គម្រោងវិនិយោគចំនួនថ្មីៗចំនួន៨ក្នុងប្រទេសកម្ពុជាដែលមានតម្លៃសរុបប្រហែល៤០៩លានដុល្លា

4635

មួយរយៈនេះយើងឃើញមានគម្រោងវិនិយោគជាច្រើនក្នុងប្រទេសកម្ពុជា ហើយកាលពីថ្ងៃព្រហស្បតិ៍វិញខាងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ដែលមានគម្រោងវិនិយោគក្នុងខេត្តក្រុងជាច្រើនដែលមានតម្លៃរហូតដល់ជាង៤០០លានដុល្លាអាមេរិច ដោយគម្រោងធំជាងគេគឺនៅក្នុងក្រុងព្រះសីហនុដែលជាការវិនិយោគលើសណ្ឋាគារដែលមានតម្លៃ៣០០លានដុល្លា។ បើយើងសង្កេតមើលទៅក្រុងព្រះសីហនុទទួលបានការវិនិយោគជាច្រើនជាពិសេសពីខាងក្រុមហ៊ុនរបស់ចិន។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងវិនិយោគ ទុនវិនិយោគ​ ក៏ដូចជាចំនួនការងារដែលគម្រោងវិនិយោគនីមួយៗបង្កើត។

– ទី១ គឺក្រុមហ៊ុន KIRI APHIVATH CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១.៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។

– ទី២ គឺក្រុមហ៊ុន​ QIN YUE GARDEN HOTEL CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧.៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។

 

– ទី៣ គឺក្រុមហ៊ុន HUAYU XINPENG PLASTIC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។

– ទី៤ គឺក្រុមហ៊ុន CAMBODIAN PACKAGING CHAKREY TING CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០.៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។

– ទី៥ គឺក្រុមហ៊ុន TRY PHEAP IMPORT EXPORT CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។

– ទី៦ គឺក្រុមហ៊ុន MING FAI ENTERPRISE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។

– ទី៧ គឺក្រុមហ៊ុន PRINCE HUAN YU REAL ESTATE គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។

– ទី៨ គឺក្រុមហ៊ុន XIN HAO HUI ENTERTAINMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។