រឿង៥យ៉ាង ដែលសហគ្រិនជើងថ្មីមិនគួរធ្វើក្នុងអាជីវកម្មខ្នាតតូចរបស់ខ្លួន

3529

ជាក់ស្តែងណាស់ការធ្វើអាជីវកម្មមួយ សហគ្រិនមានកិច្ចការត្រូ​វធ្វើជាច្រើនយ៉ាង  ហើយក្នុងនោះមានកិច្ចការ៥យ៉ាងដែលសហគ្រិនមិនគួរធ្វើនៅក្នុងអាជីវកម្មថ្មីខ្នាតតូចរបស់ពួកគេ៖

១. កុំប្រញាប់ប្រញាល់ក្នុងការចូលជាហ៊ុនគ្នាច្រើនពេក

សហគ្រិនមិនគួរប្រញាប់ចូលហ៊ុនគ្នាទាំងដុលៗក្នុងស្ថានភាពដែលអាជីវកម្មចាប់ផ្តើមដំបូងឡើយ ព្រោះវាគឺជាពេលដែលសហស្ថាបនិកទាំងអស់ត្រូវមួរដៃអាវខិតខំជាមួយគ្នា ហើយវាមានហានិភ័យខ្ពស់សម្រាប់ការវិនិយោគ។ ដៃគូដ៏ល្អបំផុត គឺជាមនុស្សម្នាក់ដែលមានជំនាញ និងវិធីសាស្ត្រផ្សេងពីអ្នក ព្រោះពួកគេអាចនឹងមើលឃើញនូវចំណុចដែលខ្វះខាត និងយុទ្ធសាស្ត្រជោគជ័យ និងកិច្ចការដែលមានហានិភ័យផ្សេងៗដែលអ្នកគិតមិនទាន់ដល់។ មានន័យថាបើអ្នកសម្រុកចូលហ៊ុនគ្នាច្រើនពេកនៅពេលចាប់ផ្តើម នោះតុល្យភាពការងារក្នុងអាជីវកម្មរវាងក្រុមការងាររបស់អ្នកនឹងមានបញ្ហា។ សមាជិកក្រុមដែលមានចំណែកភាគហ៊ុនតិច នឹងមានអារម្មណ៍ថាមិនចង់ធ្វើការ ព្រោះថាចំណែកនៃប្រាក់ចំណេញនឹងធ្លាក់ទៅក្នុងសមាជិកក្រុមដែលមានភាគហ៊ុនច្រើនជាងគេ។

នៅពេលដែលអាជីវកម្មដើរបានស្រួលហើយ សឹមអ្នកវិនិយោគបន្ថែម ព្រោះវាមានហានិភ័យទាប ហើយវាមិនមានភាពខុសគ្នានឹងពេលដែលអ្នកវិនិយោគដំបូងនោះទេ។

២. កុំមានអារម្មណ៍ថាបាក់ទឹកចិត្ត

អ្នកត្រូវចងចាំថា ការបង្កើតក្រុមហ៊ុនមួយ គឺមិនមែនជាគោលដៅនោះទេ វាជាផ្លូវដ៏វែងឆ្ងាយមួយ និងត្រូវដើរម្តងមួយដំណាក់កាលៗ។ អ្នកនឹងជួបឧបសគ្គទាំងតូចទាំងធំ ជួបការបរាជ័យ ហើយអ្នកនឹងមានការធ្លាក់ទឹកចិត្ត ប៉ុន្តែវាជាបទពិសោធន៏សម្រាប់អ្នកនាពេលអនាគត។ ជំនួសឲ្យការបាក់ទឹកចិត្ត អ្នកត្រូវព្យាយាមស្វែងរកដំណោះស្រាយ ក៏ដូចជាវិធីផ្សេងៗដើម្បីទប់ស្កាត់បញ្ហាដដែលៗដែលនឹងបម្រុងនឹងកើតមានជាម្តងទៀត។ រៀនពីការបរាជ័យ កុំឆាប់បោះបង់ នោះអ្នកនឹងរីកចម្រើនជាងមុន។

៣. ត្រូវចាំគោលដៅដែលអ្នកចង់ដឹកនាំអាជីវកម្មរបស់អ្នកទៅ

មិនថាអ្នកធ្វើតាមក្តីស្រមៃ ឬចំណង់ចំណូលចិត្តទេ​ អ្នកត្រូវចងចាំថាហេតុអ្វីបានជាអ្នកចាប់ផ្តើមអាជីវកម្មមួយនោះ។ អ្នកត្រូវឧស្សាហ៏សួរខ្លួនឯងថា តើអ្នកទៅដល់គោលដៅដែលអ្នកចង់បានហើយ ឬនៅ? តើអ្នកត្រូវធ្វើឲ្យបន្ថែម ដើម្បីឲ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរ? តើមានបញ្ហាអ្វីខ្លះដែលកំពុងតែរាំស្ទះកិច្ចការរបស់អ្នក? តើអ្នកនឹងដោះស្រាយបញ្ហានេះដោយវិធីណា?

