ការកំណត់គោលដៅ គឺជារឿងមួយសំខាន់ណាស់សម្រាប់អ្នកចាប់ផ្តើមអាជីវកម្មដំបូង និងអ្នកដែលត្រូវកំណត់គោលដៅដើម្បីពង្រីកអាជីវកម្មដែលមានស្រាប់។ ការកំណត់គោលដៅ តែងតែត្រូវបានគេយកទៅប្រើតាំងពីចាប់ផ្តើមសរសេរគម្រោង រហូតដល់ការកំណត់គោលដៅដណ្តើមយកទីផ្សារ និងការលក់ឲ្យបានដល់ចំនួនកំណត់។ គោលដៅសំខាន់ព្រោះវាជួយបង្ហាញផ្លូវ ជម្រុញលើកទឹកចិត្ត និងដើរទៅមុខដោយទំនុកចិត្តថាអ្នកនឹងមិនអាចវង្វេងផ្លូវ។
បើគ្មានគោលដៅច្បាស់លាស់ និងយុទ្ធសាស្ត្រសម្រេចគោលដៅទេនោះ អ្នកអាចនឹងពិបាក និងចំណាយពេលច្រើនទម្រាំទៅដល់គោលដៅបាន។ ការកំណត់គោលដៅប្រៀបបានដូចជាការសាងសង់ស្ពានមួយដើម្បីអាចចម្លងអ្នកខ្លួនឯងពីទីតាំងមួយដែលអ្នកកំពុងឈរជើងនាពេលនេះ ទៅកាន់ទីតាំងមួយទៀតដែលអ្នកចង់ទៅ។ តិចនិកខាងក្រោមនេះ នឹងជួយអ្នកឲ្យកំណត់គោលដៅបានត្រូវសម្រាប់អាជីវកម្មរបស់អ្នក ផ្តោតលើអ្វីដែលអ្នកចង់ធ្វើឲ្យវាក្លាយជាការពិត និងចាប់ផ្តើមដាក់គម្រោងធ្វើសកម្មភាព។
១. ដើរតាមក្តីស្រមៃ
ដំណាក់កាលដំបូង គឺដឹងថាអ្នកចង់បានអ្វីឲ្យពិតប្រាកដ ហើយវាមានអ្វីខ្លះដែលអ្នកតែងតែស្រមៃថាចង់បាន។ វាមិនសំខាន់ទេថាអ្វីដែលអ្នកចង់បានវាត្រូវតែច្បាស់ថាអាចកើតឡើងរឺអត់ ដូច្នេះកុំកំណត់ខ្លួនឯងឲ្យទាបពេក ដូចតារារ៉េបម្នាក់របស់អាមេរិកនិយាយថា “ប៉ងបាញ់ឲ្យចំព្រះចន្ទ ទោះបីជាមិនត្រូវវាក៏យ៉ាងហោចណាស់ត្រូវផ្កាយដែរ”។ បើអ្នកកំណត់គោលដៅតូចពេក នោះអ្នកមិនអាចប្រឹងឲ្យអស់លទ្ធភាព ហើយអ្នកក៏គ្មានថ្ងៃដឹងថាខ្លួនឯងអាចធ្វើអ្វីបានខ្លះនោះដែរ។
ចាប់ផ្តើមទាញក្រដាស និងប៊ិចមកសរសេរថាអ្នកចង់បានអ្វីខ្លះនៅឆ្នាំក្រោយ ប្រាំឆ្នាំក្រោយ និងដប់ឆ្នាំក្រោយ។ កុំទាន់អាលគិតថាត្រូវសម្រេចវាដោយរបៀបណា គ្រាន់តែដឹងថាអ្នកចង់បានអ្វីខ្លះពិតប្រាកដទៅបានសិនហើយ។
២. គូសវាសត្រួសៗ
នៅពេលអ្នកដឹងថាខ្លួនឯងចង់បានអ្វីច្បាស់ហើយ រឿងបន្ទាប់គឺគិតត្រួសៗសិនថាអ្នកនឹងធ្វើអ្វីជាមួយវា។ តើវាគួរចាប់ផ្តើមពីណា? ត្រូវចំណាយប៉ុន្មាន ហើយលើអ្វីខ្លះ? តើអ្នកណាជាអ្នកទទួលខុសត្រូវធ្វើវាឲ្យបានសម្រេច? …
៣. សរសេរគម្រោង
បន្ទាប់ពីឆ្លងកាត់ចំណុចទី១ មិងទី២ហើយ ដល់ពេលដែលអ្នកសរសេរគម្រោងផ្លូវការ។ យកអ្វីដែលអ្នកបានគូសវាស មកសរសេរជាគម្រោងផ្លូវការណ៍ឲ្យស្អាត។ សរសេរចាប់ពីជំហានដំបូងថាអ្នកត្រូវការអ្វី សម្រេចវាដោយរបៀបណា ហើយចាប់ផ្តើមនៅពេលណា និងអ្នកណាជាអ្នកធ្វើវា។ យកអ្វីដែលអ្នកបានគូសព្រៀង មកសរសេរលម្អិតជាផ្លូវការ។
៤. ផ្តោតលើបច្ចុប្បន្ន
អនាគតគឺផ្អែកលើបច្ចុប្បន្ន កុំផ្តោតលើអនាគត ហើយភ្លេចខ្លួនថាខ្លួនកំពុងនៅទីណា និងជាអ្នកណានៅពេលបច្ចុប្បន្ន។ បើជំហានទី១ អ្នកមិនអាចឆ្លងផុត នោះកុំគិតឡើយពីការសម្រេចគោលដៅចុងក្រោយ សូម្បីតែជំហានទី ២ ទី៣ ក៏អ្នកមិនអាចទៅដល់ផង។
នៅពេលបានគម្រោងហើយ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកត្រូវផ្តោតលើបច្ចុប្បន្ន។ គម្រោងនោះគឺជាផែនទី ដូច្នេះអ្នកត្រូវដឹងថាខ្លួនដើរដល់ចំណុចណា ហើយត្រូវធ្វើអ្វី និងទៅណាទៀត។
អ្នកមិនអាចឈានតែមួយជំហានដល់មេឃបានទេ ដូច្នេះការសម្រេចគោលដៅ គឺត្រូវការមានចិត្តអំណត់ ឈានម្តងមួយជំហានៗតាមគម្រោងដែលបានរៀបចំ។ បើដួលត្រូវចេះក្រោក កុំឆាប់បោះបង់ ហើយមុនសម្រេចបោះបង់ ត្រូវគិតដល់ការតស៊ូតាំងពីដំបូង៕
