ចិន (Business Insider) ៖ កាលពីថ្ងៃអាទិត្យ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba បានធ្វើការប្រារព្ធពិធី Singles’ Day ដើម្បីធ្វើការអបអរសារទរកំណើននៃការកើនឡើងនូវការលក់របស់ក្រុមហ៊ុន។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុនបានប្រាប់មហាជនថា អតិថិជនចំណាយប្រាក់ប្រមាណ ៣០.៨ពាន់លានដុល្លារលើការទិញទំនិញនៅលើអ៊ីនធឺណិតក្នុងរយ:ពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ នេះបើធៀបទៅនឹងបរិមាណទំនិញសរុបដែលអតិថិជនរបស់ក្រុមហ៊ុន Alibaba បានចំណាយកាលពីឆ្នាំ ២០១៧ គឺមានត្រឹមតែ ២៥.៣ ពាន់លានដុល្លារទេ។
ការប្រារព្ធពិធី Singles’ Day របស់ក្រុមហ៊ុន Alibaba បានបង្ហាញអំពីសក្តានុពលខ្លាំងខ្លាក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនក្នុងប្រទេសចិន ខណៈអតិថិជនភាគច្រើនគឺជាប្រជាជនចិន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Alibaba ក៏បានបញ្ចូលនូវព្រឹត្តិការណ៍ Singles’ Day នេះ ទៅក្នុងបណ្តាប្រទេសមួយចំនួនលើពីភពលោក តាមរយ:គេហទំព័រ Alibaba រួមទាំង Taobao.com និង Tmall.com ផងដែរ ។
ត្រឹមតែរយ:ពេល ២៤ ម៉ោងតែប៉ុណ្ណោះ ការបញ្ជាទិញទំនិញនៅលើគេហទំព័រ Alibaba បានកើនឡើងច្រើនជាងមួយពាន់លានដុល្លារដង ហើយវាក៏ជាលើកដំបូងដែលក្រុមហ៊ុន Alibaba បានបញ្ចេញទំនិញរាប់លានកញ្ចប់នៅក្នុងថ្ងៃ Singles’ Day នេះ។ នៅថ្ងៃខែដ៏ដែលកាលពីឆ្នាំមុន គឺមានតែការបញ្ជាទិញតែ ៨១២ លានដងតែប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារស្រាវជ្រាវ Adobe Analytics Data បានសរុបការលក់អនឡាញរបស់ក្រុមហ៊ុន Alibaba នៅថ្ងៃ Black Friday ដែលជាថ្ងៃប្រារពពីធីលក់រាយរបស់អាមេរិកក្នុង ឆ្នាំ ២០១៧ មានចំនួន ៥ ពាន់លានដុល្លារ។
នាយកក្រុមហ៊ុន Alibaba លោក Michael Evans បានប្រាប់សារព័ត៌មាន Business Insider ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា “គ្រប់ទីកន្លែងដែលខ្ញុំទៅ ដែលវាសុទ្ធសឹងជាកន្លែងល្បីៗនៅទូទាំងពិភពលោក គឺមនុស្សភាគច្រើនសុទ្ធតែដឹងអំពីថ្ងៃ ១១ខែ១១ ដែលជាថ្ងៃប្រារព្ធពិធីលក់ Single’ day ដ៏ធំរបស់ក្រុមហ៊ុន Alibaba។ លោកបានបន្ថែមទៀតថា មានមនុស្សជាច្រើនបានសួរសំណួរថា តើយើងអាចចូលរួមនៅឆ្នាំក្រោយបានយ៉ាងដូចម្តេច? មនុស្សភាគច្រើនហាក់បីដូចជា ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ Alibaba Singles’ Day។ ខ្ញុំគិតថារឿងមួយដែលធ្វើឲ្យពួកគេមានចំណាប់អារម្មណ៍ គឺដោយសារតែពួកគេបានដឹង និងធ្លាប់ចូលរួមព្រឹត្តិការណ៍ Black Friday និង Cyber Monday ដែលជាព្រឹត្តិការណ៍លក់ដ៏ធំមួយក្នុងពីភពលោក ហើយព្រឹត្តិការណ៍ Alibaba Singles’ Day ក៏ស្រដៀងទៅព្រឹត្តិការណ៍ទាំងនោះដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba មានបរិមាណទំនិញសរុបដែលក្រុមហ៊ុនបានលក់ក្នុងរយ:ពេលតិចជា ១០ នាទីបន្ទាប់ពីបិទព្រឹត្តិការណ៍ Alibaba Singles’ Day មានចំនួន ៤.៦៨ ពាន់លានដុល្លារ នេះបើធៀបទៅនឹងព្រឹត្តិការណ៍ Amazon Prime Day គឺក្រុមហ៊ុន Alibaba មានការលក់ទេ្វរដង៕