៤. កុំព្យាយាមអោបក្រសោបយកភារកិច្ចទាំងអស់

កិច្ចការមួយចំនួនធ្វើឲ្យអ្នកចំណាយពេលវេលាដ៏មានតម្លៃ និងថាមពលដែលអាចជួយឱ្យអាជីវកម្មរីកចម្រើន។ ឧទាហណ៍៖ ការដឹកជញ្ជូនឲ្យអតិថិជនដោយខ្លួ​នឯង។ ការងារនេះត្រូវចំណាយកំលាំង និងពេលវេលារប​ស់អ្នកច្រើនណាស់។ ជំនួសការដឹកជញ្ជូនដោយខ្លួនឯង អ្នកអាចយកពេលវេលារបស់អ្នកដើម្បីស្វែងរកយុទ្ធសាស្ត្រផ្សេងៗដើម្បីពង្រីកអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ។

នៅក្នុងអាជីវកម្ម មិនថាតូចឬធំ មានការងារជាច្រើនដែលអ្នកត្រូវធ្វើ ដូចជាការធ្វើទីផ្សារ ការគ្រប់គ្រង ការលក់ ការដឹកជញ្ជូន(ហាង) ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារជាច្រើនទៀត។ អ្នកមិនអាចធ្វើការងារទាំងអស់ដោយម្នាក់ឯងនោះទេ ហើយអ្នកត្រូវចេះប្រើអ្នកដទៃឲ្យជួយធ្វើការឲ្យអ្នក ត្រូវចេះបែងចែកការងារគ្នាធ្វើ និងចេះមើលមនុស្សថាអ្នកណាខ្លះអាចធ្វើការណាបាន អ្នកណាខ្លះមិនអាច។ រកស៉ីដើម្បីរីកចម្រើន អ្នកមិនអាចធ្វើការតែម្នាក់ឯងបានរហូតស្លាប់ខ្លួននោះទេ អ្នកត្រូវការអ្នកជួយដើម្បីពង្រីកអាជីវកម្មឲ្យកាន់តែធំ។

៥. ត្រូវចេះច្នៃប្រឌិត កែតម្រូវឲ្យស្របតាមបម្រែបម្រួលទីផ្សារ

យុទ្ធសាស្ត្រទីផ្សារ និងទីផ្សារគោលដៅរបស់អ្នក គឺមិនអាចប្រើបានរយៈពេលវែងនោះឡើយ ព្រោះទីផ្សារកម្ពុជាទាំងមូលជាប្រភេទទីផ្សារសេរី និងមានការប្រែប្រួលឆាប់រហ័ស។ ជារៀងរាល់ថ្ងៃ ចំណូលរបស់ប្រជាជនខ្មែរមានកាន់តែច្រើន ចំណូលចិត្តរបស់ពួកគាត់កាន់តែថ្មី របៀបទិញកាន់តែទំនើប(ទិញតាមអនឡាញ) និងកាន់តែនិយម និងមានលទ្ធភាពទិញផលិតផលប្រណិតៗ។ មធ្យោបាយដ៏ល្អបំផុតដើម្បីរក្សាលំនឹង និងពង្រីកទីផ្សាររបស់អ្នក អ្នកត្រូវបត់បែងខ្លួនតាមស្ថានភាពទីផ្សារ ក៏ដូចជាទទួលយកនូវគំនិតថ្មីៗ និងសិក្សាបន្ថែមនូវចំណេះដឹងថ្មីៗដែលទាក់ទងនឹងអាជីវកម្មរបស់អ្នក។​ ម៉្យាងវិញទៀត អ្នកត្រូវចាំថា​ កំហុសទាំងឡាយដែលអ្នកបានធ្វើ គឺជាមេរៀនមួយក្នុងការអភិវឌ្ឈខ្លួនអ្នក ដូច្នេះហើយចូរកុំភ័យខ្លាចក្នុងការធ្វើខុស ប៉ុន្តែកុំបណ្តោយខ្លួនឲ្យខុសម្តងហើយម្តងទៀត”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.