងដែរ។ អ្នកខ្លះចេញរកស៉ីដោយមិនខ្វល់ពីការមានគម្រោង ដោយសារគិតថាខ្លួនចេះ ពូកែហើយ មានមោទនៈភាពលើខ្លួនឯង ប៉ុន្តែនៅពេលចូលក្នុងទីផ្សារ ជាពិសេសនៅពេលកំពុងលូតលាស់ នឹងមានគូប្រជែងជាច្រើនបង្ហាញខ្លួន ហើយវាយប្រហារអ្នក។ បើអ្នកមិនមានគម្រោងច្បាស់លាស់ មិនមានគោលដៅច្បាស់ នោះអ្នកពិបាកតតាំងជាមួយគេណាស់។

៧. កំណត់អតិថិជនគោលដៅខុស

អតិថិជនគោលដៅ គឺជាក្រុមមនុស្សដែលអាច ឬនឹងទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ថា អ្នកចង់បើកហាងលក់កាហ្វេប្រេនខ្ពស់ អញ្ចឹងអ្នកត្រូវបើកវានៅភូមិសាស្ត្រដែលមានប្រជាជនមានជីវភាពធូធារ និងក្នុងតំបន់ដែលពួកគេឆ្លងកាត់។ អ្នកមិនអាចទៅបើកនៅទីជនបទ ដែលមានប្រជាជនមិនសូវចាយ និងមិនមានចំណូលខ្ពស់អាចមានលទ្ធភាពទិញកាហ្វេររបស់អ្នកផឹកនោះទេ។ ដូចនេះ អ្នកត្រូវដឹងថាផលិតផល ឬសេវាកម្មរបស់អ្នក ផលិតដើម្បីលក់ឲ្យនរណា ពួកគេនៅទីណា ពួកគេចង់បានប្រភេទណា ពួកគេមានចំណូលខ្ទុងប៉ុន្មាន…។ ដើម្បីដឹងច្បាស់អំពីអតិថិជនគោលដៅរបស់អ្នក អ្នកត្រូវស្រាវជ្រាវទីផ្សារ។

៨. រើសវិធីផ្សាយពាណិជ្ជកម្មខុស

រឿងនេះគឺកើតឡើងដោយសារចំណុចទី ៧ កំណត់អតិថិជនគោលដៅខុស។ នៅពេលដែលអ្នកមិនស្គាល់អតិថិជនគោលដៅរបស់ខ្លួនទេ នោះអ្នកនឹងចំណាយលុយផ្សាយពាណិជ្ជកម្មឥតប្រយោជន៍។ អ្នកអាចមើលក្រុមហ៊ុន Smart ដែលចំណាយលុយជួលតារាលំដាប់ពិភពលោកមកប្រគុំតន្ត្រីនៅកម្ពុជា ចំណាយលុយឧបត្ថម្ភក្រុមកីឡាបាល់ទាត់ ចំណាយលុយគាំទ្រក្រុម Startup និងច្រើនទៀត គឺដោយសារតែសកម្មភាពទាំងអស់នោះគឺជាអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់យុវ័យ ហើយអតិថិជនគោលដៅរបស់ Smart គឺយុវវ័យហ្នឹងឯង។ 

៩. មានការគ្រប់គ្រងខ្សោយ

 ម្ចាស់អាជីវកម្មថ្មី នៅមានភាពទុនខ្សោយផ្នែកការគ្រប់គ្រង ទាំងការគ្រប់គ្រងសេវាកម្មអតិថិជន ការគ្រប់គ្រងចំណូលចំណាយ និងការគ្រប់គ្រងធនធានមនុស្សជាដើម។ បើអ្នកគ្រប់គ្រងចំណូលចំណាយមិនបានល្អ នោះបុគ្គលិកអាចនឹងលួចកិបកេង បើអ្នកគ្រប់គ្រងផ្នែកលក់មិនបានល្អ នោះចំណូលនឹងធ្លាក់ចុះ បើអ្នកគ្រប់គ្រងធនធានមនុស្សមិនបានល្អ នោះគូប្រជែងនឹងខ្លាំងជាងអ្នក បើអ្នកគ្រប់គ្រងសម្ភារមិនបានល្អ បុគ្គលិកនឹងលួច ឬប្រើប្រាស់បំផ្លិចបំផ្លាញ…៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។