វិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងគ្នាឲ្យមានប្រសិទ្ធភាព ទាំងក្នុងជំនួញ និងជីវិតប្រចាំថ្ងៃ

3298

ការប្រាស្រ័យទាក់ទាក់គ្នា គឺជាតិចនិកមួយយ៉ាងសំខាន់ក្នុងការជំរុញអ្នកអោយទទួលបានភាពជោគជ័យ មិនថាក្នុងវិស័យការងារការសិក្សា រឿងបុគ្គល ឬមួយជាការប្រកបអាជីវកម្មឡើយ។ វាប្រៀបបានដូចជាថាមពលម្យ៉ាងដែលអាចជួយពង្រីកសក្តានុពលផ្ទាល់ខ្លួនរបស់អ្នកជាមួយថ្នាក់ដឹកនាំរបស់អ្នក ដៃគូសហប្រតិបត្តការ មិត្តរួមក្រុម និងបុគ្គលិកជាដើម។ មួយវិញទៀត វាគឺជាកាតាលីករមួយដែលរុញច្រានអ្នកអោយក្លាយជាបុគ្គលមួយរូបដែលអ្នករាល់គ្នាមានទំនុកចិត្ត ឬមានភាពជឿជាក់ ដែលគេហៅថាទឹកមាត់ប្រៃ។ ចំណុចនេះផងដែរ វាមិនពិបាកក្នុងការទទួលបាននោះទេដោយអ្នកគ្រាន់តែអនុវត្តតាមវិធីសាស្ត្រមួយចំនួនខាងក្រោមរបស់ Apamat.com

១.ត្រូវមានទំនុកចិត្តលើខ្លួនឯង

ការមានទំនុកចិត្តលើខ្លួនឯង ជាគោលការណ៏ចម្បងមួយដែលបុគ្គលគ្រប់រូបគួរតែមាន។ មិនថាអ្នកចង់ធ្វើអ្វីមួយនោះទេ វាអាចសម្រេចទៅបានលុះត្រាតែអ្នកខ្លួនឯងជឿជាក់លើសមត្ថភាពខ្លួនឯងជាមុនសិន អ្នកត្រូវគិតថាបើសូម្បីតែអ្នកជាសមីខ្លួនមិនមានទំនុកចិត្តលើខ្លួនឯងផង តើមានអ្នកដទៃឯណាគេនឹងមកជឿជាក់លើរូបអ្នក។ ជាពិសេសនៅពេលដែលអ្នកនិយាយអ្វីមួយជាសាធារណៈប្រសិនបើអ្នកនិយាយដោយភាពភ័យខ្លាច ឬគ្មានទំនុកចិត្តលើខ្លួនឯងនោះគ្មាននណាម្នាក់យកចិត្តទុកដាក់ជាមួយសំដីអ្នកឡើយ ផ្ទុយទៅវិញពួកគេអាចនឹងសើចចំអកអោយអ្នកទៀតផង។

២. បង្កើនភាពជឿជាក់

នៅពេលដែលអ្នកក្លាយជាបុគ្គលម្នាក់ដែលគេជឿជាក់ហើយ វាមិនមែនជារឿងពិបាកទេក្នុងការទាញអោយគេមកធ្វើការជាមួយយើង។ ក្នុងនោះទៀតសោត ដើម្បីក្លាយខ្លួនជាបុគ្គលម្នាក់ដែលគេមានទំនុកចិត្តលើ ការនិយាយអ្វីដែលជាការពិត និងការគោរពអោយតម្លៃចំពោះគ្នានឹងគ្នា គឺជាអ្វីដែលអ្នកត្រូវប្រកាន់ភ្ជាប់។ ត្រូវដឹងថាភាពស្មោះត្រង់រវាងគ្នា នឹងគ្នាគឺជាឬសគល់នៃភាពជឿជាក់របស់មនុស្ស ពិសេសគឺដៃគូសហប្រត្តិបត្តការក្នុងការធ្វើជំនួញ ដូចនេះហើយអ្វីដែលអ្នកមិនត្រូវធ្វើនោះគឺនិយាយកុហក។ មួយវិញទៀតគឺការអោយតម្លៃគ្នាទៅវិញទៅមកដូចជាការចេះគោរពសិទ្ធិគ្នា ការអោយតម្លៃទៅលើពេលវេលាដែលអ្នកណាត់ជួប ក៏ដូចជាការគោរពនូវមតិយោបល់ និងការសម្រេចចិត្តរបស់ភាគីជាដើម។

៣. ផ្តោតលើចំណុចសំខាន់

ចំពោះចំណុចនេះផងដែរ មានន័យថាអ្នកគួរតែនិយាយផ្តោតទៅលើចំណុចសំខាន់ដែលអ្នកចង់បង្ហាញ ឬចង់បានជាជាងការនិយាយវិលជុំដដែលៗដែលធ្វើអោយអ្នកស្តាប់មានអារម្មណ៏ថាវល់ ឬមិនដឹងថាអ្នកចង់និយាយពីអ្វី។

