មានមនុស្សមិនតិចទេដែលបានដឹងថា Bill Gates គឺជាអ្នកពូកែអានសៀវភៅជាប់លាប់ និងអាចអានចប់សៀវភៅ ៥២ ក្បាលក្នុងរយៈពេលមួយឆ្នាំ បើទោះជាគាត់មានភាពមមារញឹកនឹងកិច្ចការនៅក្រុមហ៊ុន Microsoft ប៉ុណ្ណាក៏ដោយ។
ក្រៅពីចូលចិត្តអានសៀវភៅ និងជាសហគ្រិនដ៏ល្បី ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ក៏ជាសប្បុរសជនដ៏លិចធ្លោមួយរូបផងដែរ ដែលបានបរិចាកប្រាក់ជំនួយរាប់លានដល់ជនទុរគត និងអ្នករងគ្រោះទុរភិកនានានៅជុំវិញសកលលោកតាមរយៈអង្គការ Bill & Melinda Gates Foundation ដែលលោកនិងប្រពន្ធរបស់លោកបានរួមគ្នាបង្កើតចាប់តាំងពីឆ្នាំ ២០០០ ក្នុងទំហំប្រាក់ប្រមាណជា ៥០.៧ ពាន់លានដុល្លារអាមេរិកជាទ្រព្យបញ្ចាំ។
ពីមួយសម័យកាលទៅមួយសម័យកាល ពិភពលោកកាន់តែមានការអភិវឌ្ឍ ហើយការគិតបញ្ច្រាស់គ្នារវាងមនុស្សក៏កាន់តែមានទំហំធំដែលអាចបង្កជាហេតុនាំឱ្យមានការបែកបាក់គ្នាយ៉ាងងាយស្រួយ។ ដូច្នេះវាទាមទារឱ្យមនុស្សចេះមើលឃើញពីតម្លៃគ្នា និងពួតដៃគ្នាដើរក្នុងផ្លូវវិជ្ជមានដើម្បីបញ្ជៀសសោកនាដកម្មដែលអាចទៅរួច។ ទន្ទឹមនឹងនេះ សៀវភៅប្រៀបបានជាផ្នែកសំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស រីឯលោក Bill Gates ក៏ចង់ឱ្យមនុស្សគ្រប់គ្នាបានអាន និងយល់អំពីខ្លឹមសារនៅក្នុងសៀវភៅទាំង ៤ ក្បាលនេះដែល Gates គិតថាវាអាចបន្ថែមគំនិតសុទិដ្ឋិនិយមដល់មនុស្សដែលកំពុងរស់នៅក្នុងពិភពលោកសម័យទំនើបនេះផងដែរ។
១. “Energy and Civilization: A History”
“Energy and Civilization: A History” គឺជាសៀវភៅដែលនិពន្ធដោយ Vaclav Smil និយាយអំពីប្រវតិ្តសាស្ត្ររបស់ពិភពលោក ការតភ្ជាប់ការប្រើប្រាស់ថាមពលទៅនឹងភាពរីកចម្រើនរបស់សេដ្ឋកិច្ច និងវប្បធម៌ក្នុងសង្គមសម័យបុរាណ។
២. “Enlightenment Now: The Case for Reason, Science, Humanism, and Progress”
“Enlightenment Now” ត្រូវបានតាក់តែងឡើងដោយ Steven Pinker សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅឯសកលវិទ្យាល័យ Harvard ដែលឆ្លុះបញ្ចាំងពីដើមកំណើតនៃការរីកលូតលាស់របស់ពិភពលោកក្នុងសម័យបុរាណ និងការវែកញែកឱ្យឃើញពីបញ្ហាសុភមង្គល ចំណេះដឹង សន្តិភាព សុវត្ថភាព ការរីកចម្រើន និងសុខមាលភាពដែលកំពុងមានវឌ្ឍនកម្មជុំវិញពិភពលោកនាសម័យបច្ចុប្បន្ន។
៣. “Factfulness”
សៀវភៅនេះចូលរួមនិពន្ធដោយកវី Hans Rosling, Ola Rosling, និង Anna Rosling Rönnlund។ “Factfulness” បរិយាយអំពីការស្វែងរកឫសគល់ថា ហេតុអ្វីបានជាមនុស្សនៅតែបន្តធ្វើខុសចំពោះបញ្ហាសាមញ្ញក្នុងការប្រឈមមុខជាមួយនឹងពិភពលោកនេះ។ ផ្ទុយពីការបង្កើតការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងការពិតជាក់ស្ដែង មនុស្សមួយចំនួនធំត្រូវបានរងឥទ្ធិពលដោយភាពលំអៀងទាំងមិនដឹងខ្លួន។ សៀវភៅនេះក៏បានឱ្យឃើញនូវសភាវគតិ ១០ ដែលរារាំងមនុស្សពីបង្វិលពិភពលោកទៅក្នុងទស្សនវិស័យ ដូចជារបៀបដែលមនុស្សផ្តោអារម្មណ៍ទៅនិងរបស់ដែលបំភ័យពួកគេ ឫក៏ប្រធានបទណាដែលមានទំហំទាក់ទាញ និងវិសាលភាពធំទូលាយ។
៤. “Sapiens”
“Sapiens” គឺជាសៀវភៅវិភាគអំពីប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល Harari និងនិយាយសង្ខេបអំពីប្រវត្តិសាស្ត្ររបស់មនុស្សក្នុងរយៈពេល ៧០,០០០ ឆ្នាំចុងក្រោយដែលត្រូវបានចងក្រងជាសាច់រឿងមួយដើម្បីពន្យល់ពីរបៀបដែលអំបូរមនុស្ស “អូម៉ូសាព្យាង” បានចូលមកកាន់កាប់លើភពផែនដី និងអំបូរមនុស្សដែលនឹងកើតមានបន្ទាប់ពីមនុស្សនាពេលបច្ចុប្បន្ន៕
ប្រភព៖ CNBC
