ប្រជាជនខ្មែរហាក់នៅតែចូលចិត្តប្រើ Credit Card ដើម្បីទិញទំនិញលើអនឡាញ ជាងប្រើ e-wallet

3105

បច្ចុប្បន្នប្រជាជនកម្ពុជាកាន់តែច្រើន ជាពិសេសក្រុមយុវវ័យ កាន់តែនិយមទិញទំនិញនៅលើគេហទំព័រផ្សេងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនទូទាត់សាច់ប្រាក់កាន់តែច្រើនបានបង្ហាញខ្លួននៅទីផ្សារកម្ពុជា ចំណែកធនាគារ និងក្រុមហ៊ុនវេរលុយក៏កំពុងតែអភិវឌ្ឍកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីបត់តាមចំណូលចិត្តរបស់អតិថិជន និងធ្វើឲ្យសេវាកម្មរបស់ពួកគេកាន់តែទំនើបផងដែរ។

ក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃក្នុងស្រុក PiPay បានបង្ហាញខ្លួនយ៉ាងកក្រើកនៅកម្ពុជា ដោយសារតែការផ្តល់ការបញ្ចុះតម្លៃរាល់ពេលអតិថិជនរបស់ខ្លួនទិញទំនិញនៅតាមហាងលក់ទំនិញ ហាងអាហារ ទិញសំបុត្រកុន និងទស្សនាកម្មវិធីធំ និងល្បីៗមួយចំនួន ហើយពេលខ្លះអតិថិជនរបស់ PiPay ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% ទៀតផង។

ក្រុមហ៊ុនផ្ទេរប្រាក់តាមទូរស័ព្ទដៃដ៏ធំ និងចំណាស់ជាងគេនៅកម្ពុជាដែលប្រជាជនខ្មែរស្គាល់ច្បាស់ជាងគេគឺ Wing ក៏បានអភិវឌ្ឍកម្មវិធីស្មាតហ្វូនវីងរបស់ខ្លួន ដើម្បីឲ្យអតិថិជនអាចបង់ប្រាក់លើថ្លៃទំនិញលើអនឡាញផងដែរ។

TrueMoney ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំមួយរបស់ប្រទេសថៃ បានចូលមកក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៦ ដោយឈរជើងយ៉ាងរឹងមាំ និងរីកចម្រើនយ៉ាងឆាប់រហ័សដោយប្រើបុគ្គលិកជំនាញកំពូលៗពីប្រទេសថៃ។

ក្រៅពីក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃខាងលើ នៅមានក្រុមហ៊ុនជាច្រើនទៀតដូចជា Smartluy, Ly Hour Pay Pro, PayGo, E-Cash, E-Money, Tesjor, Bongluy, Acleda Unity និង Asia Wei Luy ជាដើមផងដែរ។

ទន្ទឹមនឹងភាពរីកចម្រើននៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ប្រជាជនកម្ពុជាហាក់នៅតែពេញចិត្តនឹងប្រើកាតធនាគារដើម្បីទូទាត់ថ្លៃទំនិញនៅលើអនឡាញ ជាងប្រើកម្មវិធីកាបូបលុយអេឡិចត្រូនិកដែលភាសាបច្ចេកទេសហៅថា e-wallet នៅឡើយ។

លោក Bun David ជានិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មឆ្នាំទី៤ និងជាអ្នកនិយមទិញទំនិញលើគេហទំព័រផងនោះបានប្រាប់គេហទំព័រ apamat.com ថា នៅពេលលោកបញ្ជាទិញទំនិញផ្សេងៗនៅលើវេបសាយទាំងក្នុងស្រុក និងក្រៅស្រុក លោកតែងប្រើ Credit Card របស់ ធនាគារ ABA ព្រោះវាប្រើបានទូលំទូលាយ និងងាយស្រួយដោយសារខ្ញុំមានប្រាក់សន្សំនៅក្នុងធនាគារស្រាប់។ លោកបន្តថា បើប្រៀបធៀបជាមួយការប្រើកម្មវិធី e-wallet វាមានភាពសាំញាំជាងកាតធនាគារព្រោះភាគច្រើនប្រើបានតែបញ្ជាទិញនៅក្នុងស្រុក និងពិបាកបញ្ជូលលុយក្នុងគណនី។

កញ្ញា ឈីវ ប៉ូលីន ដែលជាអ្នកនិយមទិញទំនិញលើគេហទំព័រផងនោះ បានលើកឡើងថា ដំបូងកញ្ញាតែងប្រើកាតធនាគារ ក្រោយមកកញ្ញាក៏សាកល្បងប្រើកម្មវិធីទូទាត់ប្រាក់តាមអនឡាញដូចជា Wing និង PiPay ដោយសារតែទទួលបានការបញ្ចុះតម្លៃនៅពេលទៅញាំអីនៅតាមហាង ប៉ុន្តែកញ្ញាមិនបានប្រើវាដើម្បីបញ្ជាទិញទំនិញនោះទេ ហើយប្រើបានប៉ុន្មានដង អស់លុយពីគណនី កញ្ញាក៏ឈប់ចង់ប្រើវា ហើយទៅប្រើក្រដាសលុយសុទ្ធ និង credit card របស់ធនាគារវិញ។

ទោះបីជាការប្រើប្រាស់ e-wallet នៅកម្ពុជាមិនទាន់ទូលំទូលាយនៅកម្ពុជាក៏ដោយ តាមទស្សនរបស់គេហទំព័រ apamat.com វិស័យនេះនឹងរីកចម្រើនខ្លាំងក្នុងពេលដ៏ខ្លីខាងមុខ ត្បិតពេលនេះមានប្រជាជនចំនួនតិចនៅឡើយដែលចេះបញ្ជាទិញទំនិញនៅលើវេបសាយ ហើយពួកគេភាគច្រើនជាយុវវ័យ។ ម៉្យាងវិញទៀតក្នុងចំណោមយុវវ័យទាំងនោះ មិនសូវមានលុយសម្រាប់ដាក់នៅក្នុងគណនី e-wallet របស់ពួកគេនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។