ជំនាញរបស់អ្នកជំនួញប្រាំបីដែលឪពុកម្ដាយអាចបង្រៀនកូនបាន

2496

ក្នុងនាមជាឪពុកម្ដាយអ្នកប្រាកដជាចង់អោយកូនទទួលបានជោគជ័យក្នុងជីវិតជាមិនខាន ហើយដើម្បីជោគជ័យបានមិនមែនទាល់តែក្លាយទៅជាអ្នកជំនួញមានលុយច្រើនទេទើបហៅថាជោគជ័យ។ ប៉ុន្ដែមនុស្សជាច្រើនចង់ធ្វើជំនួញ បន្ថែមពីនឹងក៏ចង់អោយកូនចៅរបស់ខ្លួនក្លាយទៅជាអ្នកជំនួញដែរ។​ ខាងក្រោមនេះគឺជាជំនាញខ្លះៗដែលឪពុកម្ដាយអាចបង្រៀនកូនបានតាំងតែពីនៅក្មេងៗដើម្បីអោយពួកគេត្រៀមខ្លួនសម្រាប់ប្រឡូកចូលក្នុងពិភពជំនួញនាពេលអនាគត។

១.មានភាពអត់ធ្មត់៖ ក្នុងការរស់នៅមនុស្សនឹងជួបជាមួយបញ្ហាដែលត្រូវដោះស្រាយជាច្រើនរីឯនៅក្នុងការរកស៊ីវិញក៏ដូចគ្នាដែរ។​ អ្នកត្រូវអោយកូនៗចេះដោះស្រាយបញ្ហាអោយបានឬទាល់តែអស់លទ្ធភាពមុននឹងយើងចូលទៅជួយ។​

២​.មានភាពច្នៃប្រឌិត៖ អ្នកជំនួញត្រូវការវាដើម្បីបង្កើតនូវអ្វីដែលថ្មីហើយក្មេងៗក៏អាចបណ្ដុះនូវភាពច្នៃប្រឌិតបានផងដែរតាមរយៈការធ្វើអ្វីដែលមានលក្ខណៈសិល្បៈឬបើគាត់មិនចូលចិត្តខាងសិល្បៈទេគួរតែអនុញ្ញាតអោយកូនៗលេងឬធ្វើអ្វីដែលខ្លួនស្រលាញ់ចូលចិត្តហើយក៏ត្រូវវាផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់កូនៗផងដែរ។

៣.ឧស្សាហ៍៖ គួរបង្រៀនពួកគេធ្វើការស្រាលៗមួយចំនួនដូចជាបោសសម្អាតផ្ទះ​ ហាលខោអាវ ឬស្រោចទឹកដំណាំជាដើម មិនត្រូវទម្លាប់មិនអោយធ្វើអ្វីសោះឡើយ ហើយបើអាចកុំសូវអោយកូនប្រើឧបករណ៍អេឡិចត្រូនិចច្រើនពេក។

៤.ចេះងឿងឆ្ងល់៖ ការចេះសួរសំណួរពីថាតើអ្វីៗនៅជុំខ្លួនដំណើរការយ៉ាងដូចម្ដេចពិតជាសំខាន់សម្រាប់ក្មេងៗព្រោះវាជួយជំរុញអោយគេចេះគិតពិចារណាវែកញែក។ បើកូនមិនសូវចេះខាងសួរទេ ឪពុកម្ដាយអាចធ្វើជាមិនដឹងហើយសាកសួរទៅកូនៗវិញអោយពួកគេបកស្រាយអោយស្ដាប់វិញ។

៥.មានជំនឿទុកចិត្តលើខ្លួនឯង៖ ការមានជំនឿថាខ្លួននឹងអាចសម្រេចកិច្ចការណាមួយបានគឺជាបុគ្គលិកលក្ខណៈរបស់អ្នកជំនួញគ្រប់រូប។​ ពេលខ្លះបើយើងឃើញកូនៗធ្វើអ្វីមួយហើយមើលទៅដូចជាពិបាកភ្នែកក៏កុំទាន់ចូលទៅជួយភ្លាមៗ ទុកពេលអោយគេធ្វើអោយអស់ចិត្តសិនព្រោះបើមានរឿងអ្វីបន្ដិចឪពុកម្ដាយចូលទៅជួយភ្លាមអាចនឹងអោយកូនៗរំពឹងតែលើឪពុកម្ដាយ​ ហើយពេលខ្លះធំហើយក៏នៅតែមានទម្លាប់បែបនឹងទៀតមិនមានទំនុកចិត្តថាខ្លួនអាចសម្រេចកិច្ចការធំៗបាន។

៦.ចេះជួយយកអាសារមនុស្សជុំវិញខ្លួន៖ ការចេះជួយដល់អ្នកនៅជុំវិញខ្លួនគឺសំខាន់សម្រាប់អ្នកដឹកនាំគេ ហើយអ្នកជំនួញជាច្រើនចេះនូវជំនាញក្នុងការដឹកនាំមនុស្សអោយធ្វើអ្វីមួយអោយអស់ពីលទ្ធភាពរបស់ពួកគេ និងចូលចិត្តអ្នកដឹកនាំនោះ។​

៧.មានគំនិតវិជ្ជមាន៖ អ្នកជំនួញចូលចិត្តគិតនូវអ្វីដែលវិជ្ជមានចូលចិត្តសួរខ្លួនឯងថាតើត្រូវធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាណាមួយចំពោះមុខ ហើយមិនសូវចូលចិត្តនូវពាក្យដោះសារថាគ្មានលទ្ធភាពធ្វើ ឬការគិតថាគ្មានផ្លូវដោះស្រាយឡើយ។​ អ្នកអាចបង្រៀនកូនអោយគិតពីភាពវិជ្ជមានតាមរយៈសកម្មភាព របស់ខ្លួនដោយកុំនិយាយនិងធ្វើអ្វីដែលពោរពេញតែរឿងអត់ប្រយោជន៍ឬពិបាកនឹងទទួលយកបានសម្រាប់ក្មេងៗ។

៨.ជួយដល់សង្គមវិញ៖ អ្នកជោគជ័យជាច្រើនចូលចិត្តផ្ដល់ទៅអោយសង្គមវិញតាមរយៈការបរិច្ចាគទៅអោយសង្គម ឬជួយទៅដល់អ្នកខ្វះខាតជាដើម។ ក្នុងនាមជាឪពុកម្ដាយអ្នកក៏គួរតែធ្វើជាគម្រូក្នុងការចូលរួមកិច្ចការសង្គមឬជួយដល់អ្នកខ្វះខាត ហើយបើសិនជាអាចគួរនាំកូនៗទៅធ្វើសកម្មភាពទាំងនោះជាមួយអ្នកផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។