គុណសម្បត្តិនៃការចូលហ៊ុនរកស៊ីជាមួយក្រុមគ្រួសារ

2954

ការរកស៊ីជាមួយក្រុមគ្រួសារសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់របស់វា ហើយថ្ងៃនេះ Apamat នឹងបង្ហាញនូវគុណសម្បត្តិចំនួនប្រាំមួយសម្រាប់អ្នកអានយកទៅពិចារណាបើសិនជាអ្នកចង់ចាប់ដៃរកស៊ីជាមួយក្រុមគ្រួសារខ្លួន។ សម្រាប់គុណវិប្បត្តិវិញខាងក្រុមការងារនឹងបកស្រាយជូនអ្នកអាននៅថ្ងៃស្អែក។
១.យល់ដឹងពីគ្នាច្រើន៖ បើនិយាយពីទំនាក់ទំនងក្នុងគ្រួសារវិញគឺអ្នកដឹងពីសមាជិកគ្រួសារច្រើន ដឹងពីអត្តចរិតរបស់ពួកគេ ហើយថែមទាំងដឹងថាត្រូវប្រាស្រ័យទាក់ទងនឹងគ្នាតាមរបៀបណាទើបល្អ ដែលខុសពីអ្នកស្គាល់គ្នាឬមិត្តភក្កិដែលយើងមិនសូវជាបានជួបមុខនិយាយគ្នាប្រចាំថ្ងៃដូចក្រុមគ្រួសារ។ នៅពេលមានបញ្ហាអ្នកដឹងពីវិធីដោះស្រាយជាមួយសមាជិកគ្រួសារបានងាយស្រួល ខណៈជាមួយអ្នកដទៃពេលមានបញ្ហាហើយអាចនាំបាត់បង់នូវមិត្តភាពជាមួយគេទៀត។
២.មានការអនុគ្រោះច្រើនជាង៖ បើយើងរកស៊ីជាមួយមិត្តភក្កិនោះពេលមានការសំខាន់ឬបន្ទាន់អ្វីហើយត្រូវអវត្តមាននៅក្នុងការរកស៊ីគឺយើងអាចនឹងខ្លាចចិត្តគេ ប៉ុន្ដែបើជាមួយក្រុមគ្រួសារវិញគឺពួកគាត់ដឹងពីទុក្ខធុរៈរបស់យើងហើយមិនរករឿងអូសដំណើរវែងឆ្ងាយឡើយ។
៣.មិនមើលបំណាាំគ្នា៖ ដូចចំនុចទីពីរអញ្ចឹងដែរ ជាមួយអ្នកដទៃគេនឹងមើលថាតើយើងប្រឹងធ្វើការប៉ុណ្ណាគេអាចនឹងធ្វើប៉ុណ្ណឹងដែរ តែជាមួយគ្រួសារវិញគឺពួកគាត់មិនច្រណែនច្រើនថានរណាធ្វើច្រើនឬធ្វើតិច និយាយរួមគឺប្រឹងធ្វើការយ៉ាងណាអោយរីកចម្រើនទាំងអស់គ្នា។
៤.បរិយាកាសធ្វើការល្អជាង៖ បើធ្វើការជាមួយអ្នកដទៃអ្នកអាចនឹងក្លាយចិត្តគេមិនហ៊ាននិយាយពីនេះពីនោះច្រើន ឬខ្លះណាសឹងតែមិនហ៊ានហូបអីនៅកន្លែងផងក៏ថាបាន តែចំពោះគ្រួសារវិញគឺអ្នកមានអារម្មណ៍ល្អនឹងធ្វើការជាមួយជាងព្រោះសុទ្ធតែជាសាច់ឈាមនឹងគ្នាមិនប្រកាន់ច្រើនដូចអ្នកដទៃទេ។
៥.មិនសូវមានសម្ពាធ៖ ដោយសារយើងសុទ្ធតែជាបងប្អូន ដូចនេះហើយនៅពេលការរកស៊ីមិនលឿនតាមគោលដៅកំណត់ក៏អ្នកនៅតែយោគយល់គ្នាបានមិនមែនចេះតែបង្ខំអោយធ្វើយ៉ាងណាអោយការលក់បានដល់គោលដៅកំណត់ហើយទាន់ពេលទេព្រោះជាក់ស្ដែងវាមិនមែនត្រូវតាមគម្រោងទាំងអស់នោះទេ ក្រៅពីនេះយើងក៏មិនសង្ស័យពីគ្នាទៅវិញទៅមកលើរឿងលុយកាក់ដែរ។
៦.មិនពិបាករកដៃគូរវិនិយោគ៖ វាមានភាពងាយស្រួលជាងឆ្ងាយសម្រាប់ការចាប់ផ្ដើមអាជីវកម្មជាមួយក្រុមគ្រួសារព្រោះយើងដឹងពីចំនុចល្អនិងចំនុចខ្វះខាតរៀងៗខ្លួន ហើយក្រៅពីនេះអ្នកជិតដិតនឹងគ្នានិងទុកចិត្តគ្នាច្រើនជាងអ្នកដទៃទៀតផង។ សម្រាប់ការរកស៊ីជាមួយអ្នកដទៃវិញ មិនមែនថាគ្មានមនុស្សដែលយើងអាចទុកចិត្តបានទេ តែទម្រាំតែរកបានត្រូវការពេលយូរហើយការធ្វើការរកស៊ីជាមួយពួកគេអាចនឹងមានសម្ពាធជាង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។