៤. ត្រូវចេះបត់បែនតាមកាលៈទេសៈ

បុគ្គលដែលមានការប្រាស្រ័យទាក់ទងល្អ គឺជាបុគ្គលមួយរូបដែលមានភាពវ័យឆ្លាត ហើយបុគ្គលដែលមានភាពវ័យឆ្លាតគឺជាបុគ្គលដែលចេះបត់បែនតាមកាលៈទេសៈដែលគេតែងនិយាយលេងៗថាមិនចេះងាប់ក្រឡា។ ត្រូវចេះដោះស្រាយបញ្ហាចំពោះមុខដោយឆ្លងកាត់ការពិចារណាខ្ពស់ មិនមែនឆ្លើយតបអោយតែហើយៗនោះទេ។ បុគ្គលប្រភេទនេះ គឺជាមនុស្សដែលមានភាពវាងវ័យ រហ័សរហួន។ យ៉ាងណាម៉ិញ ភាពឆ្លាតវាងវៃតែមួយមុខមិនគ្រប់គ្រាន់នោះទេ វាទាមទារអោយអ្នកបើកចិត្តអោយបានទូលាយ ហើយទទួលយកគំនិតរបស់អ្នកដទៃបើសិនជាគេមានចំណុចដែលល្អជាងខ្លួន មិនត្រូវមានការគិតថាគំនិតរបស់អ្នកតែងតែត្រូវហើយល្អជានិច្ចនោះទេ។

៥. ធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់

អ្នកដែលជាបុគ្គលដែលមានភាពប៉ិនប្រសព្វក្នុងការប្រាស្រ័យទាក់ទង់គ្នា មិនមែនជាបុគ្គលពូកែតែខាងនិយាយមួយមុខទេ តែជាបុគ្គលម្នាក់ដែលពូកែទាំងការស្តាប់ផងដែរ។ ហេតុផលស្ថិតត្រង់ថានៅពេលដែលអ្នកជាមនុស្សដែលពូកែស្តាប់ អ្នកនឹងអាចចាប់បានថាតើតម្រូវការរបស់ដៃគូអ្នកជាអ្វី អ្វីទៅជាសេចក្តីខ្វះខាតដែលគេចង់បាន ឬមួយបញ្ហាអ្វីដែលអតិថិជនអ្នកកំពុងតែជួបប្រទះ ហើយកង្វល់របស់ពួកគេគឺជាអ្វី។ ទាំងអស់នេះគឺជាសមតិកម្មយ៉ាងសំខាន់ក្នុងការជួយអ្នកអោយក្លាយជាបុគ្គលជោគជ័យផ្នែកទំនាក់ទំនង។

៦. ចេះសួររក feedback ពីអ្នកជុំវិញខ្លួន

Feedback(មតិកែតម្រូវ) គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួនរបស់មនុស្សយើងម្នាក់ៗ មិនថាជាបុគ្គលដែលមិនទាន់បានទទួលភាពជោគជ័យ ឬសូម្បីតែបុគ្គលដែលមានភាពជោគជ័យក្នុងជីវិតហើយទេ ចំពោះពួកគេ feedback នៅតែជារឿងមួយដែលសំខាន់។ សូមកុំមានគំនិតមួយគិតថា កុំខ្វល់ជាមួយនឹងសំដីអ្នកដទៃ សំខាន់គឺយើងធ្វើអ្វីដែលយើងចូលចិត្ត។ ការគិតបែបនេះគឺជារឿងល្អប្រសិនបើអ្វីដែលអ្នកជុំវិញខ្លួនអ្នកផ្តល់អោយគឺក្នុងន័យអវិជ្ជមាន ប៉ុន្តែបើពួកគាត់ធ្វើក្នុងន័យស្ថាបនានោះអ្នកនឹងខាតបង់។ មួយវិញទៀតសូមកុំមានការយល់ច្រលំរវាង feedback និងការបញ្ជោររបស់អ្នកដទៃ ដោយហេតុថាពាក្យសំដីសសើរបែបលក្ខណៈបញ្ជោរមួយចំនួន និងធ្វើអោយអ្នកភ្លេចខ្លួន ឬយល់ខុស។

៧. រក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកស្តាប់

ការស្តាប់ និងការនិយាយតែមួយមុខវាមិនគ្រប់គ្រាន់នោះទេ បើអ្នកចង់ទទួលបានភាពជោគជ័យក្នុងផ្នែកមួយនេះ។ ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវការនោះគឺត្រូវចេះរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកស្តាប់កំឡុងពេលដែលអ្នកកំពុងនិយាយ។ អ្នកត្រូវចេះប្រើប្រាស់សម្លេង កាយវិការ ទឹកមុខ ពិសេសនោះគឺការប្រើប្រាស់ក្រសែភ្នែក។ ត្រូវសម្លឹងមើលទៅអ្នកមើល អ្នកស្តាប់គ្រប់រូបរបស់អ្នក ប្រកបដោយក្រសែភ្នែកមានទំនុកចិត្តលើខ្លួនឯង និងច្បាស់លាស់ពីអ្វីដែលអ្នកកំពុងតែបរិយាយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!